ពលរដ្ឋរាប់ម៉ឺនគ្រួសារនៅក្រុងសៀមរាបខ្វះទឹកស្អាតប្រើប្រាស់
បច្ចុប្បន្ន ថ្វីត្បិតតែខេត្តសៀមរាប ល្បីល្បាញខាងទាក់ទាញភ្ញៀវទេសចរណ៍បរទេសរាប់លាននាក់ឱ្យមកទស្សនាប្រាសាទបុរាណក្នុង ១ឆ្នាំៗ ធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់ ព្រមទាំងភោជនីយដ្ឋានទំនើបៗកើនឡើងយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែខេត្តនេះ នៅទន់ខ្សោយខាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់មិនទាន់ល្អស្អាត ព្រមទាំងខ្វះទឹកស្អាតប្រើប្រាស់ក្នុងទីក្រុងជាដើម។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារ រស់នៅក្នុងទីក្រុង នៅតែទីពឹងលើខ្លួនឯងក្នុងការជីកអណ្ដូងបូមយកទឹកក្រោមដីទៅប្រើប្រាស់។
ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ដែលរស់នៅក្នុងទីក្រុងសៀមរាប តែងដណ្ដឹងសួរគ្នាថា តើពេលណាទើបពួកគេអាចមានទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ ដូចប្រជាពលរដ្ឋដែលរស់នៅឯទីក្រុងភ្នំពេញ?
ការទន្ទឹងរង់ចាំប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តនេះ ដោយសារតែពួកគេកំពុងមានបញ្ហាជាច្រើនក្នុងការជីកអណ្ដូងយកទឹកពីក្រោមដីមកប្រើប្រាស់ ប៉ុន្តែទឹកមិនស្អាត ដូចជាមានជាតិច្រែះ ជាតិកំបោរ និងក្លិនមិនល្អ មិនអាចយកទៅដាំស្លបានជាប្រចាំថ្ងៃជាដើម។
បុរសវ័យចំណាស់អាយុជាង ៦០ឆ្នាំម្នាក់ ក្នុងចំណោមអ្នកភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺលោក ខូយ ឃាន់។ លោកមានប្រសាសន៍ថា បច្ចុប្បន្នរូបគាត់និងអ្នកភូមិ គឺគ្មានទឹកស្អាតប្រើប្រាស់ទេ។ ជារៀងរាល់ថ្ងៃ រូបគាត់ក៏ដូចជាអ្នកភូមិតែងនាំគ្នាទៅដងទឹកចម្រោះពីអាងក្នុងសាលាសង្កាត់ ដែលជាអំណោយរបស់អង្គការដើម្បីយកមកទុកដាំស្ល ឬក៏ដាំទទួលទាន។
លោក ខូយ ឃាន់ បញ្ជាក់ថា នៅផ្ទះរបស់គាត់ក៏បានជីកអណ្ដូងដើម្បីបូមទឹកពីក្រោមដីមកប្រើប្រាស់ដែរ ក៏ប៉ុន្តែទឹកអណ្ដូងនោះមិនស្អាតទេ គឺមានជាតិច្រែះ គ្រាន់តែជូតផ្ទះ ឬក៏លាងចានជាដើម ក៏ប្រែពណ៌ទៅជាលឿងដែរ។ បច្ចុប្បន្ន ទឹកអណ្ដូងនោះគឺគាត់ប្រើប្រាស់បានត្រឹមតែងូតប៉ុណ្ណោះ៖ «ចានអីតែលាងមិនបានដុសសាប៊ូ គឺលឿង សូម្បីតែក្រចកដៃ ក៏ជាប់ពណ៌លឿងដែរ។ មិនបានបាច់ថា តែសម្ភារៈទេ សូម្បីតែខ្លួនយើងងូត ក៏ឡើងពណ៌លឿងដែរ»។
អ្នកភូមិបឹងដូនប៉ា ម្នាក់ទៀត លោក ឃិន វណ្ឌី មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្នលោករស់នៅក្នុងទីក្រុងមែនពិត ក៏ប៉ុន្តែគ្មានទឹកស្អាតប្រើប្រាស់ទេ។ លោក ឃិន វណ្ឌី បញ្ជាក់ថា អណ្ដូងដែលលោកជីកនៅក្នុងបរិវេណផ្ទះ គឺទឹកគ្មានគុណភាពល្អទេ ដោយសម្ភារៈប្រើប្រាស់ជាច្រើនសុទ្ធតែប្រែពណ៌ទៅជាលឿង។ សព្វថ្ងៃនេះ លោកតែងទៅទិញទឹកស្អាតរបស់ក្រុមហ៊ុនយកមកទទួលទាន និងទុកដាំស្ល៖ «យើងប្រើទឹកអណ្ដូងហ្នឹងឯង ទឹកសំបូរហូរហៀរ ប៉ុន្តែគ្មានអ្នកណាមួយជួយឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតទេ»។
ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងទីក្រុងសៀមរាប នៅតែរង់ចាំ ១ឆ្នាំហើយ ១ឆ្នាំទៀត ព្រមទាំងសួរថា តើរដ្ឋាករទឹកនឹងពង្រីកបណ្ដាញចែកចាយទឹកស្អាតឱ្យពួកគេបានប្រើប្រាស់នៅពេលណា?
