Thursday, December 1, 2016

អង្គការ​ធ្វើ​ការ​ផ្នែក​ថែទាំ​អ្នក​ផ្ទុក​មេរោគ​អេដស៍​បារម្ភ​ពី​ការ​ថយ​ចុះ​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ


ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ថ្លែង​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ នៅ​សាល​សន្និសីទ​ចតុមុខ ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng


អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ លើ​ប្រធានបទ «ឆាប់​ធ្វើ​តេស្ដ​ឈាម ឆាប់​ព្យាបាល ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍» ដែល​បាន​ធ្វើ​ឡើង​នៅ​សាល​សន្និសីទ​ចតុមុខ។ ការ​ប្រារព្ធ​ទិវា​នេះ ក្នុង​បំណង​លើក​កម្ពស់​ការ​ប្ដេជ្ញា​ចិត្ត​សម្រេច​គោលដៅ​បញ្ឈប់​ការ​ឆ្លង​មេរោគ​អេដស៍​ឆ្នាំ​២០២៥។

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ថែទាំ និង​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍ បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​មូលនិធិ​ពី​ម្ចាស់​ជំនួយ។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា (KHANA) និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ប្រយុទ្ធ​នឹង ជំងឺ​អេដស៍ លោក ជួប សុខចំរើន ថ្លែង​ថា បញ្ហា​បី​ដែល​កំពុង​ព្រួយ​បារម្ភ​នៅ​ពេល​នេះ គឺ​បញ្ហា​មូលនិធិ​សម្រាប់​គាំទ្រ​ជំងឺ​អេដស៍​ពី​ម្ចាស់​ជំនួយ​ធំៗ កំពុង​បន្ត​ធ្លាក់​ចុះ នាំ​ឲ្យ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ផ្សេងៗ​មាន​ការ​ថយ​ចុះ កម្មវិធី​បង្ការ​ការ​ការពារ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​ថវិកា​ដែល​គាំទ្រ​បាន​ផ្ដោត​សំខាន់​លើ​តែ​ករណី​ថ្មី និង​អ្នក​មាន​មេរោគ​អេដស៍ ប៉ុន្តែ​មិន​ដឹង​ខ្លួន​តែ​ប៉ុណ្ណោះ។

រីឯ​ចំណុច​ទី​៣ នោះ គឺ​បារម្ភ​អំពី​ការ​ផ្ដល់​សេវា ថា​តើ​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ព្យាបាល អាច​ទទួល​បាន​ថ្នាំ​គ្រប់គ្រាន់ និង​ទទួល​បាន​សេវា​ពី​គ្រូពេទ្យ​កម្រិត​ណា នៅ​ពេល​ដែល​មាន​ការ​កាត់​បន្ថយ​ជំនួយ​ពី​ម្ចាស់​មូលនិធិ?

លោក​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​មូលនិធិ​ពី​ម្ចាស់​ជំនួយ​នេះ គឺ​ដោយសារ​កម្ពុជា បាន​វិវឌ្ឍន៍​ខ្លួន​ពី​ប្រទេស​ក្រីក្រ ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ដោយសារ​ភាព​ជោគជ័យ​លើ​ការងារ​ការពារ​រីក​រាលដាល​ជំងឺ​អេដស៍៖ «ចឹង​បាន​យើង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​ក៏​ម្ចាស់​ជំនួយ កុំ​អាល​ទាន់​ផ្ដាច់​ជំនួយ​អី។ សូម​បន្ត​ការ​គាំទ្រ​នេះ​ទៅ ដើម្បី​ឲ្យ​គុណភាព​នៃ​ការ​ផ្ដល់​សេវា​ឆ្លើយតប​តម្រូវ​ការ​របស់​បង​ប្អូន​ជា​អ្នក​ប្រើប្រាស់​ថ្នាំ គាត់​បន្ត​មាន​ជីវិត​រស់នៅ​មាន​ជីវិត​គង់វង្ស»។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ នេះ អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើ​យុទ្ធនាការ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​ដោយ​ឥត​គិត​ថ្លៃ និង​ផ្ដល់​សេវា​គាំទ្រ និង​ព្យាបាល​សុខភាព​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ខាង​លិច​ប៉ាស៊ីហ្វិក ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក បង្កើន​កិច្ច​ប្រឹងប្រែង​តាម​រយៈ​ការ​ផ្ដល់​ការ​បង្ការ ការ​ធ្វើ​តេស្ដ ការ​ព្យាបាល​ដល់​មនុស្ស​ទាំងអស់ រាប់​ទាំង​កុមារ ឲ្យ​បញ្ចប់​ជំងឺ​អេដស៍​ត្រឹម​ឆ្នាំ​២០៣០។

នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ខាង​លិច​ប៉ាស៊ីហ្វិក លោក​វេជ្ជបណ្ឌិត ហ្ស៊ីន យ៉ុងស៊ូ (Shin Yong soo) មាន​ប្រសាសន៍​ថា អង្គការ​នេះ និង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​នានា ឲ្យ​បង្កើន​សេវា​ទាក់ទង​នឹង​ជំងឺ​អេដស៍​ឲ្យ​បាន​សម្រេច​ទិសដៅ ៩០ ៩០ ៩០ នៅ​ត្រឹម​ឆ្នាំ​២០២០។ គោលដៅ ៩០ ៩០ ៩០ មាន​ន័យ​ថា ៩០ នៃ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ បាន​ដឹង​ពី​ស្ថានភាព​របស់​ខ្លួន ៩០ អ្នក​ធ្វើ​រោគ​វិនិច្ឆ័យ បាន​ទទួល​ការ​ព្យាបាល និង ៩០ ត្រូវ​សម្រេច​ទទួល​ថ្នាំ​ទប់ទល់​មេរោគ​អេដស៍​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូលរួម​ថា យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៅ​តែ​ជា​អាទិភាព​ខ្ពស់​របស់​រដ្ឋាភិបាល៖ «ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ កម្ពុជា បាន​ចូលរួម​រៀបចំ និង​សម្របសម្រួល​នូវ​មហា​សន្និបាត​វិសាមញ្ញ​អង្គការ​សហប្រជាជាតិ ស្ដីពី​ជំងឺ​អេដស៍​ឆ្នាំ​២០១៦ នា​បុរី​ញីវយ៉ក (New York) ក្នុង​ការ​ដាក់​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​ថ្មី ស្ដីពី​ការ​សម្រេច​ចិត្ត​ជា​នយោបាយ ក្នុង​ការ​ឈាន​ទៅ​លុប​បំបាត់​ជំងឺ​អេដស៍​ឆ្នាំ​២០៣០»។

របាយការណ៍​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍​នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ ហើយ​ក្នុង​ចំណោម​នេះ​មាន​ជាង ៥​ម៉ឺន​នាក់ កំពុង​ទទួល​បាន​ការ​ព្យាបាល និង​ទទួល​ថ្នាំ។

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា ត្រូវ​ការ​ចំណាយ​លើ​ថ្លៃ​ថ្នាំ​សម្រាប់​ប្រយុទ្ធ​មេរោគ​អេដស៍​ជំងឺ​អេដស៍​ចំនួន ១៣​លាន​ដុល្លារ​អាមេរិក ដូច្នេះ​ក្នុង​មួយ​ខែ ចំណាយ​ជាង ១​លាន​ដុល្លារ។

ជុំវិញ​ការ​ចំណាយ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់​បដិភាគ​សម្រាប់​ចំណាយ​លើ​ការ​ទិញ​ឱសថ ៣​ឆ្នាំ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧ ចំនួន ៣​លាន ៧​សែន​ដុល្លារ៕

No comments:

Post a Comment