Monday, December 19, 2016

ក្រុម​ជន​ពិការ​ថា​ពុំ​មាន​ឱកាស​ចូលរួម​កិច្ចការ​សង្គម​ទោះ​បី​ជា​ពួក​គាត់​មាន​សមត្ថភាព​ក្ដី


សិក្ខាសាលា​ស្ដីពី ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rach Vingur


ក្រុម​ជន​ពិការ​អះអាង​ថា ពួក​គាត់​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ដើម្បី​ការពារ​ខ្លួន​ឯង​ពី​គ្រោះ​មហន្តរាយ​ទេ តែ​ក៏​អាច​ជួយ​ជន​ពិការ​ដូច​គ្នា និង​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់ ឲ្យ​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​ដែរ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​កម្មវិធី​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ។ ក្រុម​ជន​ពិការ​ក៏​អះអាង​ថា ថ្វីត្បិតតែ​ពួក​គាត់​មាន​សមត្ថភាព​ក្ដី នៅ​តែ​មិន​មាន​ឱកាស ព្រោះ​ការងារ​នៅ​ក្នុង​សង្គម​ខ្លះ​នៅ​តែ​មាន​ការ​រើសអើង។

ក្រុម​ជន​ពិការ​អះអាង​ថា បើ​សិន​ពុំ​មាន​ការ​រើសអើង ហើយ​បែរ​ជា​ផ្ដល់​ឱកាស​ដល់​ពួក​គាត់​ដូចជា​ជន​មាន​អវយវៈ​ធម្មតា ក្នុង​ការ​បំពេញ​កិច្ច​ការងារ​សង្គម​ផ្សេងៗ ពួក​គាត់​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដទៃ​ទៀត​ដែរ។

បុគ្គលិក​អង្គការ​មូលនិធិ​កុមារ​ពិការ កញ្ញា ហ៊ុន ស្រីណាក់ លើក​ឡើង​ថា ប្រសិន​បើ​ជន​ពិការ​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​បាន​ពេញលេញ​ក្នុង​កិច្ច​ការងារ​ផ្សេងៗ ឬ​ផ្ដល់​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន ពេល​នោះ​គឺ​អាច​លុប​បំបាត់​ការ​រើសអើង​ចំពោះ​ជន​ពិការ ហើយ​ក៏​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ជន​ពិការ​ផ្សេង​ទៀត ឲ្យ​មាន​កម្លាំង​ចិត្ត និង​ចេះ​ពុះពារ​ក្នុង​ឆាក​ជីវិត​ដែរ៖ «ជួនកាល​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន គឺ​នៅ​មាន​ការ​រើសអើង​ពិការភាព»។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ធ្នូ។ កម្មវិធី​ដែល​មាន​អ្នក​ចូលរួម​ភាគច្រើន​ជា​ជន​ពិការ​ប្រហែល ៥០​នាក់ មាន​បំណង​ចង់​ផ្សព្វផ្សាយ​ពី​គម្រោង ឬ​ការ​ជំរុញ​ឲ្យ​មាន​ការ​គិតគូរ​ដាក់​បញ្ចូល​ពិការភាព​នៅ​ក្នុង​ផែនការ ឬ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

