រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ឲ្យមកទទួលយកសេវាពិនិត្យ ព្យាបាល វះកាត់ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងជំងឺទូទៅដទៃទៀតពីគ្រូពេទ្យវេជ្ជសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សហការជាមួយគ្រូពេទ្យជំនាញមកពីប្រទេសម៉ាឡេស៊ី នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យបានទាន់ពេលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យដឹងថា មានអ្នកជំងឺភ្នែករាប់រយនាក់ បានមកទទួលសេវាពិនិត្យព្យាបាល និងវះកាត់នៅថ្ងៃដំបូងនេះ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍ថា ក្រុមគ្រូពេទ្យវេជ្ជសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យរោគស្ត្រី ពិនិត្យអេកូសាស្ត្រ និងចែកវ៉ែនតាជូនប្រជាពលរដ្ឋ មិនគិតលុយនាមន្ទីរពេទ្យបង្អែកខេត្តនេះ។ កម្មវិធីនេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ។
លោកឲ្យដឹងថា នៅថ្ងៃដំបូងនៃការចាប់ផ្ដើមទទួលពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនពលរដ្ឋដោយគ្រូពេទ្យប្រមុខដឹកនាំ និងគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី អាចមានចំនួនពលរដ្ឋមកទទួលសេវានេះ ចន្លោះពី ១៥០ ទៅ ២០០នាក់ មកទទួលសេវានេះ។ ក្នុងនោះវះកាត់ជំងឺភ្នែកអាចមានចំនួន ៥០នាក់។
លោកវេជ្ជបណ្ឌិត សេង ណុង ប្រកាសឲ្យប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗដែលមានជំងឺភ្នែក ជំងឺមាត់ធ្មេញ និងជំងឺទូទៅ ត្រូវរួសរាន់មកទទួលសេវាពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានទាន់ពេលវេលា៖ «ឃើញមានប្រជាជនមកទទួលសេវាពិនិត្យព្យាបាលជំងឺភ្នែកនៅថ្ងៃទី១៧ ខែធ្នូ មានចំនួនច្រើន និងបង្ហាញទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។ ខាងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ីហ្នឹង គេវះកាត់ជំងឺភ្នែកមានម៉ាស៊ីនចំនួន២ ហើយបានធ្វើការវះកាត់ម្តងអ្នកជំងឺចូល ២នាក់ និងមានការវះកាត់លឿន។ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអ្នកនៅខេត្តព្រះសីហនុ និងខេត្តជិតខាង សូមមកទទួលសេវាពិនិត្យព្យាបាលជំងឺភ្នែកឲ្យបានគ្រប់គ្នា។ ជាងនេះនៅថ្ងៃទី២០ ខែធ្នូ បើពលរដ្ឋណាមានបញ្ហាជំងឺទូទៅ ត្រូវរួសរាន់មកឲ្យក្រុមគ្រូពេទ្យប្រមុខដឹកនាំ ជួយពិនិត្យព្យាបាលដោយមិនគិតថ្លៃ ដើម្បីកុំជំងឺហ្នឹងធ្ងន់ធ្ងរ។ ដូច្នេះត្រូវរូតរះមកទទួលការព្យាបាលឲ្យបានគ្រប់ៗគ្នា»។
ចាប់ពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ នាបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គេឃើញសកម្មភាពក្រុមគ្រូពេទ្យជំនាញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រូពេទ្យពីប្រទេសម៉ាឡេស៊ី និងគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានមមាញឹកក្នុងការងារទទួលពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋមានចំនួនរាប់រយនាក់ ដោយបង្ហាញទឹកមុខរួសរាយរាក់ទាក់។ បញ្ហានេះដែរ ក្រុមប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាល និងវះកាត់ជំងឺភ្នែក ពីគ្រូពេទ្យជំនាញរបស់ប្រមុខដឹកនាំមិនគិតថ្លៃ បានបង្ហាញអារម្មណ៍រីករាយគ្រប់ៗគ្នា។ ជាងនេះ អ្នកជំងឺទាំងនោះក៏បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយបញ្ជូនគ្រូពេទ្យជំនាញទាំងនេះឲ្យបន្តសកម្មភាពចុះពិនិត្យជំងឺទូទៅជូនពលរដ្ឋរស់នៅខេត្តព្រះសីហនុ ដូចគ្នានេះឲ្យបានញឹកញាប់ យ៉ាងហោចឲ្យបាន ១ខែម្ដង ឬ ៣ខែម្ដង។
តាមកម្មវិធី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ក្រុមគ្រូពេទ្យជំនាញត្រូវពិនិត្យវះកាត់ជំងឺភ្នែកឡើងបាយ និងដុះកន្ទុយថ្លែនចំនួន ១៥០នាក់។ ក្នុងនោះ ពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យរោគស្ត្រី ពិនិត្យអេកូសាស្ត្រប្រមាណជាង ១.២០០នាក់ និងចែកវ៉ែនតាជូនពលរដ្ឋចំនួន ៣០០នាក់៕
No comments:
Post a Comment