ពលរដ្ឋខេត្តកំពង់ឆ្នាំងចោទរោងចក្រជ្រលក់ពណ៌ថាបញ្ចេញទឹកកខ្វក់ចូលស្រែពលរដ្ឋ
ពលរដ្ឋជាច្រើនភូមិនៃឃុំពានី និងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅតែប្រឈមនឹងបញ្ហាសុខភាព និងធ្វើស្រូវមិនបានផល ដោយសាររោងចក្រជ្រលក់ពណ៌ក្រណាត់ បង្ហូរទឹកស្អុយមានជាតិគីមីចូលស្រែរបស់ពួកគេ។ មន្ត្រីជំនាញបរិស្ថានអះអាងថា ក្រុមហ៊ុនបានបង្កើតអាងប្រតិកម្ម ឬអាងចម្រោះជាតិពុលពីក្នុងទឹក មុននឹងបង្ហូរចេញទៅក្រៅរោងចក្រ។
ក្រៅពីប្រឈមនឹងបញ្ហាសុខភាពមនុស្ស សត្វ និងបរិស្ថាន ដោយសារទឹកមានសារធាតុគីមីបញ្ចេញពីរោងចក្រនេះ នៅមានស្រូវរបស់ពលរដ្ឋចំនួន ៦ភូមិនៃឃុំពានី និងឃុំអូរឫស្សី ក៏រងការខូចខាតដែរ។
មេឃុំពានី លោក អ៊ិន ឃឿន ឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ថា បច្ចុប្បន្នការបង្ហូរទឹកស្អុយ និងមានជាតិពុលចេញពីរោងចក្រ បានកាត់បន្ថយក្រោយពីអាជ្ញាធរ និងមន្ត្រីជំនាញ ចុះណែនាំម្ចាស់រោងចក្រកាលពីអំឡុងខែមិថុនា។ ប៉ុន្តែលោកថាទឹកនៅតែមានពណ៌ខៀវ ហើយលោក និងពលរដ្ឋបារម្ភថា ទឹកមានជាតិពុល នឹងនៅតែត្រូវគេបង្ហូរចេញពីរោងចក្រដដែល បើពុំមានវិធានការគ្រប់គ្រងច្បាស់លាស់៖ «ខ្ញុំបានរាយការណ៍ទៅបរិស្ថានខេត្ត គេបានចុះមើល និងបានណែនាំគេហើយ តែនៅមានរបូតដៃរបូតជើងអ៊ីចឹងទៅណាប្អូន។ ខ្ញុំសំណូមពរថា សូមរកវិធានការណាឲ្យការបង្ហូរទឹកកុំឲ្យប៉ះពាល់ដល់ស្រែពលរដ្ឋ ដែលគាត់ផលិតផលស្រូវអត់បាន ផលហ្នឹងវាអត់បាន វាទៅជារលួយ រេញមិនលូតលាស់ទេ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានរដ្ឋបាលរោងចក្របោកគក់ និងជ្រលក់ពណ៌ក្រណាត់ ដែលគេមិនស្គាល់ឈ្មោះ ឋិតនៅភូមិក្រាំងតាឯក ឃុំពានី ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ ខែធ្នូ។
ប៉ុន្តែអនុប្រធានមន្ទីរបរិស្ថាន ទទួលបន្ទុកការអប់រំ និងផ្សព្វផ្សាយការបំពុលបរិស្ថាន លោក គឹម ច័ន្ទបូផាត បញ្ជាក់ថា រោងចក្រនេះកំពុងដំណើរការដោយមានអាងប្រតិកម្មត្រឹមត្រូវ។
អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង រូបនេះបន្ថែមថា បញ្ហារោងចក្របង្ហូរទឹកមានសារធាតុគីមីចេញក្រៅ ដោយពុំបានឆ្លងកាត់អាងប្រតិកម្មនេះ បានដោះស្រាយចប់សព្វគ្រប់ហើយ ដោយភាគីរោងចក្រព្រមទទួលការផាកពិន័យ ហើយមន្ត្រីជំនាញតម្រូវឲ្យអនុវត្តវិធានការមួយចំនួន ដើម្បីបញ្ឈប់ការបញ្ចេញទឹកមានសារធាតុគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបរិស្ថាន៖ «យើងបានរៀបចំឲ្យធ្វើអាងប្រតិកម្មអីបិទភ្ជិតអាទឹកដែលជ្រាបចេញអីរួចរាល់អស់ហើយតើ! មានបញ្ហាអីទៀតដោះស្រាយបានយូរហើយ ក្រសួងក៏បានមកជួយអន្តរាគមន៍ដែរ។ ពណ៌ហ្នឹងទីមួយបើយើងប្រើប្រាស់វា ធ្វើឲ្យស្បែកមានបញ្ហា ហើយទន្ទឹមនឹងដីក៏ក្ដាំង ទឹកឡើងខៀវដូចទឹកកំបោរ អាចបង្កជាជំងឺអីផ្សេងៗទៀត»។
ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា រោងចក្រនេះបានដំណើរការជិត ១០ឆ្នាំហើយ ហើយតាំងពីដំណើរការមក រោងចក្របានបញ្ចេញទឹកស្អុយ និងមានជាតិពុលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរហូត។ អ្នកភូមិក្រាំងតាឯក ដែលប៉ះពាល់ពីទឹកនេះផ្ទាល់ ធ្លាប់មានមនុស្សឈឺ និងកើតរមាស់លើស្បែក ចំណែកសត្វគោ ក៏ធ្លាប់ឈឺងាប់ដោយសារផឹកទឹកដែលមានសារធាតុគីមីបង្ហូរចេញពីរោងចក្រនេះដែរ៕
No comments:
Post a Comment