Sunday, November 13, 2016

អ្នក​ភូមិ​បារម្ភ​ខ្លាច​ជន​ខិលខូច​លួច​គាស់​យក​គល់​គ្រញូង​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ

ក្រុម​និស្សិត និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ឈរ​មើល​គល់​គ្រញូង​ដែល​អាជ្ញាធរ​អប្សរា​កាប់​រំលំ ឋិត​នៅ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth

រហូត​មក​ដល់​ពេល​នេះ រឿង​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​កាប់​រំលំ​នោះ គឺ​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ។ អ្នក​ភូមិ​នគរក្រៅ និង​ប្រជាពលរដ្ឋ ព្រម​ទាំង​និស្សិត​មក​ពី​ច្រើន​មជ្ឈដ្ឋាន នៅ​តែ​នាំ​គ្នា​ទៅ​មើល​គល់​គ្រញូង ហើយ​ថត​យក​រូបភាព​បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នក​ខ្លះ​ទៀត​យក​ទៅ​ចងក្រង​ធ្វើ​ជា​ឯកសារ​ទៀត​ផង។

តើ​ក្រុម​ប្រជាពលរដ្ឋ​យល់​យ៉ាង​ណា​ចំពោះ​ការ​កាប់​រំលំ​ដើម​គ្រញូង ១​ដើម​នោះ?

ក្រុម​អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ព្រម​ទាំង​និស្សិត​មក​ពី​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន ព្រួយ​បារម្ភ​ខ្លាច​គល់​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​ដែល​នៅ​ជាប់​នឹង​ដី​ក្នុង​តំបន់​ឧទ្យាន​អង្គរធំ ត្រូវ​ជន​ខិលខូច​លួច​បាត់​នៅ​ពេល​ណា​មួយ ខណៈ​ដែល​ដើម​របស់​វា​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​ទៅ​ហើយ​នោះ។

ប្រជាពលរដ្ឋ និង​និស្សិត​យល់​ឃើញ​ដូច​គ្នា​ថា ប្រសិន​បើ​ជន​ខិលខូច​លួច​ទៅ​គាស់​គល់​គ្រញូង​នោះ​យក​ទៅ​ជួញដូរ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​កន្លែង​សម្គាល់​របស់​ឈើ​ដ៏​មាន​តម្លៃ​នោះ​ទេ គឺ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខូចខាត​ទៅ​ដល់​ថ្ម​បុរាណ​ជាច្រើន​ដុំ​ដែល​នៅ​ជាប់​គ្នា​នោះ​ដែរ។

ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​គល់​គ្រញូង ១​ដើម​នោះ ជា​រៀង​រាល់​ថ្ងៃ ទាំង​អ្នក​ភូមិ​នគរក្រៅ និង​មហាជន​មក​ពី​ឆ្ងាយ តែង​នាំ​គ្នា​ចូល​ទៅ​មើល​គល់​គ្រញូង​នោះ​ជា​ហូរហែ។

បុរស​អ្នក​ភូមិ​នគរក្រៅ ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត​ដែល​ឧស្សាហ៍​ទៅ​អង្គុយ​មើល​គល់​គ្រញូង​នោះ គឺ​លោក កុយ ម៉ុម។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គេ​កាប់​ដើម​គ្រញូង​ដែល​ពួក​លោក​តែង​គោរព​បូជា​មក គឺ​លោក​សម្រាន្ត​ពេល​យប់​មិន​ដែល​លក់​ទេ ចេះ​តែ​នឹក​មមៃ​ទៅ​ដល់​គល់​គ្រញូង​ដែល​សល់​នៅ​នឹង​មាត់​កស្សិណ​អង្គរធំ​នោះ។ លោក​ខ្លាច​ជន​ខិលខូច​នាំ​គ្នា​ទៅ​លួច​គាស់​យក​ទៅ​លក់​បាត់​ទៀត៖ «អត់​ដែល​ដេក​លក់​ទេ ខ្ញុំ​គ្រុន​ឡើង​ស្គម​ដោយសារ​តែ​ឈើ​នេះ។ ខ្ញុំ​ចង់​ឲ្យ​សមត្ថកិច្ច ឬ​ក៏​អាជ្ញាធរ​ជួយ​ធ្វើ​ជា​រោង​នៅ​កន្លែង​គល់​គ្រញូង​នោះ ដើម្បី​ការពារ​វា»។

