ប្រជាពលរដ្ឋរាប់រយគ្រួសារនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរខេត្តនេះ សង់ទំនប់ទឹកស្ទឹងសង្កែ ប៉ះពាល់ដី និងផ្ទះសម្បែងរបស់ពួកគាត់ ហើយផ្ដល់សំណងមិនសមស្របទៅតាមតម្លៃដីពិតប្រាកដ។ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តបាត់ដំបង ចាប់ផ្ដើមចុះវាស់វែងដីត្រៀមជីកប្រឡាយពង្វាងទឹក ដើម្បីបិទស្ទឹងសង្កែធ្វើទំនប់ទឹកនៅស្រុកឯកភ្នំ ក្នុងពេលឆាប់ៗ។ ពលរដ្ឋមួយចំនួន បានប្រតិកម្មនឹងការចុះវាស់វែងដីធ្វើទំនប់នេះ ថាអាជ្ញាធរមិនទាន់ជូនដំណឹងអំពីសំណងប៉ះពាល់ដល់ពួកគាត់នៅឡើយ។
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ប្រមាណ ៤០នាក់ កាលពីព្រឹកថ្ងៃទី១៨ ធ្នូ ជួបជុំពិភាក្សាគ្នាអំពីផលប៉ះពាល់ដែលអាជ្ញាធរវាស់វែងដីធ្លីត្រៀមធ្វើប្រឡាយពង្វាងទឹកចំផ្ទះ និងផលដំណាំរបស់ពួកគាត់នៅមុខផ្ទះ ជាប់មាត់ស្ទឹងសង្កែត្រើយខាងលិចនៃភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
អ្នកភូមិភាគច្រើនលើកឡើងថា ពួកគាត់នឹងមិនអនុញ្ញាតឲ្យអាជ្ញាធរជីកប្រឡាយពង្វាងទឹកនៅលើដីរបស់ពួកគាត់នោះឡើយ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនផ្ដល់សំណងជូនពួកគាត់ឲ្យបានសមរម្យនោះ។
ពលរដ្ឋម្នាក់រស់នៅភូមិព្រែកតាច្រែង លោក យិន វុទ្ធី ផ្ដល់សម្ភាសឲ្យអាស៊ីសេរី នៅមាត់ស្ទឹងសង្កែតំបន់ដីដែលអាជ្ញាធរត្រៀមសង់ទំនប់ទឹក នៅស្រុកឯកភ្នំ ថា អាជ្ញាធរវាស់វែងដីជីកប្រឡាយពង្វាងទឹកដើម្បីសង់ទំនប់ទឹកស្ទឹងសង្កែ ចំផ្ទះ និងផលដំណាំរបស់ខ្លួនប្រមាណ ៤៥ភាគរយ នៃចំនួនផ្ទៃដីទទឹងជាង ៤០ម៉ែត្រ និងបណ្ដោយ ៨០ម៉ែត្រនោះ។ លោកអះអាងថា អាជ្ញាធរខេត្តបាត់ដំបង ពុំទាន់បញ្ជាក់អំពីសំណងជូនពួកគាត់នៅឡើយទេ៖ «ចង់ឲ្យគាត់សងឲ្យមានចំនួនសមរម្យ ព្រោះដំណាំមានក្រូចឆ្មារ ដែលផ្ដល់ផលអាចចិញ្ចឹមជីវិតខ្ញុំបាន ហើយមានដើមគគីរដល់ទៅ ១០០ដើមឯណោះ។ មានដើមនាងនួន ដើមបេង និងដំណាំហូបផ្លែជាច្រើនទៀត»។
ប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរផ្ដល់សំណងទៅតាមតម្លៃដីទីផ្សារ និងតាមភាពជាក់ស្ដែងនៃផលដំណាំងដែលមាននៅលើដីរបស់ខ្លួន។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត គឺលោកស្រី ប៊ូយ សាអែម ប្រាប់អាស៊ីសេរីនៅខាងមុខផ្ទះជាប់មាត់ស្ទឹងសង្កែ តំបន់ដីដែលត្រៀមសង់ទំនប់ទឹកនោះថា អាជ្ញាធរវាស់វែងដីចំផ្ទះរបស់លោកស្រីទាំងមូលតែម្ដង ហើយនឹងត្រូវរុះរើផ្ទះក្នុងពេលឆាប់ៗនៅពេលដែលអាជ្ញាធរចាប់ផ្ដើមសង់ប្រឡាយពង្វាងទឹកនោះ។ លោកស្រីព្រួយបារម្ភខ្លាចគ្មានទីជម្រកស្នាក់នៅ ពីព្រោះជីវភាពក្រីក្រ និងមានកូនច្រើនរស់នៅក្នុងបន្ទុកគ្រួសារ។ លោកស្រីស្នើឲ្យអាជ្ញាធរដោះស្រាយសំណងទៅតាមតម្លៃដីទីផ្សារ និងឲ្យបានឆាប់រហ័ស ដើម្បីយកប្រាក់ទៅសង់លំនៅឋានថ្មី៖ «ខ្ញុំគ្មានដីនៅផ្សេងពីនោះទេ មានតែដីនេះឯង ណាមួយខ្ញុំចង់រស់នៅទីកន្លែងដើមនេះឯង។ ខ្ញុំមិនចង់រុះរើទៅណាទេ»។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ ធ្នូ។
