
ពលរដ្ឋរស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្អូញត្អែរខ្វះមណ្ឌលសុខភាពនៅតំបន់ពួកគេរស់នៅ ដោយសារតែឃុំមិនមានមណ្ឌលសុខភាពសម្រាប់ព្យាបាលជំងឺ និងអន្តរាគមន៍សង្គ្រោះបន្ទាន់ នៅគ្រាដែលពលរដ្ឋមានបញ្ហាសុខភាពជាយថាហេតុ។ អ្នកភូមិថា កុមារ និងស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងផ្នែកបញ្ហាសុខភាព ហើយក៏មានស្ត្រីមានផ្ទៃពោះមួយចំនួនបានស្លាប់ដោយសារបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តមិនទាន់។
ការត្អូញត្អែរនេះ ក្នុងវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដែលប្រារព្ធឡើងនៅបរិវេណប្រសាទព្រះគោ នៃស្រុកថាឡាបរិវ៉ាត់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ។
អ្នកភូមិសំអាង លោក មេស ហ៊ី ទទូចឲ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលពន្លឿនការផ្តល់សេវាសុខាភិបាល ឬមណ្ឌលសុខភាពនៅមូលដ្ឋានពួកគេរស់នៅដើម្បីសម្រួលការលំបាករបស់ពលរដ្ឋ។ លោកថា កំណើតប្រជាពលរដ្ឋកាន់តែកើនឡើង ហើយនៅគ្រាដែលអ្នកភូមិមានបញ្ហាសុខភាព ត្រូវចំណាយពេលធ្វើដំណើរជាង ៣០គីឡូម៉ែត្រ មកព្យាបាលនៅទីរួមខេត្ត។ លោករំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីមានផ្ទៃពោះម្នាក់ បានស្លាប់នៅពេលដែលធ្វើដំណើរតាមគោយន្តមកមន្ទីរពេទ្យខេត្តមិនទាន់។ លើសពីនេះ ក៏មានអ្នកភូមិមួយចំនួនមានជីវភាពក្រីក្រ មានជំងឺត្រូវដេកស្លាប់នៅផ្ទះ ដោយសារគ្មានប្រាក់គ្រប់គ្រាន់ ធ្វើដំណើរមកព្យាបាលនៅទីរួមខេត្ត៖ «នៅទីនោះប្រជាពលរដ្ឋក៏ច្រើនដែរ ដល់ពេលឈឺគ្រុនរងាមួយសាៗ យប់ព្រលប់អីពិបាកណាស់ មានម្នាក់ហើយ ដោយសារឈឺ មកខេត្តស្ទឹងត្រែង ឆ្ងាយជាង ៣០គីឡូដី អត់មានអីជិះ ជិះគោយន្តទម្រាំមកដល់តាមផ្លូវ កើតតាមផ្លូវអីក៏មាន»។
បុរសដដែលបន្តថា ពួកគេកំពុងរង់ចាំមណ្ឌលសុខភាព ដែលអាជ្ញាធរសន្យាថា នឹងផ្ដល់ជូនជាច្រើនឆ្នាំមកហើយ នៅពេលឃោសនាបោះឆ្នោត ក៏ប៉ុន្តែការបោះឆ្នោតជាច្រើនអាណត្តិមកហើយ នៅតែពុំទាន់ឃើញមានមណ្ឌលសុខភាពទៀត។ លោកសង្កត់ធ្ងន់ថា ស្ត្រី និងកុមារគឺជាអ្នកប្រឈមខ្លាំងចំពោះបញ្ហាសុខភាព ហើយស្ត្រីនៅឃុំនេះមួយចំនួនមានជីវភាពខ្វះខាត មិនអាចមានលទ្ធភាពទៅពិនិត្យផ្ទៃពោះបានឡើយ ព្រោះពួកគេពុំមានប្រាក់ចំណាយថ្លៃធ្វើដំណើរ។
ឆ្លើយតបការលើកឡើងនេះ អនុប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង អ្នកស្រី ឃុត ធីណា បញ្ជាក់យ៉ាងខ្លីថា កន្លងមកមន្ទីរជំនាញបានលើកគម្រោងស្នើទៅថ្នាក់ជាតិនូវមណ្ឌលសុខភាព ចំនួន ៥ឃុំផ្សេងគ្នា ហើយជារៀងរាល់ឆ្នាំមន្ទីរសុខាភិបាលបានដាក់គម្រោងស្នើសុំជាបន្តបន្ទាប់ ប៉ុន្តែលទ្ធផលមិនអនុលោមតាមការចង់បានរបស់ពលរដ្ឋនោះទេ។ តែយ៉ាងណា មន្ទីរសុខាភិបាលនឹងព្យាយាមស្នើគម្រោងបន្តទៀតសម្រាប់ឃុំសំអាង៖ «ឥឡូវនេះយើងមានគម្រោង៥ ដាក់ទៅហើយ ហើយយើងនឹងធ្វើបន្ថែមទៀតនៅឃុំ ដែលអស់លោកបានសំណូមពរ»។