កញ្ញា ហ៊ុន ស្រីណាក់ បន្ត​ថា បើ​សិន​មាន​ការ​ផ្ដល់​ឱកាស​ដល់​ជន​ពិការ​លើក​ឡើង​អំពី​ទុក្ខ​លំបាក​ផ្សេងៗ​របស់​ពួក​គាត់ ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ថ្នាក់​ភូមិ-ឃុំ នឹង​អាច​មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​សម្រាប់​ជន​ពិការ គេច​ពី​ផុត​ពី​គ្រោះ​មហន្តរាយ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ប្រាប់​ទៅ​ដល់​អ្នក​ដទៃ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ក្រុម​ជន​ពិការ​លើក​ឡើង​ថា ពួក​គាត់​នៅ​តែ​ជួប​ប្រទះ​ការ​ខ្វះ​ទី​ជម្រក​អំឡុង​ពេល​មាន​គ្រោះ​មហន្តរាយ រស់នៅ​ក្នុង​ភាព​ក្រីក្រ និង​ពឹងពាក់​ការ​ឧបត្ថម្ភ​ពី​គ្រួសារ ខ្វះ​ឧបករណ៍​ជំនួយ ដូចជា​រទេះ​រុញ ឈើ​ច្រត់ និង​ដៃ​ជើង​សិប្បនិមិត្ត ខ្វះ​មជ្ឈមណ្ឌល ឬ​សាលា​រៀន​ផ្ដល់​វិជ្ជាជីវៈ​ដល់​ជន​ពិការ និង​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន បញ្ជាក់​ថា មូលហេតុ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ព្រោះ​ដោយសារ​រយៈពេល​កន្លង​ទៅ ការ​សាងសង់​ទី​ទួល​មាន​សុវត្ថិភាព និង​ជម្រក​សម្រាប់​គេច​ពី​គ្រោះ​ពី​ធម្មជាតិ មិន​បាន​ធ្វើ​ឡើង​ស្រប​តាម​តម្រូវ​ការ​ជន​ពិការ​ឡើយ ហើយ​អាជ្ញាធរ​ខ្លះ​នៅ​តែ​មិន​ទាន់​អាច​បែងចែក​ថា មនុស្ស​ប្រភេទ​ណា​ខ្លះ​ជា​អ្នក​ពិការ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​នៅ​ពេល​កើត​មាន​គ្រោះ​មហន្តរាយ​ម្ដងៗ៖ «អាជ្ញាធរ​ខ្លះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ដែល គ ថ្លង់ និង​ងងឹត​ភ្នែក​ជាដើម ជា​ជន​ពិការ​ទេ ទាល់​តែ​អ្នក​នោះ​ដាច់​ដៃ​ដាច់​ជើង ទើប​ហៅ​ជន​ពិការ»។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ក៏​បង្ហាញ​ថា នៅ​កម្ពុជា គឺ​មាន​ជន​ពិការ​ប្រហែល ១​ម៉ឺន ៧​ពាន់​នាក់ ដែល​ទាមទារ​ការ​លើក​ទឹក​ចិត្ត និង​ផ្ដល់​តម្លៃ​ចំពោះ​សមត្ថភាព​របស់​ពួក​គាត់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ត្រៀម​ទុក និង​បណ្ដុះបណ្ដាល និង​ជា​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា អះអាង​ថា នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចែង​ថា អ្នក​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ជាង​គេ គឺ​ជា​ជន​ពិការ ចាស់​ជរា ស្ត្រី​មេម៉ាយ កុមារ និង​អ្នក​ក្រីក្រ​ជាដើម នឹង​ត្រូវ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ជា​អាទិភាព៖ «ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​លំបាក​របស់​ជន​ពិការ​ដែល​បង្ក​ពី​គ្រោះ​មហន្តរាយ​កន្លង​ទៅ គឺ​ត្រូវ​គិតគូរ​ឲ្យ​បាន​ជា​អាទិភាព»។

ក្រុម​ជន​ពិការ​រំពឹង​ថា នឹង​មាន​ការ​ដាក់​បញ្ចូល​ពិការភាព​ក្នុង​ការងារ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ នៅ​ពេល​ពួក​គាត់​បន្ត​ស្វែងរក​មតិ​គាំទ្រ​ជាមួយ​អ្នក​តាក់តែង​ច្បាប់ ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​ពិការភាព និង​គ្រោះ​មហន្តរាយ​តាម​រយៈ​វិទ្យុ​សំឡេង​ជន​ពិការ និង​កិច្ច​សហប្រតិបត្តិការ​បន្ត​ជាមួយ​អង្គការ​ដៃគូ​ធ្វើ​លើ​ការងារ​អភិបាលកិច្ច​ទឹក និង​គ្រោះ​មហន្តរាយ ជាដើម៕

No comments:

Post a Comment