ដោយសារតែប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ៨០% នៅតែជីកអណ្ដូងបូមយកទឹកពីក្រោមដីមកប្រើមិនស្អាត មានក្រុមហ៊ុនខ្លះបាននាំចូលឧបករណ៍ចម្រោះទឹកស្អាតដើម្បីលក់ចែកជូនឱ្យប្រើប្រាស់ដែរ ក៏ប៉ុន្តែពលរដ្ឋភាគច្រើននៅតែគ្មានលទ្ធភាពទិញឧបករណ៍ចម្រោះទឹកស្អាតទាំងនោះទេ ពីព្រោះគេលក់ក្នុងតម្លៃថ្លៃ។
អគ្គនាយករដ្ឋាករទឹកស្វយ័តខេត្តសៀមរាប លោក ឃុត វុត្យារិទ្ធ ឱ្យដឹងថា បច្ចុប្បន្ននៅក្នុងក្រុងសៀមរាប ទាំងមូល ដែលមានប្រជាពលរដ្ឋចំនួនជាង ៤ម៉ឺនគ្រួសារ គឺរដ្ឋាករទឹកទើបតែផ្គត់ផ្គង់ទឹកស្អាតឱ្យប្រើប្រាស់បានជាង ៧.០០០គ្រួសារប៉ុណ្ណោះ។
មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាករទឹកមានអណ្ដូងចំនួន១៥ ដែលបូមយកទឹកពីក្រោមដីទៅផលិតជាទឹកស្អាតបានប្រមាណជាង ១ម៉ឺន ៥ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ កម្រិតផលិតទឹកស្អាតនេះ គឺចែកចាយឱ្យប្រជាពលរដ្ឋក្នុងទីក្រុងប្រហែលពី ១៥% ទៅ ២០% ព្រមទាំងសណ្ឋាគារខ្លះប៉ុណ្ណោះ៖ «យើងមានសណ្ឋាគារដែលភ្ជាប់បណ្ដាញទឹកស្អាតប្រើប្រាស់ ប្រហែលជា ៤០សណ្ឋាគារ កាលណាបណ្ដាញទឹកទៅដល់មុខសណ្ឋាគារគេតែងតែត»។
អ្នកជំនាញរបស់អាជ្ញាធរអប្សរាធ្លាប់បង្ហាញការព្រួយបារម្ភថា ការជីកអណ្ដូងបូមយកទឹកពីក្រោមដីមកប្រើប្រាស់ក្នុងចំនួនច្រើនលើសលប់ គឺវាអាចគំរាមកំហែងដល់ការខ្សោះទឹកដែលអាចធ្វើឱ្យរុក្ខជាតិមិនអាចរស់បាន ព្រមទាំងគំរាមកំហែងដល់ការស្រុតបាក់នៃគ្រឹះរបស់ប្រាសាទបុរាណផង។
មន្ត្រីរដ្ឋាករទឹកខេត្តសៀមរាប ឱ្យដឹងថា ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ គេធ្លាប់មានគម្រោងចំនួន៣ សម្រាប់ពង្រីកផលិតកម្មទឹកស្អាតចែកចាយក្នុងទីក្រុង ដោយគម្រោងទី១ គឺវិនិយោគតាម BOT ប៉ុន្តែនៅឆ្នាំ២០១២ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានលុបចោលវិញ។ គម្រោងទី២ គឺជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បច្ចុប្បន្នគម្រោងនេះមិនទាន់ដំណើរការនៅឡើយ កំពុងតែសិក្សាលម្អិត។ ចំណែកទី៣ គឺជាគម្រោងធំ បានឥណទានពីចៃកាជប៉ុន (JICA Japan) ដែលនឹងបូមយកទឹកពីបឹងទន្លេសាបមកប្រើប្រាស់ ក៏ប៉ុន្តែគម្រោងនេះត្រូវប្រើប្រាស់រយៈពេលយូរ។
អគ្គនាយករដ្ឋាករទឹកខេត្តសៀមរាប លោក ឃុត វុត្យារិទ្ធ ឱ្យដឹងថា ដោយសារគម្រោងធំត្រូវប្រើពេលវែងដើម្បីភ្ជាប់បណ្ដាញទឹកនោះ គឺលោករំពឹងថា រហូតដល់ឆ្នាំ២០២០ ទើបក្រុងសៀមរាប ទាំងមូលមានទឹកប្រើប្រាស់គ្រប់គ្នា៖ «ដោយសារតែគម្រោងទី១ មិនបានអនុវត្ត ទើបធ្វើឱ្យការវិនិយោគជំហានទី១ត្រូវខកខាន»។
ខេត្តសៀមរាប បច្ចុប្បន្ន ថ្វីត្បិតតែក្នុង ១ឆ្នាំៗមានភ្ញៀវទេសចរបរទេសរាប់លាននាក់ចូលមកទស្សនាប្រាសាទបុរាណក៏ដោយ ក្រៅពីតំបន់ជាច្រើននៃទីក្រុងនេះគ្មានទឹកស្អាតប្រើប្រាស់វាក៏នៅមានបញ្ហារឿងផ្លូវថ្នល់ជាច្រើនមិនល្អស្អាតដែរ។
ជាច្រើនឆ្នាំមកនេះ ផ្លូវលំជាច្រើនបានបាក់បែក ជង្ហុកធំៗ នៅពេលភ្លៀងធ្លាក់ គឺលិចទឹកបណ្ដាលឱ្យយានយន្តពិបាកបើកបរ ចំណែកឯនៅរដូវប្រាំងវិញ គឺដីហុយទ្រលោម៕
No comments:
Post a Comment