អភិបាលស្រុកឯកភ្នំ លោក ឡុង សុភឺន មានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចហើយដើម្បីដោះស្រាយសំណងជូនពលរដ្ឋនោះ។ លោកអះអាងថា ពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំង គឺប៉ះចំទាំងផ្ទះ និងដីផលដំណាំ រួមមានដើមដូង ស្វាយ ល្មុត និងក្រូច ជាដើម ពីការសង់ទំនប់ស្ទឹងសង្កែនេះប្រមាណជាង ១០០គ្រួសារ គឺមានគណៈកម្មការវាយតម្លៃផលប៉ះពាល់ ដើម្បីដោះស្រាយដែលអាចទទួលយកបាន។ លោកបន្ថែមថា នៅពេលសង់ទំនប់ទឹកនោះរួច គឺប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍សំខាន់ ៣យ៉ាងរួមមាន ជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ស្ទឹងសង្កែរបស់ពលរដ្ឋក្នុងតំបន់ មានទឹកសម្រាប់ធ្វើកសិកម្មដល់ប្រជាកសិករនៅស្រុកថ្មគោល ស្រុកបវេល និងស្រុកបាណន់ ជាដើម និងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់នោះ៖ «យើងមានគោលការណ៍ដោះស្រាយតាមនីតិវិធីរបស់ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះមក និងមានក្រុមការងារដល់ទៅបីសម្រាប់វាយតម្លៃ។ ចុងក្រោយ យើងមានក្រុមការងារឯករាជ្យដែលមិនមែនរដ្ឋាភិបាល គឺចុះសិក្សាវាយតម្លៃជាក់ស្ដែងម្ដងទៀត បានយើងចេញចំណងជូនប្រជាពលរដ្ឋតាមគោលការណ៍របស់រាជរដ្ឋាភិបាល»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរគួរតែដោះស្រាយសំណងជូនប្រជាពលរដ្ឋឲ្យបានមុនពេលសាងសង់ ហើយមិនត្រូវផ្អាប់រឿងមិនប្រាប់ដំណឹងដល់ពួកគាត់នោះទេ។ លោកបន្ថែមថា នៅពេលសង់ទំនប់ទឹកនេះរួច នឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅប៉ែកខាងក្រោមទំនប់ទឹកនោះ គឺធ្វើឲ្យពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចពេលមុនៗ៖ «អ៊ីចឹងប្រជាពលរដ្ឋគាត់អត់បានយល់ពីច្បាប់នេះជាកង្វល់ ដូច្នេះអាជ្ញាធរត្រូវមានតួនាទីធ្វើការពន្យល់ដល់ពលរដ្ឋឲ្យបានយល់ច្បាស់ ដើម្បីកុំឲ្យពួកគាត់មានកង្វល់ ដែលក្នុងនាមតំណាងឲ្យអាណាព្យាបាលរបស់ពួកគាត់នោះ មិនអាចឆ្លើយថាមិនដឹង ហើយនាំគ្នាលាក់បាំងបញ្ហានេះ គឺខុសហើយ»។
ចំណែកមន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផលជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម អះអាងថា នៅពេលសង់ទំនប់ស្ទឹងសង្កែនោះរួច ធ្វើឲ្យផលត្រីនៅបឹងទន្លេសាប ជាពិសេសនៅតាមដងស្ទឹងសង្កែថយចុះ ដោយសារគ្មានទឹកគ្រប់គ្រាន់ឲ្យត្រីធ្វើចរាចរ ហើយប៉ះពាល់ដល់របរធ្វើនេសាទរបស់ប្រជាពលរដ្ឋរស់នៅតំបន់ព្រៃលិចទឹក ស្រុកឯកភ្នំ រាប់ពាន់គ្រួសារបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ៖ «ខ្ញុំគិតថាបើសិនធ្វើទំនប់ទឹកនោះ គួរតែគិតដល់អ្នកនៅខាងក្រោម ជាពិសេសអ្នករស់នៅតំបន់បឹងទន្លេសាប គួរតែគិតថារយៈពេល បើបិទប៉ុន្មានថ្ងៃ គឺត្រូវបើកទឹកធ្វើយ៉ាងណាឲ្យពួកគាត់បានរស់នៅស្រួលផង ព្រោះពួកគាត់អត់មានដីស្រែចម្ការទេ»។
អាជ្ញាធរស្រុកឯកភ្នំ ឲ្យដឹងថា ទំនប់នេះចាប់ផ្ដើមសាងសង់បណ្ដើរៗហើយ ក្នុងនោះជំហានដំបូងសង់ប្រឡាយបង្ហូរទឹកតាមដងស្ទឹងសង្កែនៅតំបន់នោះ ដើម្បីឲ្យប្រជាពលរដ្ឋបានទឹកប្រើប្រាស់នៅពេលធ្វើទំនប់ទឹក។ ជំហានបន្ទាប់ សង់ទំនប់ទឹកស្ទឹងសង្កែ ដោយមានទ្វារបង្ហូរទឹកចំនួន ៦កន្លែង និងមានផ្លូវសម្រាប់ត្រីធ្វើចរាចរទាំងរដូវប្រាំង និងរដូវវស្សា។ លោកបន្ថែមថា ថវិកាសម្រាប់សាងសង់ទំនប់នេះ ជារបស់រាជរដ្ឋាភិបាលកម្ពុជា ចំណាយអស់ជាង ៣០លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០១៩៕
No comments:
Post a Comment