មេឃុំសំអាង លោក ញៀន ផុន ទទួលស្គាល់ថា ខ្វះមណ្ឌលសុខភាព បង្កការលំបាកក្នុងការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋ។ តែយ៉ាងលោកបានរាយការណ៍ករណីនេះជូនថ្នាក់លើច្រើនសាមកហើយដែរ។ លោកទទូចឲ្យក្រសួងសុខាភិបាល ជួយពិនិត្យផ្ដល់មណ្ឌលសុខភាព ជូនពលរដ្ឋឃុំសំអាង និងឃុំជិតខាង ព្រោះសេវាថែទាំសុខភាពសាធារណៈនៅឃុំទាំងនេះមានភាពយ៉ាប់យ៉ឺនខ្លាំង៖ «ប៉ុន្តែបើឲ្យឆ្វាំង ទៅសុខភាពអន្លង់ជ្រៃ មិនអាចទៅបានទេ ពីព្រោះជំងឺធ្ងន់យើងនឹងបកមកវិញ អ៊ីចឹងលំបាកហើយ»។
ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឋិតនៅទិសខាងជើងនៃទីរួមខេត្តស្ទឹងត្រែង ឆ្ងាយពីទីរួមខេត្តជាង ៣០គីឡូម៉ែត្រ ពលរដ្ឋរស់នៅទីនោះមានចំនួន ១.២៥៩គ្រួសារ ស្មើនឹងពលរដ្ឋជិត ៥ពាន់នាក់ (៤.៧៤៨)។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ កត់សម្គាល់ក្រសួងសុខាភិបាលនៅតែប្រើរូបមន្តចាស់ ដោយកំណត់ចំនួនគ្រួសារ ទើបផ្ដល់មណ្ឌលសុខភាពក្នុងមួយឃុំចំនួនមួយ។ លោកថា នៅតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ ឬតំបន់ដែលមានភូមិសាស្ត្រជួបការលំបាកខ្វះហេដ្ឋារចនាសម្ព័ន្ធ ក្រសួងសុខាភិបាល គួរតែកុំអនុវត្តគម្រោងកំណត់ស្តង់ដារ គួរតែកំណត់តំបន់នោះជាតំបន់អាទិភាពក្នុងការផ្ដល់មណ្ឌលសុខភាព និងសេវាសុខាភិបាលចាំបាច់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៅតំបន់ដាច់ស្រយាល៖ «បណ្ដាលមកពីភាពយឺតយ៉ាវនៃការធ្វើកំណែទម្រង់ខាងវិស័យសុខាភិបាល ព្រោះក្រសួងសុខាភិបាល ជាក្រសួងទទួលខុសត្រូវលើសុខុមាលភាពប្រជាពលរដ្ឋ និងអាយុជីវិតប្រជាពលរដ្ឋ ក៏ប៉ុន្តែកំណែទម្រង់យឺតយ៉ាវ ជាពិសេសគឺរបៀបនៃការពង្រាយមណ្ឌលសុខភាពឃើញថា ពួកគេអត់មានបានកែលម្អទាល់តែសោះ ក្រៅពីប្រើរូបមន្តចាស់ដដែល»។
មន្ត្រីនៃមន្ទីរសុខាភិបាលម្នាក់ សុំមិនប្រាប់ឈ្មោះ បានបង្ហើបថា ការបង្កើតមណ្ឌលសុខាភិបាល មួយបានអាស្រ័យចំនួនប្រជាជននៅឃុំនោះចាប់ពី ៨ពាន់នាក់ ទៅជាង ១ម៉ឺន ២ពាន់នាក់ឡើង។ ក្រៅពីនេះ មណ្ឌលសុខភាពមួយត្រូវមានគ្រូពេទ្យជំនាញ និងទីតាំងសមរម្យទើបអាចដំណើរការបាន។
មណ្ឌលសុខភាពមានតួនាទីផ្ដល់សេវាសុខភាព ដូចជាពិនិត្យ និងពិគ្រោះជំងឺ ជំងឺសួត និងព្យាបាលរលាកបំពង់ក ពិនិត្យព្យាបាលរោគរបេង ពិនិត្យ និងព្យាបាលគ្រុនចាញ់កម្រិតស្រាល។ សេវាថែទាំសុខភាពមាតា និងទារកមុនសម្រាល ពេលសម្រាល ក្រោយសម្រាល។ វះកាត់តូចដូចជា បូស និងដេររបួស លាងរបួសជាដើម។ នៅស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន ១១ ហើយមានមណ្ឌលសុខភាពចំនួន៣៕
No comments:
Post a Comment