ទំនាស់ទាក់ទិនការគ្រប់គ្រងផ្នែកទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិអូរទុង ក្នុងឧទ្យានជាតិវីរជ័យ បានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចដែលអភិរក្សតំបន់ការពារ ត្អូញត្អែរថា បរិមាណភ្ញៀវទេសចរថយចុះនៅឆ្នាំ២០១៦។
តួលេខប៉ាន់ប្រមាណរបស់សហគមន៍អូរទុង យ៉ាងហោចណាស់មានទេសចរបរទេសប្រមាណជាង ១០០នាក់ទៅ ២០០នាក់ នាំគ្នាមកកម្សាន្តនៅតំបន់ការពារធម្មជាតិអូរទុងក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែចាប់ពីដើមឆ្នាំ២០១៦ រហូតបច្ចុប្បន្ន តួលេខនេះបានថយចុះ ក្រោយពីមន្ត្រីអនុរក្សចាប់អ្នកទេសចរផាកពិន័យជាប្រាក់ប្រមាណ ១០ម៉ឺនរៀលទៅ ១០០ដុល្លារ ប្រសិនអ្នកទេសចរចូលកម្សាន្តព្រៃតាមរយៈមគ្គទេសក៍ទេសចរណ៍ជាលក្ខណៈបុគ្គល មិនមានការអនុញ្ញាតពីឧទ្យានុរក្សនៃឧទ្យានជាតិ។
អនុប្រធានសហគមន៍តំបន់ការពារអូរទុង លោក ស៊ុត វើល កត់សម្គាល់ថា ភាពអនាធិបតេយ្យទាក់ទិនមគ្គុទ្ទេសក៍ទេសចរណ៍ គឺជាបញ្ហាដែលនាំឲ្យអ្នកទេសចរត្រូវប្រឈមមុខនឹងការផាកពិន័យ។ លោកថា សមាជិកសហគមន៍ខ្លះបានជូនដំណើរអ្នកទេសចរចូលព្រៃកម្សាន្ត ដោយបង្កើតមគ្គុទ្ទេសក៍ទេសចរណ៍ផ្ទាល់ខ្លួន មិនសហការជាមួយសហគមន៍ និងឧទ្យានុរក្ស ហេតុនេះអ្នកទេសចរខ្លះត្រូវឧទ្យានុរក្សឃាត់ខ្លួន និងផាកពិន័យជាប្រាក់ ធ្វើឲ្យអ្នកទេសចរខ្លះភ័យខ្លាច៖ «អ្នកខ្លះខ្លាច ព្រោះគាត់ដឹងថាអ្នកមុនៗគេចាប់។ ពួកខ្ញុំចង់បញ្ចូលអេកូទេសចរណ៍ហ្នឹងឲ្យពួកគាត់មកពីខេត្ត មកយកសំបុត្រពីសហគមន៍ លុយហ្នឹងចំណូលសហគមន៍ទាំងអស់គ្នា កុំឲ្យជូនរញ៉េរញ៉ៃ កុំឲ្យពិបាកគ្រប់គ្រង»។
ក្រសួងបរិស្ថាន បានកាត់ចេញដីតំបន់ឧទ្យានជាតិវីរជ័យ ជិតមួយម៉ឺនហិកតារ បង្កើតជាតំបន់ការពារធម្មជាតិអូរទុង ចាប់ពីឆ្នាំ២០១៤ រហូតមក ក៏ប៉ុន្តែសហគមន៍ដែលអភិរក្សតំបន់នោះបានប្រើប្រាស់តំបន់ធម្មជាតិជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញវិស័យទេសចរណ៍។
មេឃុំកុកឡាក់ លោក ផុន សឿង ទទួលស្គាល់ថា ភាពអនាធិបតេយ្យនៃការរកប្រាក់ចំណូលពីវិស័យទេសចរណ៍របស់សហគមន៍ គឺជាមូលហេតុសំខាន់ធ្វើឲ្យកើតមានទំនាស់ផលប្រយោជន៍រវាងសហគមន៍ និងសហគមន៍ និងធ្វើឲ្យអ្នកទេសចរខ្វះសុវត្ថិភាព។ លោកថា ដោយសារតំបន់នោះឋិតក្រោមការអភិរក្សរបស់សហគមន៍ ហេតុនេះការគ្រប់គ្រងអ្នកទេសចរ គួរឲ្យក្រុមឧទ្យានុរក្សប្រគល់សិទ្ធិមកឲ្យសហគមន៍ ដើម្បីប្រមូលប្រាក់ចំណូលអភិវឌ្ឍតំបន់នោះឲ្យបានត្រឹមត្រូវ ចៀសវាងកើតមានមគ្គុទ្ទេសក៍ទេសចរណ៍ឯកជន គ្មានការទទួលខុសត្រូវជាក់លាក់៖ «ឲ្យគណៈកម្មការ ព្រោះគណៈកម្មការធ្វើការគ្មានថវិកា ធ្វើការដោយស្ម័គ្រចិត្ត។ អ៊ីចឹងលុយកាក់ហ្នឹងការងារល្បាតគ្រប់គ្រងជាមួយសហគមន៍ ធ្វើអ៊ីចឹងបានល្អ»។
