Wednesday, December 21, 2016

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់ ជួប សម្លាប់

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev 



មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ជួប សម្លាប់ បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ មាន​ចេតនា​ឆ្លើយ​បំភ្លៃ​សមត្ថកិច្ច។ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្រោយ​ពី​ស៊ើប​អង្កេត និង​សួរ​ចម្លើយ​ឃើញ​ថា ចម្លើយ​សារភាព​របស់ ជួប សម្លាប់ មិន​មែន​ជា​ការ​ពិត។

ការ​បង្ហើប​ឲ្យ​ដឹង​ពី​ករណី ជួប សម្លាប់ មាន​ចេតនា​ឆ្លើយ​សារភាព​កុហក​សមត្ថកិច្ច​នេះ នៅ​ស្រប​ពេល​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​កោះ​ហៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​សួរ​នាំ​អំពី​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ ជួយ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រសួង​មហាផ្ទៃ ជុំវិញ​ករណី​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា។ លោក​បញ្ជាក់​ថា ជួប សម្លាប់ ដែល​កំពុង​តែ​ជាប់​ឃុំ​នោះ បាន​ឆ្លើយ​សារភាព​បំភ័ន្ត​សមត្ថកិច្ច។

លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ក្រោយ​ពី​ការ​សួរ​ចម្លើយ និង​ការ​សារភាព​របស់​ជន​សង្ស័យ ជួប សម្លាប់ លោក​មិន​ជឿ​ថា​ចម្លើយ​សារភាព​ជា​ការ​ពិត​ទេ៖ «យើង​បាន​សន្និដ្ឋាន​ថា ជន​ល្មើស​នេះ​មាន​ចេតនា​ឆ្លើយ​បំភ័ន្ត​សមត្ថកិច្ច មិន​និយាយ​ការពិត។ យើង​មិន​ជឿ​ថា ជន​ល្មើស​នេះ​ឈ្មោះ ជួប សម្លាប់ មិន​ជឿ​ថា​ជន​ល្មើស​នេះ​ឲ្យ​លុយ កែម ឡី ខ្ចី ៣​ពាន់។ (លោក យ៉ង ចាន់តារា សួរ៖លោក​ពូ​អាច​បញ្ជាក់​ហេតុ​អី​បាន​សមត្ថកិច្ច​មិន​ជឿ​នេះ?) លោក ខៀវ សុភ័គ៖ យើង​មើល​ទី​១ ជួប សម្លាប់ វា​មិន​ដែល​ខ្មែរ​យើង​អ្នក​ណា​ឈ្មោះ ជួប សម្លាប់ ទេ អា​សម្លាប់ អា​ងាប់​ទេ។ ទី​២ កែម ឡី ជំពាក់​លុយ​គេ ៣​ពាន់ គឺ​អត់​មាន​សោះ។ ទី​៣ ឈ្មោះ អាលីស លក់​កាំភ្លើង​ឲ្យ​វា ថា​តម្លៃ ៣​ពាន់​ដុល្លារ​ដែរ ហើយ​ថា​ឈ្មោះ​ប៉ូលិស​នៅ​ថៃ ទៅ​រក​ឯណា​ឃើញ? មិន​ប្រាប់​ទីកន្លែង»។

ប្រជាពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ជួប សម្លាប់ នៅ​ពេល​នេះ ត្រូវ​បាន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​ខ្លាច​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ដូច​ករណី​លោក ជា វិជ្ជា ដែល​មក​ទល់​ពេល​នេះ អាជ្ញាធរ​រក​ឃាតក​មិន​ទាន់​ឃើញ​នៅ​ឡើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បញ្ហា​សំខាន់​ដែល​ក្រសួង​មហាផ្ទៃ ត្រូវ​បង្ហាញ​នោះ គឺ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​មហាជន​បាន​ដឹង​ច្បាស់​ថា អ្នក​ណា​ជា​ឃាតក​ពិត​ប្រាកដ៖ «មាន​ករណី​ផ្សេង​ទៀត ករណី​បាញ់​សម្លាប់​ប្អូន​តារា​ចម្រៀង ឬ​បាញ់​សម្លាប់​លោក​ឧកញ៉ា អឹង ម៉េងជឺ អី​ឃើញ​ថា មាន​បញ្ចេញ​កាមេរ៉ា​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​ចាប់​ខ្លួន​បាន​តែ​រឿង​លោក​បណ្ឌិត កែម ឡី។ ហេតុ​អី​បាន​ជា​អាជ្ញាធរ​មិន​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព?»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន ឆេវ​រ៉ុន (Chevron) បង្ហាញ​ពី​វីដេអូ​ឃ្លីប​ដែល​លោក សម រង្ស៊ី ជឿជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត​កាល់តិច ក្បែរ​ស្តុប​បូកគោ ដែល​ជា​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​លោក ដាក់​ទៅ​តុលាការ​អាមេរិក​ថា អំពើ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​លោក​វិភាគ​លើ​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​អង្គការ គ្លបល វីនេស (Global Witness) ស្ដីពី​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។

ទាក់ទង​នឹង​ករណី​នេះ​ដែរ គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណៈកម្មការ​ទី​១ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ចំនួន​ពីរ​មក​សួរ​នាំ​ពី​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ គណៈកម្មការ​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​កោះ​ហៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មក​សួរ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ អំពី​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា វិញ នឹង​ត្រូវ​កោះ​ហៅ​នៅ​ពេល​បន្ទាប់៖ «យុត្តិធម៌​ជា​រឿង​សំខាន់ ព្រោះ​យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​គ្រប់​រូប គឺ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​គ្រប់​រឿង​ទាំងអស់ មិន​មែន​តែ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នោះ​ទេ។ ឃាតកម្ម​ទាំងអស់ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នឹង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ពេល​ខាង​មុខ។

ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​លោក​មិន​ទាន់​រក​មេធាវី​នៅ​ឡើយ នៅ​ខណៈ​ប្រពន្ធ​កូន​លោក​បណ្ឌិត កែម ឡី បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព និង​រង់ចាំ​ទៅ​ប្រទេស​ទី​បី​នោះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​២១ ធ្នូ យ៉ាង​ខ្លី​ថា សំណុំ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ចំណាត់​ការ​ស៊ើប​សួរ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ព្រួយ​បារម្ភ​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ព្រោះ​ថា បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយសារ​តែ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ឬ​បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​របស់​អ្នក​មាន​អំណាច។ ជន​រងគ្រោះ​ទាំងនោះ រួម​មាន​អ្នក​សារព័ត៌មាន សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សហជីព កម្មករ​រោងចក្រ និង​ករណី​ចុង​ក្រោយ គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត កែម ឡី៕

No comments:

Post a Comment