កម្មវិធីមូលនិធិក្ដីសង្ឃឹមនៃអ្នកអភិរក្សល្ខោនយីកេ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។ RFA/Rach Vingur |
ក្រុមអភិរក្សសិល្បៈបុរាណខ្មែរព្រួយបារម្ភថា ល្ខោនយីកេដែលមានតាំងពីដូនតា អាចនឹងត្រូវបាត់បង់ ឬក៏ត្រូវបានប្រទេសជិតខាងដណ្ដើមយក ប្រសិនបើនៅតែមិនមានការចូលរួមគាំទ្រល្ខោនប្រភេទនេះ។ ការព្រួយបារម្ភនេះ ព្រោះក្រុមអភិរក្សបញ្ជាក់ថា មិនត្រឹមតែគ្មានអ្នកគាំទ្រទេ សូម្បីអ្នកចង់អភិរក្សល្ខោនយីកេ ក៏ពុំសូវសម្បូរដែរ។
ក្រុមអភិរក្សសិល្បៈបុរាណយល់ថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនអាចរកមធ្យោបាយជួយស្រោចស្រង់ល្ខោនយីកេ ឲ្យទទួលការចាប់អារម្មណ៍ និងគាំទ្រទេ ល្ខោនមួយនេះនឹងត្រូវបាត់បង់ជាក់ជាមិនខាន។
គ្រូផ្នែកយីកេនៅសាលាមធ្យមវិចិត្រសិល្បៈ លោក កើត ថារ៉ាន់ លើកឡើងថា រយៈពេលចុងក្រោយ ពុំមានសិស្សនិស្សិតនិយមទៅសិក្សារៀនសូត្រការសម្ដែងល្ខោនយីកេឡើយ រីឯអ្នកកំពុងសិក្សាល្ខោននេះវិញ ក៏នាំគ្នាឈប់បណ្ដើរៗដែរ។ លោកគ្រូថា មានបញ្ហាជាច្រើនបានជំរុញឲ្យល្ខោនយីកេពុំសូវមានអ្នកចាប់អារម្មណ៍ និងគាំទ្រដូចមុន ព្រោះអ្នកទៅរៀនល្ខោននេះភាគច្រើន ជាកូនអ្នកក្រីក្រ ហើយនៅពេលពួកគេបញ្ចប់ការសិក្សា មិនសង្ឃឹមទទួលបានការងារធ្វើសមរម្យឡើយ។ ម្យ៉ាងវិញទៀត បើពឹងលើល្ខោនយីកេដែលមិនសូវមានប្រជាប្រិយភាពនេះ គឺមិនអាចជួយឲ្យពួកគេមានជីវភាពធូរធារនោះទេ៖ «កន្លងមកអ្នករៀនហើយ អត់មានការងារធ្វើ និងពុំសូវមានការសម្ដែង ដូច្នោះអ្នកខ្លះត្រូវទៅរកការងារផ្សេងធ្វើ ដូច្នោះវាឲ្យបែកក្រុម»។
លោកគ្រូ កើត ថារ៉ាន់ ព្រួយបារម្ភថា ល្ខោនយីកេនឹងត្រូវបាត់បង់។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកម្មវិធីមូលនិធិក្ដីសង្ឃឹមនៃអ្នកអភិរក្សល្ខោនយីកេ ដែលរៀបចំនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នៅថ្ងៃទី១៧ ធ្នូ ក្រោមការផ្ដួចផ្ដើមពីសភានិស្សិតនៃសាកលវិទ្យាល័យមួយនេះ។ កម្មវិធីដែលមានអ្នកចូលរួមភាគច្រើនជាសិស្សនិស្សិត និងគ្រូបង្រៀនរាប់រយនេះ គឺក្នុងគោលបំណងរៃអង្គាសថវិកាជួយទៅដល់សិស្សនិស្សិតដែលកំពុងសិក្សាល្ខោនយីកេ នៅសាលាមធ្យមវិចិត្រសិល្បៈ ខណៈពួកគេកំពុងជួបភាពខ្វះខាតជាច្រើន។
