ស្ថានទូតអង់គ្លេសនៅកម្ពុជាផ្សព្វផ្សាយវីដេអូឯកសារស្ដីពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម

ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងផលិតកម្មខ្មែរមេគង្គ រំពឹងថា ខ្សែវីដេអូឯកសារថ្មីមួយជាប្រភេទកម្មវិធីទូរទស្សន៍ឈ្មោះថា "ដល់ពេលត្រូវនិយាយ" នឹងជួយអោយពលរដ្ឋខ្មែរទូទៅបានយល់ដឹងពីទោសទណ្ឌនៃការបង្ខំរៀបការ និងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម។
ថ្លែងនៅក្នុងពិធីចាក់បញ្ចាំងកម្មវិធីទូរទស្សន៍នេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ប៊ីល ឡងហ៊ើស (Bill Longhurst) អោយដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ថា កម្មវិធីនេះនឹងបង្កើនចំណេះដឹងដល់សាធារណជនពីទំនាក់ទំនងរវាងករណីអំពើហិង្សានៅក្នុងរបបខ្មែរក្រហម និងអ្វីដែលកើតមានក្នុងពេលបច្ចុប្បន្ន៖ «យើងចង់ជួយសាលាក្ដីខ្មែរក្រហម ដើម្បីប្រាប់ពីរឿងរ៉ាវដែលកំពុងកើតមាន អ្វីដែលកើតឡើងក្នុងអតីតកាល។ ផ្ដល់ឱកាសអោយជនរងគ្រោះបាននិយាយពីរឿងរ៉ាវរបស់គេ និងជាពិសេសកម្មវិធីនេះពិនិត្យទៅលើបញ្ហាអំពើហិង្សាផ្លូវភេទដែលជាកំពុងកើតមាននៅជុំវិញពិភពលោកក្នុងបច្ចុប្បន្ន។ ខ្ញុំសង្ឃឹមថា បទពិសោធន៍ដែលបានជួបប្រទះក្នុងដំណើរការសវនាការនៃសាលាក្ដីខ្មែរក្រហម គឺជាគំរូដែលអាចយកទៅអនុវត្តសម្រាប់ប្រព័ន្ធយុត្តិធម៌នៅក្នុងអនាគត»។
កម្មវិធីទូរទស្សន៍រយៈពេល ២៥នាទី ដែលផលិតដោយផលិតកម្មខ្មែរមេគង្គ បានរៀបរាប់ពីការបំបែកភាពស្ងៀមស្ងាត់ក្នុងចំណោមជនរងគ្រោះនៃរបបខ្មែរក្រហមដែលត្រូវបង្ខំរៀបការ និងរងអំពើហិង្សាផ្លូវភេទ។ ពួកគេភាគច្រើនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២។ លើសពីនេះខ្សែវីដេអូក៏បានបង្ហាញថា ការបង្ខំរៀបការ និងអំពើហិង្សាផ្លូវភេទគឺជាបទឧក្រិដ្ឋ។
ផលិតករ លោក អូលីវីយេ វ៉ាន់ បុកស្ទែល (Olivier Van Bockstael) អោយដឹងថា កម្មវិធីនេះនឹងត្រូវចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍ក្នុងស្រុកនៅចុងខែធ្នូ។ ស្របគ្នានេះក៏មានកម្មវិធីផ្សព្វផ្សាយទៅដល់ពលរដ្ឋក្នុងសហគមន៍ជាមួយអង្គការដៃគូមួយចំនួន។ លោករំពឹងថា ពលរដ្ឋនឹងបានដឹងពីការលើកយកបញ្ហានៃការបង្ខំរៀបការ និងអំពើហិង្សាផ្លូវភេទមកបញ្ចូលក្នុងដំណើរការក្ដីនៅសាលាក្ដីខ្មែរក្រហម៕
No comments:
Post a Comment