រដ្ឋបាលព្រៃឈើយកដើមគ្រញូងដែលមន្ត្រីអាជ្ញាធរអប្សរាកាប់រំលំរក្សាទុកបណ្ដោះអាសន្ន
ករណីមន្ត្រីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរអប្សរា កាប់រំលំឈើគ្រញូងមួយដើមមានអាយុជាង ២០០ឆ្នាំនៅក្នុងឧទ្យានអង្គរធំនោះ នៅតែជារឿងដ៏ក្តៅគគុក ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋនៅភូមិនគរក្រៅ ព្រមទាំងមជ្ឈដ្ឋានជាច្រើនទៀតដែលលេងតាមបណ្ដាសង្គមហ្វេសប៊ុក (Facebook) ផង។
មន្ត្រីជំនាញផ្នែកការពារព្រៃឈើ ឲ្យដឹងថា ច្បាប់បានចាត់ទុកឈើគ្រញូងជាឈើកម្រ ហើយមានតម្លៃ ប្រសិនបើជនណាកាប់បំផ្លាញ គឺអាចនឹងត្រូវច្បាប់ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី ១០លានទៅ ១០០លានរៀល។
មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថាន កំពុងធ្វើកំណត់ហេតុសាក្សី ដើម្បីចងក្រងជាឯកសារបញ្ជូនទៅឲ្យអាជ្ញាធរខេត្តសៀមរាប ធ្វើការសម្រេចចិត្តទៅលើករណីដែលមន្ត្រីអាជ្ញាធរអប្សរា អាររំលំឈើគ្រញូងមួយដើមដែលមានអាយុជាង ២០០ឆ្នាំ ក្នុងឧទ្យានអង្គរធំនោះ ថាតើគួរតែបញ្ជូនសំណុំរឿងទៅកាន់ទៅតុលាការ ឬក៏យ៉ាងណា?
នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី គឺលោក ម៉ុង ប៊ុនលីម។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ថា មន្ត្រីរបស់លោកដែលសហការជាមួយមន្ទីរបរិស្ថាន ព្រមទាំងកម្លាំងយោធាខ្លះ បាននាំយកឈើគ្រញូងមុខកាត់ទំហំ ៩តឹក និងកម្ពស់ ១៥ម៉ែត្រនោះ ទៅរក្សាទុកជាបណ្ដោះអាសន្នហើយកាលពីរាត្រីថ្ងៃទី៦ ខែវិច្ឆិកា។ លោក ម៉ុង ប៊ុនលីម បញ្ជាក់ថា មន្ត្រីរបស់លោកក៏កំពុងធ្វើកំណត់ហេតុនានាជុំវិញការកាប់រំលំដើមគ្រញូងអាយុជាង ២០០ឆ្នាំ នៅក្នុងឧទ្យានអង្គរធំនោះ ដើម្បីដាក់ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តសៀមរាប ឲ្យមានចំណាត់ការផ្លូវច្បាប់បន្ត៖ «ស៊ើបអង្កេតនោះនឹងបន្តទៀត កសាងសំណុំរឿងដើម្បីវែកមុខរកជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់»។
កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ជាច្រើននាក់បានខឹងសម្បាយ៉ាងខ្លាំង ហើយលើកគ្នាទៅកាន់កន្លែងដើមគ្រញូងមួយដើម ដែលពួកគេតែងតែគោរពបូជា។ ក្រុមអ្នកភូមិចោទប្រកាន់មន្ត្រីការិយាល័យបរិស្ថាន និងទេសភាពវប្បធម៌របស់អាជ្ញាធរអប្សរា ថាជាអ្នកអាររំលំដើមគ្រញូងនោះ ដោយមានបុរសម្នាក់ឈ្មោះ ចេវ ផល ជាអ្នកបញ្ជា។ ចំណែកមន្ត្រីអាជ្ញាធរអប្សរាវិញ បានព្យាយាមឆ្លើយតបចំពោះការចោទប្រកាន់នោះដោយការពារខ្លួន។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល ទទួលស្គាល់ថា ឈើគ្រញូងមួយដើមនៅក្នុងឧទ្យានអង្គរធំនោះ គឺពិតជាមន្ត្រីការិយាល័យបរិស្ថាននៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌របស់អាជ្ញាធរអប្សរា កាប់មែន។ មូលហេតុដែលកាប់នោះ ដោយសារតែកាលពីថ្ងៃទី៤ ខែវិច្ឆិកា មានជនខិលខូចទៅលួចកាប់ជិតដាច់ទៅហើយ។
លោក ឡុង កុសល បង្ហាញការជឿជាក់ថា មន្ត្រីអាជ្ញាធរអប្សរាដែលធ្វើការងារផ្នែកគ្រប់គ្រងព្រៃឈើនោះ ក៏មានវិជ្ជាជីវៈ និងមនសិការខ្ពស់ដែរ មិនមែនឲ្យតែឃើញដើមគ្រញូង ចេះតែកាប់ៗនោះទេ៖ «បើទុកនៅទីនោះទៀត បើខ្យល់ខ្លាំងដើមនោះប្រាកដជាបាក់ ហើយបើបាក់ មិនដឹងថាត្រូវសង្កត់មនុស្ស ឬក៏ទ្រព្យសម្បត្តិសាធារណៈអ្វីឡើយ»។
លោក ឡុង កុសល បញ្ជាក់ទៀតថា បន្ទាប់ពីការកាប់រំលំរួច គឺអាជ្ញាធរអប្សរាបានធ្វើលិខិតស្នាមប្រគល់ឈើនោះទៅឲ្យក្រុមប្រឹក្សាសង្កាត់គោកចក ត្រឹមត្រូវ។
ក៏ប៉ុន្តែចៅសង្កាត់ស្ដីទីនៃសង្កាត់គោកចក អ្នកស្រី យឹម ផល្លី បានបដិសេធថា កាលពីមន្ត្រីអាជ្ញាធរអប្សរាកាប់ឈើគ្រញូងនោះ មិនមានប្រាប់សង្កាត់ឲ្យដឹងទេ។ អ្នកស្រី យឹម ផល្លី បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានក្រុមប្រឹក្សាសង្កាត់គោកចក ឬក៏មេភូមិណាមួយបានចុះហត្ថលេខាទទួលស្គាល់សកម្មភាពកាប់ឈើគ្រញូងដោយមន្ត្រីអាជ្ញាធរអប្សរានោះទេ។
មន្ត្រីរដ្ឋបាលព្រៃឈើ ឲ្យដឹងថា យោងតាមច្បាប់គ្រប់គ្រងព្រៃឈើ និងបទបញ្ជា០២ របស់រដ្ឋាភិបាល ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ដីពីការទប់ស្កាត់ ការបង្ក្រាប ដឹកជញ្ជូន ស្ដុកទុក និងនាំចេញឈើគ្រញូង បានចាត់ទុកឈើប្រភេទនេះជាឈើកម្រ និងមានតម្លៃបំផុត។ ជនណាដែលកាប់ឈើគ្រញូង អាចនឹងមានទោសជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី ១០លានទៅ ១០០លានរៀល។
ទោះបីជាយ៉ាងណា មកទល់ពេលនេះ នៅមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងនឹងមន្ត្រីអាជ្ញាធរអប្សរា ដែលពាក់ព័ន្ធនឹងការកាប់ដើមគ្រញូងនោះយ៉ាងណានៅឡើយទេ៕
No comments:
Post a Comment