ប្រភព​ពី​អ្នក​ធ្លាប់​ជួញដូរ​ឈើ​គ្រញូង​ឲ្យ​ដឹង​ថា គល់​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ​ដែល​នៅ​ជាប់​នឹង​ដី​នោះ ប្រសិន​បើ​ជន​ខិលខូច​លួច​គាស់​យក​ទៅ​លក់ យ៉ាង​ហោច​ណាស់​ក៏​មាន​តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

និស្សិត​ខ្លះ​មក​ពី​សាកលវិទ្យាល័យ បៀល ប្រាយ (Build Bright) ក្នុង​ខេត្ត​សៀមរាប បាន​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​គល់​គ្រញូង​ដែល​នៅ​សេសសល់​នោះ។ ពួក​គេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​ឈើ​ពិសិដ្ឋ ១​ដើម​នេះ​បាន​ដុះ​នៅ​ជាប់​គ្នា​នឹង​ថ្ម​បុរាណ​ជាច្រើន​ដុំ។

និស្សិត​ផ្នែក​ទេសចរណ៍​មក​ពី​សាកលវិទ្យាល័យ បៀល ប្រាយ (Build Bright) លោក លាក់ តុលា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​កាប់​បំផ្លាញ​គ្រញូង ១​ដើម​ដែល​មាន​អាយុ​ជាង ២០០​ឆ្នាំ​នេះ ហើយ​លោក​ក៏​ព្រួយ​បារម្ភ​ចំពោះ​គល់​របស់​វា​ដែល​នៅ​ក្នុង​ព្រៃ​នៅ​ឡើយ​ដែរ៖ «បេតិកភណ្ឌ​មួយ​ហ្នឹង គឺ​វា​មាន​អាយុកាល​ច្រើន​មែន​ទែន ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ក្នុង​នាម​ជា​អាជ្ញាធរ​ជា​ប៉ូលិស ហេតុ​អ្វី​បាន​ជា​ដើម​ឈើ​មួយ​ការពារ​មិន​បាន ចុះ​ទម្រាំ​ប្រទេស​ជាតិ​អាច​ការពារ​បាន​ដែរ?»។

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ និង​និស្សិត​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា ១​ក្រុម បាន​ទៅ​កាប់​រំលំ​ដើម​គ្រញូង​នេះ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា កន្លង​ទៅ ក្រោម​ហេតុផល​ថា ដោយសារ​តែ​ជន​ខិលខូច​បាន​លួច​ទៅ​អារ​ជិត​ដាច់​ទៅ​ហើយ ខ្លាច​ក្រែង​រលំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ បៀល ប្រាយ ម្នាក់​ទៀត លោក សេង ស៊ុនថៃ មាន​ប្រសាសន៍​ថា គ្រញូង គឺ​ជា​ប្រភេទ​ឈើ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ផែនដី​ទៅ​ហើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​ព្រួយ​បារម្ភ​ចំពោះ​គល់​គ្រញូង​ដែល​នៅ​សេសសល់​ទៀត​នោះ គឺ​គួបផ្សំ​ជាមួយ​នឹង​ថ្ម​ប្រាសាទ​បុរាណ​ដែល​នៅ​ជាប់​គ្នា​នេះ។ លោក សេង ស៊ុនថៃ ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ជន​ខិលខូច​លួច​គាស់​យក​គល់​គ្រញូង​នេះ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​បុរាណ​ជាច្រើន​ដុំ​ទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ឲ្យ​ដិតដល់​ទេ៖ «តាម​បទពិសោធន៍​ដែល​ខ្ញុំ​បាន​សិក្សា​ផ្នែក​ទេសចរណ៍ គឺ​ថ្ម​ប្រាសាទ និង​ឈើ​ធម្មជាតិ វា​មាន​ការ​ទំនាក់ទំនង​គ្នា មិន​អាច​អត់​មួយ​ណា​បាន​ទេ បើ​បាត់​គល់​គ្រញូង​នេះ គឺ​ប្រាកដ​ជា​ខូចខាត​ថ្ម​ប្រាសាទ»។

