Saturday, December 10, 2016

យុវជន​និង​គ្រូបង្រៀនគាំទ្រ​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច


កុមារ​ជនជាតិ​ដើម​ភាគ​តិច ចូល​រួម​ក្នុង​ពិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។ RFA/Ratha Visal


យុវជន​ជនជាតិ​ដើម​ភាគ​តិច​ដើម្បី​សហគមន៍ រួម​ជាមួយ​កុមារ​ជា​សិស្សានុសិស្ស​នៅ​សាលារៀន​តងណងឡិះ រួម​ទាំង​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ ក្នុង​ឃុំ​អូរជុំ ស្រុក​អូរជុំ រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ខែ​ធ្នូ នៅ​សាលាបឋមសិក្សា​តងណងឡិះ។ ប្រធានបទ​សំខាន់​ដែល​ក្រុម​យុវជន​ទាមទារ​គឺ​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

យុវជន និង​កុមារ​ជនជាតិ​ដើម​ភាគ​តិច គ្រូបង្រៀន និង​អាជ្ញាធរ​ឃុំ​អូរជុំ មាន​គ្នា​សរុប​ជាង ១០០​​នាក់ គាំទ្រ​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​របស់​កុមារ​ជនជាតិ​ដើម​ភាគតិច។

ការ​គាំទ្រ​នេះ​ធ្វើ​ឡើង​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ខែ​ធ្នូ ប្រារព្ធ​ឡើង​នៅ​សាលាបឋមសិក្សា​តងណងឡិះ ក្នុង​ភូមិ​តងណងឡិះ។

​នៅ​ក្នុង​ពិធី​នេះ​មាន​ចង​បដា​ពាក្យ​ស្លោក​ធំៗ មាន​ន័យ​យុត្តិធម៌ ២០១៦។ រី​ឯ​ក្រុម​យុវជន​យុវនារី និង​កុមារ ស្ទើរ​គ្រប់​គ្នា នាំ​គ្នា​ចង​ក្រណាត់​លើ​ក្បាល​ពណ៌​ខៀវ​មាន​អក្សរ​យុត្តិធម៌​២០១៦ រួម​ជាមួយ​នឹង​បិទ​ស្ទីកឃ័រ (Sticker) និមិត្តសញ្ញា​ខួប​លើក​ទី​៦៨ ថ្ងៃ​ទី​១០ ធ្នូ​ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​​លើ​ដៃ ថ្ងាស ថ្ពាល់ ឬ​លើ​សម្លៀក​បំពាក់។

តំណាង​យុវជន​ជនជាតិ​ជាតិ​ដើម​ភាគ​តិច​ដើម្បី​សហគមន៍ លោក ពី សុមាលី កត់សំគាល់​ថា គម្លាត​រវាង​ប្រជាជន​ភាគ​ច្រើន និង​ជនជាតិ​ដើម​ភាគ​តិច​ទាក់ទង​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​មាន​ភាព​ខុស​គ្នា​នៅ​ឡើយ ពីព្រោះ​កុមារ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​មិន​ទាន់​បាន​ចូលរៀន​ត្រឹមត្រូវ​នៅ​ឡើយ។លោក​បន្ត​ថា សិទ្ធិ​ទទួល​បាន​ការ​សិក្សា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មាន​សារសំខាន់​ដើម្បី​លើក​ស្ទួយ​ការ​យល់​ដឹង​ក្នុង​សហគមន៍ ដែល​កន្លង​ទៅ​នេះ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ប្រើប្រាស់​កុមារ​ឲ្យ​ជួយ​ធ្វើ​ការងារ​ក្នុង​គ្រួសារ ឬ​ធ្វើ​ការ​តាម​ចម្ការ​មិន​បាន​ចូល​សាលារៀន៖ «ខ្ញុំ​ចង់​ផ្សព្វផ្សាយ​ថា ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ និង​មាន​សិទ្ធិ​បញ្ជូន​កូន​ទៅ​សិក្សា បញ្ជូន​កូន​ទៅ​រៀន​សូត្រ»។

