Thursday, December 1, 2016

សមត្ថកិច្ច​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​គ្រញូង​តំបន់​ព្រៃឡង់

ប្រជា​សហគមន៍​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ រូបថត​សហគមន៍​ព្រៃ​ឡង់

 

អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ កំពុង​ស្ទាក់​ចាប់​ឈ្មួញ និង​អ្នក​រក​ស៊ី​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់ រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​អភិបាល​ខេត្ត​នេះ​ឲ្យ​ដឹង​ថា ការ​ដាក់​កម្លាំង​ចម្រុះ​ឃ្លាំមើល​នេះ ដោយសារ​តែ​មាន​សេចក្ដី​រាយការណ៍​ថា ក្នុង​តំបន់​ព្រៃឡង់ កំពុង​មាន​បទល្មើស​កាប់​ឈើ​ប្រណិត​ប្រភេទ​ឈើ​គ្រញូង ហើយ​ពួកគេ​បម្រុង​នាំ​ចេញ​ពី​តំបន់​នោះ​ដោយ​លួចលាក់។

សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ធំ រួម​មាន​ស្ថាប័ន​តុលាការ​ផង កំពុង​តាមដាន​ស្វែង​រក​ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​ព្រៃឡង់ នៃ​ស្រុក​សណ្ដាន់។

​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា ថា បន្ទាប់​ពី​ឃ្លាំមើល​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​មក សមត្ថកិច្ច​សម្រេច​ចាប់​ជនសង្ស័យ​ម្នាក់​ដោយ​ភ្ជាប់​ជាមួយ​វត្ថុ​តាង​ជាច្រើន៖ «អ្នក​ភូមិ​រាយការណ៍​មក បែក​ការ​គាត់​រត់​គេច គាត់​យក​គ្រញូង​ទៅ​លាក់ ពេល​ជន​នោះ​ចេញ​ឡាន​កម្លាំង​យើង​បាន​ទៅ​កាក់​ឡាន​នោះ ហើយ​ឃើញ​មាន​ទាក់ទង​ទៅ​ឈ្មួញ​ដោយ​ត​ថ្លៃ​គ្នា»។

លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នោះ​ទេ ដោយសារ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បន្ថែម​ទៀត។

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក អ៊ិត សុធា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ៖ «ប្រមូល និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​តំបន់​ព្រៃឡង់ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​បាន​បញ្ជូន​ទៅ​ដល់ដៃ​ចៅក្រម​រួច​ហើយ​ដើម្បី​ចាត់ការ​បន្ត​ទៀត»។

​លោក អ៊ិត សុធា បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​ចាប់​ខ្លួន សមត្ថកិច្ច​ចម្រុះ រឹប​អូស​បាន​រថយន្ត​ឈើ​គ្រញូង និង​បាន​ឆែក​ទូរស័ព្ទ​ដៃ ឃើញ​មាន​គំរូ ឬ​ហៅ​ថា ប៉ាន់​ឈើ​ដែល​ជន​នោះ​ផ្ញើ​ទៅ​អ្នក​ទិញ​មាន​តម្លៃ​សរុប​ប្រមាណ ២០​ម៉ឺន​ដុល្លារ។

លោក គង់ វិមាន ឲ្យ​ដឹង​ថា ឈើ​គ្រញូង​មួយ​ដើម​ដែល​ជនល្មើស​លួច​កាប់​នោះ មាន​មុខ​កាត់​ជាង​កន្លះ​ម៉ែត្រ ប្រវែង​ជិត ២០​ម៉ែត្រ ដែល​អ្នក​ភូមិ​ថែរក្សា​ទុកជា​ច្រើន​ឆ្នាំ​មក​ហើយ។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ឈើ​ប្រភេទ​មាន​តម្លៃ និង​កម្រ ដូចជា​គ្រញូង​នេះ​នៅ​មាន​សល់​ខ្លះ ដែល​កប់​ក្នុង​ព្រៃ​ជ្រៅ ដែល​គេ​ហៅ​ថា ជំរំ​គ្រញូង​នៃ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ។

ព្រះអង្គ​បន្ត​ថា បើ​អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឬ​ក៏​ទប់ស្កាត់​របៀប​ធ្វើ​ឲ្យ​តែ​ល្អ​មើល​នោះ ឈើ​ប្រណិត​ដូចជា​គ្រញូង ឬ​ឈើ​ដទៃ​ទៀត ដែល​នៅ​សេសសល់​តិចតួច​ចុង​ក្រោយ​នេះ នឹង​ផុត​ពូជ ពេល​នោះ​រដ្ឋាភិបាល​ក៏​នឹង​ទទួល​ហានិភ័យ​ខ្ពស់​ដូច​ឈើ​ប្រណិត​នេះ​ដែរ​នៅ​ពេល​ខាង​មុខ៖ «ព្រៃឡង់​ប៉ែក​កំពង់ធំ​ហ្នឹង ជា​សម្បុក​គ្រញូង​ហើយ ហើយ​គ្រញូង​ទាំង​នោះ​នៅ​ឈរ​ទៀត។ បើ​សម្បុក​គ្រញូង​ទាំង​នោះ​មិន​ត្រូវ​បាន​ការពារ អំណាច​រដ្ឋាភិបាល​រាល់​ថ្ងៃ​នេះ​នឹង​ងាប់​ឈរ​ដូច​គ្រញូង​អ៊ីចឹង បើ​និយាយ​តែ​មាត់»។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា កន្លង​ទៅ ឈើ​គ្រញូង ១​ដើម មាន​មុខ​កាត់ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ ដែល​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ ខេត្ត​សៀមរាប ក៏​ត្រូវ​បាន​ជនល្មើស​លួច​កាប់​ដែរ។

​ជនល្មើស​ក្នុង​រឿង​នេះ រួម​មាន​ទាំង​មន្ត្រី​ការិយាល័យ​បរិស្ថាន ទេសភាព វប្បធម៌ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​របស់​អាជ្ញាធរ​អប្សរា​ជាច្រើន​នាក់​ផង​ដែរ។ ​ជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់៕

No comments:

Post a Comment