តំបន់ការពារធម្មជាតិអូរទុង សម្បូរទៅដោយព្រៃឈើ និងតំបន់ទឹកជ្រោះកម្សាន្តបែបធម្មជាតិ។ អ្នកទេសចរភាគច្រើនជាជនបរទេស ចូលចិត្តទៅកម្សាន្តនៅតំបន់ព្រៃភ្នំរយៈពេលពីរទៅបីថ្ងៃ ឬទៅមួយសប្ដាហ៍ក៏មាន។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ ទទួលស្គាល់ថា ទំនាស់ផលប្រយោជន៍ទាក់ទិនប្រាក់ចំណូលផ្នែកទេសចរណ៍របស់សហគមន៍អូរទុង នឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ និងវិស័យទេសចរណ៍ក្នុងខេត្ត។ លោកថា នឹងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធតំបន់អភិរក្ស រកលទ្ធភាពដោះស្រាយបញ្ហានេះ៖ «បើយើងមិនរកដំណោះស្រាយឲ្យគាត់ប៉ះពាល់ទាំងសងខាង បើសិនគាត់មិនបើកឲ្យចូល ចំណូលក៏គាត់រកមិនបានពីវិស័យទេសចរណ៍ដែរ ហើយទេសចរ បិទថាមិនទៅលេងគាត់ក៏ខាតចំណូលដែរ។ ខ្ញុំជឿថាអាចប៉ះពាល់ ប៉ុន្តែមិនអាចថាដោះស្រាយមិនបានទេ»។
ក្រសួងបរិស្ថាន បានទទួលស្គាល់បង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ នៅក្នុងឧទ្យានជាតិវីរជ័យ រួមមានតំបន់ការពារធម្មជាតិអូរចាយ អូរតាបូក មណ្ឌលយ៉ន អូរខាំផា និងអូរទុង ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រួមទាំងតំបន់ការពារធម្មជាតិចំនួនពីរទៀត ក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺតំបន់ការពារធម្មជាតិអូរគគីរ និងតំបន់ការពារធម្មជាតិសេដា។
តាមគោលការណ៍របស់ក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស គឺជាអ្នកគ្រប់គ្រងអ្នកទេសចរដែលចូលទៅកម្សាន្តនៅតំបន់ការពារណាមួយក្នុងឧទ្យានជាតិវីរជ័យ ហេតុនេះអ្នកទេសចរត្រូវទិញសំបុត្រជាកញ្ចប់មានតម្លៃប្រមាណ ២០ម៉ឺនរៀលឡើងទៅ ដើម្បីឆ្មាំអនុរក្សឧទ្យានជាតិ សហការជាមួយសហគមន៍រៀបចំមគ្គុទ្ទេសក៍ជូនដំណើរការហូបចុក រួមទាំងការពារសុវត្ថិភាពអ្នកទេសចរទាំងនោះផង។ ចំណូលពីការលក់សំបុត្រមួយផ្នែក ត្រូវបង់ចូលថវិកាជាតិ និងចំណូលមួយផ្នែក ត្រូវបែងចែកជូនសហគមន៍នៃតំបន់អភិរក្សផ្ទាល់ ដើម្បីប្រើប្រាស់ទៅលើការងារអភិរក្សសហគមន៍។
នាយកឧទ្យានជាតិវីរជ័យ លោក ព្រិន សំបូរ បញ្ជាក់ថា នេះជាគោលការណ៍កំណត់របស់ក្រសួងបរិស្ថាន ពីព្រោះឆ្មាំអនុរក្សឧទ្យានជាតិមានភារកិច្ចគ្រប់គ្រងឧទ្យានជាតិ និងការពារសុវត្ថិភាពជូនអ្នកទេសចរ ហេតុនេះអ្នកទេសចរត្រូវទិញសំបុត្រចូលកម្សាន្តក្នុងឧទ្យានក្រោមការទទួលខុសត្រូវរបស់ឧទ្យានុរក្ស។ លោកថា នឹងរៀបចំការជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយសហគមន៍ ដើម្បីពន្យល់សហគមន៍ រួមទាំងដោះស្រាយលុបបំបាត់មគ្គុទ្ទេសក៍ទេសចរណ៍អនាធិបតេយ្យ៖ «រឿងអ្នកទេសចរគាត់ចូលតួខាងក្រៅទេ ដែលគាត់មានបញ្ហាអ៊ីចឹង បើគាត់ចូលខាងវីរជ័យ ទី១ សន្តិសុខសុវត្ថិភាព យើងមានឆ្មាំជូន»។
ទោះជាយ៉ាងនេះក៏ដោយ អនុប្រធានសហគមន៍ លោក ស៊ុត វើល ទទូចឲ្យក្រសួងបរិស្ថាន ពិចារណាប្រគល់សិទ្ធិគ្រប់គ្រងវិស័យទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិមកសហគមន៍គ្រប់គ្រងវិញ ពីព្រោះប្រាក់ចំណូលដែលឧទ្យានុរក្សផ្តល់ឲ្យសហគមន៍មានចំនួនតិចតួចបំផុត មិនអាចឲ្យសហគមន៍មានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍអេកូទេសចរណ៍នៅតំបន់នោះបានប្រសើរឡើយ៕
No comments:
Post a Comment