Saturday, December 17, 2016

សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​យល់​ព្រម​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ភ្នំ​ដោះ​ក្រមុំ


គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​អាជ្ញាធរ​កាត់​ទុក​សម្រាប់​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ក្រុង និង​ស្រុក​ចំនួន​៥ នៅ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​អភិរក្ស​ភ្នំ​នេះ​ទុក​ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ជា​សម្បត្តិ​វប្បធម៌​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស។

លក្ខខណ្ឌ​ទាំង ៦​ចំណុច ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង​សហគមន៍ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ភាគី​ពាក់ព័ន្ធ​រួម​មាន​ដី​តំបន់​ដោះ​ក្រមុំ ត្រូវ​សុំ​ចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ និង​ជា​ទុក​ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។ ការ​ធ្វើ​ផ្លូវ និង​របង​ហ៊ុមព័ទ្ធ​បរិវេណ​តំបន់​បូជនីយដ្ឋាន។ រាល់​ការ​អភិវឌ្ឍ​នានា នៅ​តំបន់​នេះ​ត្រូវ​មាន​ការ​ចូល​រួម​សម្រេច​ពី​សហគមន៍។ រៀបចំ​បង្កើត​គណៈកម្មការ​សហគមន៍​ថ្មី​ឡើង​វិញ និង​បើក​ទីស្នាក់ការ​សហគមន៍​ព្នង ខេត្ត​មណ្ឌលគិរី។

តំណាង​សហគមន៍​ព្នង​ប្រចាំ​ស្រុក និង​ក្រុង​សរុប​៥ នៅ​​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា សហគមន៍​យល់​ព្រម​កាត់​ចេញ​ដី​ប្រមាណ ៨០​អារ ប្រគល់​ទៅ​ឲ្យ​មន្ទីរ​ចំនួន​៤ ប្រើប្រាស់​ជា​កម្មសិទ្ធិ​រដ្ឋ​ចំណែក​អាជ្ញាធរ​បាន​សម្រេច​កាត់​ចេញ​ដី​ដែល​ប្រជាពលរដ្ឋ ១១​គ្រួសារ​ និង​ដី​មួយ​ផ្នែក​របស់​មន្ត្រី​ប៉ូលិស​ដែល​បាន​ធ្វើ​របង​ចូល​បរិវេណ​ដី​ភ្នំ​ដាក់​បញ្ជូន​ជា​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ​វិញ។

លោក​ថា ការ​ព្រមព្រៀង​គ្នា​នេះ​តំណាង​សហគមន៍​បី​នាក់ បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្នុង​កិច្ច​ប្រជុំ​​សម្របសម្រួល​នៅ​សាលា​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ៖ «អ្វី​ដែល​យើង​បាន​ជជែក យើង​ត្រូវ​បញ្ចប់​បញ្ហា​ទាំង​អស់​ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​ចាប់​ដៃ​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ»។

ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី។ កាល​ពី​ឆ្នាំ​២០០៤ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​ចាត់​ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​មាន​ទំហំ​ដី​ជាង ១០២​ហិកតារ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក ស្រី ទូច បញ្ជាក់​ដែរ​ថា ក្រសួង​វប្បធម៌ និង​ធ្វើ​របាយការណ៍​ស្ដីពី​កិច្ច​ព្រមព្រៀង​ជាមួយ​សហគមន៍​នេះ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​សុំ​ការ​សម្រេច​មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ។ លោក​បន្ត​ថា ភ្នំ​ដោះ​ក្រមុំ នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ជា​សារមន្ទីរ​ជាតិ​ពន្ធុ​វិទ្យា​ដើម្បី​រក្សា​នូវ​ស្នាដៃ​សិល្បៈ​សិប្បកម្ម និង​វត្ថុ​បូរាណ​របស់​ជនជាតិ​ដើម​ភាគ​តិច​រួម​ទាំង​កសាង​ផ្ទះ​ស្នាក់​នៅ​គំរូ ជនជាតិ​ដើម​ភាគ​តិច​បង្ហាញ​ពី​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច៖ «លទ្ធផល​ដែល​បាន​ឯកភាព​គ្នា​ដាក់​ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ស្នើ​សុំ​កាត់​ដី​ទៅ​នាយករដ្ឋមន្ត្រី ពីព្រោះ​អា​ហ្នឹង​ទាក់ទង ស.ជ.ណ។ បើ​សិន​នាយករដ្ឋមន្ត្រី​គាត់​ឯកភាព​ទៅ​លើ​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​បាន​លទ្ធផល ហើយ​បាន​យើង​ចុះ​វាស់វែង​ឡើង​វិញ»។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នានា នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ បន្ទាប់​ពី​សហគមន៍​កាល​ពី​ខែ​សីហា នាំ​គ្នា​តវ៉ា​ទៅ​នឹង​ការ​ឈូស​ឆាយ​ដី​តំបន់​ភ្នំ​ដើម្បី​រៀបចំ​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ស្រាវជ្រាវ​រ៉ែ និង​ថាមពល និង​ប្រេងកាត​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ដាច់​​ស្រយាល​មួយ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សាទរ​ចំពោះ​កិច្ច​​ព្រមព្រៀង​រវាង​សហគមន៍ និង​អាជ្ញាធរ​ថា ជា​កិច្ច​សហការ​ល្អ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​តំបន់​ភ្នំ​នេះ។ លោក​កត់សំគាល់​ថា ភ្នំ​ដោះ​ក្រមុំ ដោះ​ក្រមុំ​ក្រៅ​ពី​ជា​តំបន់​បូជនីយកិច្ច​របស់​ជន​ជាតិ​ដើម​ភាគតិច​ភ្នំ​នេះ ក៏​ជា​តំបន់​ទេសចរណ៍​មាន​ប្រជាប្រិយភាព​ហេតុ​នេះ​សហគមន៍ និង​មន្ទីរ​វប្បធម៌​ត្រូវ​រួម​គ្នា​រៀបចំ​តំបន់​នេះ​ឡើង​វិញ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត៖ «ដែល​គាត់​ថា ទុក​ដី​ភ្នំ​ដោះក្រមុំ ទុក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ជា​ទី​សក្ការៈ​បូជា​ដែល​ហៅ​ថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​មិន​យក​ទៅ​លក់​ដូរ​មិន​យក​ទៅ​ជា​កម្មសិទ្ធិ​ឯកជន យើង​គាំទ្រ​ចំពោះ​ការ​ដក​ហូត​ដី​មក​ទុក​វិញ»។

តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍​បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​ជាង ៧០​ហិកតារ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ អង្គភាព​ទឹក​ស្អាត មន្ទីរ​មុខ​ងារ​សាធារណៈ មន្ទីរ​រ៉ែ និង​ថាមពល រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​ឯកជន​បាយ័ន ចូល​ទៅ​តាំង​លំនៅ និង​បោះ​ទីតាំង​នៅ​ទី​នោះ៕

No comments:

Post a Comment