យុវជន​ជនជាតិ​ដើម​ភាគ​តិច​ដើម្បី​សហគមន៍ ចូល​រួម​ក្នុង​ពិធី​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។ RFA/Ratha Visal

រឿង​កំប្លែង​បែប​អប់រំ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​សិក្សា ត្រូវ​បាន​ក្រុម​យុវជន និង​យុវនារី​ជា​ជនជាតិ​ដើម​ភាគ​តិច​សម្ដែង​ឡើង​ជូន​កុមារ​អ្នក​ចូល​រួម​ទិវា​សិទ្ធិមនុស្ស​ទស្សនា​ដែល​បង្ហាញ​ពី​គ្រួសារ​មួយ​មាន​ឪពុក​​ជា​អ្នក​ញៀន​ស្រា ចំណែក​ម្ដាយ​ជា​លេង​ល្បែង​កន្ទុយ​លេខ។ គ្រួសារ​នេះ​បិទ​សិទ្ធិ​កូន​មិន​ឲ្យ​ទៅ​សាលារៀន ហើយ​ត្រូវ​គេ​បោក​​ប្រាស់​យក​កូន​ទៅ​លក់​ឲ្យ​បម្រើ​តាម​ផ្ទះ ហើយ​ត្រូវ​ម្ចាស់ផ្ទះ និង​កូន​វាយ​ធ្វើ​បាប​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់។

ជំទប់​ទី​២ ឃុំ​អូរជុំ លោក វង់ ដួង រីករាយ​ខណៈ​បាន​ទស្សនា​រឿង​អប់រំ​មាតា​បិតា​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​ទាក់ទិន​កុមារ​ដែល​ត្រូវ​ទទួល​បាន​ការ​រៀន​សូត្រ​ចំណេះ​ដឹង។ លោក​ទទួល​ស្គាល់​ថា សិទ្ធិ​របស់​មនុស្ស ជាពិសេស​កុមារ​មិន​អាច​ជន​ណា​រំលោភ​បាន​ឡើយ៖ «ឪពុក​ម្ដាយ​កុំ​ឲ្យ​កេង​ប្រវ័ញ្ច​ពលកម្ម​របស់​កុមារ ហើយ​ឪពុក​ម្ដាយ​ជំរុញ​កូន​ឲ្យ​ទៅ​សាលា​ដើម្បី​ចេះ​​ដឹង»។

​ចូល​រួម​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ដែរ យុវជន ហាយ យេស រ៉ាយុត អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​កុមារ​ទាំង​ឡាយ​ដែល​រង​ការ​រំលោភ​សិទ្ធិ​ពី​មជ្ឈដ្ឋាន​ណា​ក៏ដោយ ត្រូវ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​បញ្ឈប់​អំពើ​ខុស​ច្បាប់​នេះ៖ «នៅ​ពេល​គេ​ធ្វើ​បាប​ប្អូន​អាច​រាយការណ៍​ទៅ​ចាស់​ទុំ ឬ​មេភូមិ ឬ​ពូ​មីង​អាច​ប្ដឹង​នៅ​សាលាឃុំ​សង្កាត់»។

​ពាក្យ​ស្លោក​សំខាន់ៗ​ដែល​ក្រុម​យុវជន​ថ្លែង​នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​នេះ​រួម​មាន៖ មាន​តុលាការ​ឯករាជ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស បញ្ឈប់​រឹប​អូស​ដីធ្លី និង​ព្រៃឈើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ត្រូវ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា អំពើ​ពុករលួយ​ជា​ឫសគល់​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស។ សន្តិភាព​ពិតប្រាកដ​នាំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស។ សុំ​ឲ្យ​មាន​តម្លៃ​ស្មើ​ភាព​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច៕

No comments:

Post a Comment