លោកគ្រូ កើត ថារ៉ាន់ ចង់ឲ្យមានការជួយជ្រោមជ្រែងបន្ថែមចំពោះសិស្សនិស្សិតដែលរៀនល្ខោនយីកេ តាមរយៈផ្ដល់ជាថវិកា អាហារ និងកន្លែងស្នាក់នៅសមរម្យជាដើម។ ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាទូរទស្សន៍ វិទ្យុ ឬកាសែត គួរចុះផ្សាយឲ្យបានច្រើនទាក់ទងនឹងការសម្ដែងល្ខោនយីកេ ទៅកាន់មហាជន។ បន្ថែមពីនេះ រដ្ឋាភិបាលតាមរយៈក្រសួងអប់រំ គួរបញ្ចូលកម្មវិធីសិក្សាផ្នែកល្ខោនយីកេ ចាប់ពីថ្នាក់បឋមដល់ថ្នាក់ឧត្តម ហើយបើសិនជាមានសិស្សនិស្សិតណាដែលបញ្ចប់ការសិក្សាល្ខោនយីកេ គួរផ្ដល់ឱកាសឲ្យពួកគេក្លាយជាគ្រូយីកេ ដែលបង្រៀនតាមសាលារដ្ឋ។
លោកគ្រូផ្នែកយីកេរូបនេះយល់ថា ការធ្វើដូចនេះ អាចជាវិធីសាស្ត្រល្អ ដើម្បីអភិរក្សល្ខោនយីកេឲ្យបន្តគង់វង្សទៅថ្ងៃអនាគត។
ការសម្ដែងល្ខោនយីកេ គឺគេលើកយករឿងមកសម្ដែង ហើយភាគច្រើនគឺមានលក្ខណៈអប់រំ។ ល្ខោនយីកេអាចសម្ដែងតាមពិធីបុណ្យសាសនានានា ដូចជាពិធីបុណ្យកថិន បុណ្យបច្ច័យបួន ឬពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ជាដើម រីឯការសម្ដែងទៀតសោត គឺទាមទារតួអង្គប្រហែល ៥០នាក់។
ល្ខោនយីកេមានលក្ខណៈស្រដៀងគ្នានឹងល្ខោនដទៃទៀតដែរ តែយីកេខុសត្រង់ថា តួអង្គជាអ្នកសម្ដែងផង រាំផង និងច្រៀងផងប៉ុណ្ណោះ។
ប្រធានសភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក ង៉ែត សុខឡា យល់ថា បើសិនជាមានការគាំទ្រពេញលេញពីរដ្ឋាភិបាល ល្ខោនយីកេមិនបាត់បង់នោះទេ។ ប៉ុន្តែលោកចង់ឲ្យយុវជនជំនាន់ក្រោយ គួរនាំគ្នាសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌របស់ខ្លួនឲ្យបានច្បាស់ ជាក់ស្ដែងដូចជាកេរដំណែលល្ខោនយីកេ ជាដើម ដើម្បីជួយផ្សព្វផ្សាយសិល្បៈដូនតាមួយនេះបន្តទៅកាន់ខ្មែរក្រោយៗទៀត៖ «សូម្បីតែយើងនាំគ្នាច្រៀងល្ខោនយីកេ និងនិយាយថាយីកេ ក៏អាចចូលរួមថែរក្សាល្ខោនយីកេដែរ»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ទទួលស្គាល់ថា សិស្សដែលមករៀនល្ខោនយីកេក្នុងសាលាមធ្យមវិចិត្រសិល្បៈ គឺមានចំនួនថយចុះ និងជួបភាពលំបាកមែន ប៉ុន្តែក្រសួងបានសម្រួលឲ្យពួកគេអាចស្នាក់នៅក្នុងសាលា ចំណែកការផ្គត់ផ្គង់អាហារជាដើម គឺក្រសួងពុំមានលទ្ធភាពផ្ដល់ឲ្យឡើយ៖ «អ្វីដែលក្រសួងធ្វើបាន គឺផ្ដល់កន្លែងស្នាក់នៅឲ្យកូនសិស្សនៅសាលា»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បញ្ជាក់ថា ទោះជាយ៉ាងណាក្ដី ល្ខោនយីកេនៅតាមទីជនបទ នៅតែទទួលបានការពេញនិយមនៅឡើយ ហើយរយៈពេលកន្លងមក ក្រសួងតែងតែបញ្ជូនគ្រូជំនាញដើម្បីហ្វឹកហាត់ និងពន្យល់បន្ថែមទៅដល់ក្រុមសិល្បៈល្ខោនយីកេទាំងនោះ៕
No comments:
Post a Comment