តាំង​តែ​ពី​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​មក ឈើ​ជាច្រើន​កំណាត់​ត្រូវ​អាជ្ញាធរ​ខេត្ត​សៀមរាប ដឹក​យក​ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ភូមិ​នគរក្រៅ វិញ ដោយ​រក្សា​ទុក​នៅ​ក្នុង​ទី​វត្ត​ដំរីសែនជ័យ។ បច្ចុប្បន្ន ទាំង​កំណាត់ និង​គល់​ឈើ​គ្រញូង​នោះ សុទ្ធតែ​ត្រូវ​អ្នក​ភូមិ​ទៅ​អុជ​ធូប​គោរព​សក្ការៈ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា បច្ចុប្បន្ន អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ និង​នគរបាល​ប៉ុស្តិ៍​គោកចក ត្រូវ​យាម​ការពារ​គល់​គ្រញូង​នៅ​ពេល​យប់ ចំណែក​ឯ​ពេល​ថ្ងៃ គឺ​ប្រគល់​តួនាទី​ទៅ​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ដើរ​ល្បាត​ការពារ។ លោក គឹម ឆៃហៀង បញ្ជាក់​ទៀត​ថា តាម​អាជ្ញាធរ​ខេត្ត​សៀមរាប គឺ​មាន​គម្រោង​សាងសង់​ជា​អាសនៈ​ព័ទ្ធ​ដោយ​របង​នៅ​កន្លែង​គល់​គ្រញូង​នោះ ដើម្បី​ទុក​ឲ្យ​អ្នក​ភូមិ​ទៅ​គោរព​បូជា ក៏ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា គម្រោង​ធ្វើ​អាសនៈ​នោះ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​ណា​ច្បាស់លាស់​ទេ៖ «អភិបាល​ខេត្ត​សៀមរាប លោក​បាន​លើក​ឡើង​ថា​នឹង​ធ្វើ​អាសនៈ ហើយ​នឹង​យក​កំណាត់​ឈើ​គ្រញូង​នោះ ២​កំណាត់​ទៅ​ឆ្លាក់​ធ្វើ​ជា​ព្រះ​បដិមា​យក​ទៅ​ដាក់​នៅ​កន្លែង​គល់ ទុក​ឲ្យ​អ្នក​ភូមិ​គោរព​ផង»។

បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​កាប់​ឈើ​គ្រញូង ១​ដើម​នោះ​មក កន្លែង​ដើម​គ្រញូង​នោះ​ត្រូវ​បាន​គេ​បង្ហូរ​ទឹក​ចូល​ទៅ​លិចលង់​កន្លែង​ដែល​ដើម​គ្រញូង​រំលំ​ដួល​នោះ​អស់​ហើយ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ក្រោយ​ពី​មាន​ការ​កាប់​រំលំ​ឈើ​គ្រញូង ១​ដើម​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​បាន​រយៈពេល ៤​ថ្ងៃ​មក តុលាការ​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន ព្រម​ទាំង​ចោទ​ប្រកាន់​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ម្នាក់ ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​ម្នាក់ ព្រម​ទាំង​បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា ៣​នាក់​ផ្សេង​ទៀត ពី​បទ​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​ជាប់​លំដាប់ ដែល​មិន​ទាន់​គ្រប់​ទំហំ​ឲ្យ​កាប់​រំលំ និង​បំផ្លាញ​ប្រភេទ​ឈើ​ដែល​កម្រ​តាម​មាត្រា​៩៨ ចំណុច​៥ នៃ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ ព្រម​ទាំង​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​៥ នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន៕

No comments:

Post a Comment