គ្រួសារកុមារីដែលមន្ត្រីប៉ូលិសខេត្តព្រះសីហនុចាប់រំលោភកំពុងរង់ចាំយុត្តិធម៌
ឪពុកកុមារីរងគ្រោះដោយរំលោភផ្លូវភេទប្រព្រឹត្តដោយអតីតមន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ជួយអន្តរាគមន៍ចាប់ជនល្មើសយកទៅផ្ដន្ទាទោស។ បញ្ហានេះទាំងមន្ត្រីសង្គមស៊ីវិល និងឪពុកកុមារីរងគ្រោះបានឲ្យដឹងថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនល្មើសរំលោភផ្លូវភេទ ឈ្មោះ កង សុផាត ទេ ហើយរាល់ថ្ងៃនេះ ជននេះកំពុងរស់នៅមានសេរីភាពដើរហើរជាធម្មតានៅខេត្តព្រះសីហនុ។
ឪពុកកុមារីរងគ្រោះ លោក យ៉ង ប៊ុនលី មានលំនៅឋានក្នុងក្រុមទី៩ ភូមិ៣ សង្កាត់៣ ក្រុង និងខេត្តព្រះសីហនុ ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី ដឹងថា គ្រួសារគាត់បានទន្ទឹងរង់ចាំការផ្ដល់យុត្តិធម៌ពីប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ជូនកូនស្រីរបស់លោក បានអូសបន្លាយពេលជាង ៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ទទួលបានយុត្តិធម៌ទេ។
លោក យ៉ង ប៊ុនលី បញ្ជាក់ថា កូនស្រីលោកដែលទើបមានអាយុ ១១ឆ្នាំ ត្រូវឈ្មោះ កង សុផាត ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់រំលោភកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០។ ប៉ុន្តែគិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនល្មើសនៅមានសេរីភាពដើរហើរក្រៅសំណាញ់ច្បាប់ ទោះបីតុលាការកំពូលសម្រេចចេញសាលដីកាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឲ្យជនល្មើសឈ្មោះ កង សុផាត ជាប់គុក ៥ឆ្នាំ និងពិន័យប្រាក់ ៤០លានរៀលបែបណាក្ដី។
ឪពុកកុមារីរងគ្រោះ លោក យ៉ង ប៊ុនលី បង្ហាញការហួសចិត្តជាថ្មីទៀតទៅលើសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដែលបានលុបចោលដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនជនល្មើសឈ្មោះ កង សុផាត ដែលសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បង្គាប់ឲ្យចាប់ និងឃុំខ្លួនកាលពីខែកុម្ភៈ។
ផ្ដើមពីបញ្ហានេះ លោក យ៉ង ប៊ុនលី បានអំពាវនាវដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័នមួយចំនួនឲ្យមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា គឺអ្នកស្រី ប៊ុន រ៉ានី ជួយអង្កេតតាមដានសំណុំរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទដែលជនប្រព្រឹត្តល្មើសឈ្មោះ កង សុផាត ដើម្បីផ្ដល់យុត្តិធម៌ជូនកូនស្រីរបស់លោកមានអាយុ ១១ឆ្នាំ ដែលត្រូវជនល្មើសរូបនេះល្បួងរំលោភ៖ «រឿងនេះគឺមានភាពអយុត្តិធម៌សម្រាប់ក្រុមគ្រួសារខ្ញុំជាខ្លាំង ដូច្នេះសូមសម្ដេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ជួយដល់គ្រួសារខ្ញុំផង»។
ឯកសារសាលាដំបូងខេត្តព្រះសីហនុ សាលាឧទ្ធរណ៍ និងតុលាការកំពូល បានបង្ហាញថា សំណុំរឿងព្រហ្មទណ្ឌរំលោភសេពសន្ថវៈអនីតិជន ប្រព្រឹត្តនៅភូមិ៣ សង្កាត់៣ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ តុលាការពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានប្រកាសសាលក្រមលើសំណុំរឿងនេះកាត់ឲ្យជនត្រូវចោទឈ្មោះ កង សុផាត ជាអតីតមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានទោសជាប់គុក ៥ឆ្នាំ និងពិន័យប្រាក់ ៤០លានរៀលទៅឲ្យកុមារីរងគ្រោះ។
ត្រង់ចំណុចនេះ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនប្រចាំខេត្តព្រះសីហនុ មានអង្គការលីកាដូ (LICADHO) និងសមាគមអាដហុក (ADHOC) ជាដើម បានលើកជាចម្ងល់ថា បទល្មើសព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជនមួយករណីនេះ ហេតុអ្វីតុលាការអាចអនុញ្ញាតឲ្យជនល្មើសឈ្មោះ កង សុផាត មានសេរីភាពនៅក្រៅមន្ទីរឃុំឃាំងបានទៅវិញ។
អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មានមន្ទិលថា សំណុំរឿងក្ដីរំលោភផ្លូវភេទអនីតិជនដែលជនប្រព្រឹត្តល្មើសឈ្មោះ កង សុផាត និងមានតួនាទីជាអតីតនគរបាលខេត្តព្រះសីហនុ ទំនងជាអាចមានភាពមិនប្រក្រតីអ្វីមួយ ឬសំណូកពុករលួយក៏ថាបាន ទើបជនល្មើសរូបនេះមិនត្រូវបានចាប់ខ្លួន។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យជួយតាមដានដំណើរការលើសំណុំរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទកុមារីទើបមានអាយុ ១១ឆ្នាំ ដើម្បីផ្ដល់យុត្តិធម៌ជូនកុមារីរងគ្រោះ ហើយដែលសំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនល្មើសបានបន្តរស់នៅមានសេរីភាពរហូតមកដល់ពេលនេះ៖ «ឪពុកជនរងគ្រោះបាននិយាយប្រាប់ខ្ញុំថា នៅពេលដែលគាត់ទៅអង្គុយស្ដាប់ក្នុងសវនាការនៅតុលាការកំពូលហ្នឹង គឺតុលាការកំពូល បាននិយាយច្បាស់ណាស់ថា តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ហើយអនុវត្តដីកាចាប់ខ្លួន ឃុំខ្លួនជនល្មើសឈ្មោះ កង សុផាត ដាក់ពន្ធនាគារទៅតាមច្បាប់។ ប៉ុន្តែនៅពេលតុលាការកំពូល ចេញសម្រង់សាលដីការបស់តុលាការកំពូលជាលាយលក្ខណ៍អក្សរ ស្រាប់តែឃើញគេដាក់ថា លុបចោលមិនឲ្យចាប់ខ្លួន ឃុំខ្លួនជនល្មើស ដាក់ពន្ធនាគារទៅវិញ»។
ចំណែកអ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ ចាត់ទុកថា ដំណើរការក្ដីរឿងព្រហ្មទណ្ឌមួយនេះ មានភាពអយុត្តិធម៌ចំពោះកុមារីរងគ្រោះ។
ទាក់ទិនបញ្ហានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ មានចុះហត្ថលេខា និងបោះត្រា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះអនុសេនីយ៍ទោ កង សុផាត មានតួនាទីនាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងសង្គម នៃការិយាល័យសន្តិសុខផ្ទៃក្នុង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយដកហូតមុខតំណែងឋានន្តរសក្ដិ និងបណ្ដេញផុតចេញពីក្រមខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារល្មើសពីវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានការវិវត្តន៍ថ្មី លើសំណុំរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជនដែលមានជនល្មើសឈ្មោះ កង សុផាត នេះទេ ព្រោះកន្លងមកជនល្មើសរូបនេះ បានរត់ចេញពីផ្ទះគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។
លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា នឹងពិនិត្យទៅលើដីកាសម្រេចរបស់តុលាការកំពូល ទៅលើសំណុំរឿងព្រហ្មទណ្ឌ ដែលជនប្រព្រឹត្តល្មើសឈ្មោះ កង សុផាត ជាអតីតកម្លាំងនគរបាលក្រោមឱវាទនេះ ដើម្បីឈានដល់អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព៖ «យើងនឹងអនុវត្តទៅតាមដីការបស់តុលាការ ព្រោះកន្លងមកជនល្មើសឈ្មោះ កង សុផាត នេះបានគេចចេញពីមូលដ្ឋាននេះ។ យើងនឹងពិនិត្យមើលសាលដីកាទៅលើជនល្មើសនេះជាបន្តទៀត និងឈានដល់អនុវត្តច្បាប់នាថ្ងៃខាងមុខ»។
ឪពុកកុមារីរងគ្រោះ លោក យ៉ង ប៊ុនលី បានប្រាប់អាស៊ីសេរី ថា សំណុំរឿងនេះ រូបលោកធ្លាប់ដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ទៅកាន់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធកំពូលៗ ថ្នាក់ជាតិ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ ជាដើម ស្នើឲ្យផ្ដល់យុត្តិធម៌ និងជួយអង្កេតទៅលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣១១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ របស់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដល់យុត្តិធម៌ជូនកូនស្រីមានអាយុ ១១ឆ្នាំ ដែលត្រូវជនល្មើសឈ្មោះ កង សុផាត ចាប់រំលោភយ៉ាងព្រៃផ្សៃ។ ប៉ុន្តែមកដល់ពេលនេះ ជនល្មើសអាចមានលទ្ធភាពរស់នៅក្រៅមន្ទីរឃុំឃាំង និងមានសេរីភាពធ្វើការងារដូចមនុស្សធម្មតា។
នៅក្នុងបទសម្ភាសន៍ជាមួយយកព័ត៌មានអាស៊ីសេរី ឪពុកកុមារីរងគ្រោះដែលមានសម្បុរខ្មៅ និងរាងកាយស្គមស្គាំង ឈ្មោះ យ៉ង ប៊ុនលី បានលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ឲ្យជួយពិនិត្យតាមដានលើសំណុំរឿងព្រហ្មទណ្ឌមួយនេះ ដើម្បីដល់ផ្ដល់យុត្តិធម៌ជូនកូនស្រីអាយុ ១១ឆ្នាំ ដែលត្រូវជនល្មើសឈ្មោះ កង សុផាត ជាអតីតមន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ ចាប់រំលោភបានសម្រេច ហើយជនល្មើសកំពុងរស់នៅមានសេរីភាពដើរហើរជាធម្មតា នៅក្រៅសំណាញ់ច្បាប់៕
No comments:
Post a Comment