
សហគមន៍ការពារព្រៃឈើភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ បានដុតវត្ថុតាងបទល្មើសព្រៃឈើដែលក្រុមល្បាតរឹបអូសបានពីសមាជិកសហគមន៍លួចកាប់យកឈើដោយខុសច្បាប់។ ការដុតវត្ថុតាងបទល្មើសព្រៃឈើនេះ ជាសារព្រមានចុងក្រោយរបស់គណៈកម្មការសហគមន៍ ខណៈសមាជិកសហគមន៍កាន់តែច្រើន នាំគ្នាកាប់ឈើក្នុងព្រៃ លក់ទៅឲ្យឈ្មួញ។
តំណាងសហគមន៍ការពារព្រៃឈើភូមិឡែ ព្រមានដាក់ពាក្យប្ដឹងសមាជិកសហគមន៍មួយរូប ទៅស្ថាប័នអយ្យការ ដោយសារតែបានកាប់យកឈើក្នុងព្រៃអភិរក្សធ្វើអាជីវកម្មខុសច្បាប់។
ការព្រមាននេះ ធ្វើឡើងក្រោយពេលពីរថ្ងៃ ដែលសហគមន៍សម្រេចដុតម៉ូតូមួយគ្រឿង និងម៉ាស៊ីនកាត់ឈើមួយគ្រឿង ដែលក្រុមល្បាតសហគមន៍រឹបអូសពីក្រុមអ្នកកាប់ឈើក្នុងព្រៃ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។
ប្រធានសហគមន៍ភូមិឡែ លោក សល់ ណក បញ្ជាក់នៅថ្ងៃទី១ ខែធ្នូ នេះថា ការសម្រេចដុតវត្ថុតាងបទល្មើសព្រៃឈើ គឺជាវិធានការក្តៅបង្ហាញអ្នកពាក់ព័ន្ធលួចកាប់ឈើឲ្យរាងចាល ពីព្រោះការអប់រំណែនាំ និងការផ្សព្វផ្សាយពីវិធានការការពារព្រៃឈើមិនមានប្រសិទ្ធភាពនោះទេ។ លោកថាកំពុងពិភាក្សាផ្ទៃក្នុងសហគមន៍ និងអាជ្ញាធរឃុំ ដើម្បីរៀបចំដាក់ពាក្យប្ដឹងជនពាក់ព័ន្ធកាប់ឈើក្នុងព្រៃការពារនេះ ទៅស្ថាប័នតុលាការទៀតផង៖ «ម៉ាស៊ីនមួយគ្រឿង ម៉ូតូមួយគ្រឿងគេដុត វាទៅកាប់ឈើ ឈើហ៊ុបយើងចំថ្ងៃគេល្បាតគេចាប់បាន ក្នុងព្រៃឈើប៉ុនណាប៉ុនណី»។
ក្រុមល្បាតព្រៃសហគមន៍ភូមិឡែ ប្រមាណ ៣០នាក់កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានប្រទះឃើញក្រុមអ្នកលួចអារឈើមួយក្រុមមានគ្នាបីនាក់ ក្នុងនោះម្នាក់ជាសមាជិកសហគមន៍ឈ្មោះ រម៉ាម ធា រួមទាំងកម្មករពីរនាក់ បានអាររំលំឈើមូលជាង ១០ដើម ដើម្បីអារច្រៀកជាឈើជ្រុងបំណងដឹកជញ្ជូនទៅលក់ឲ្យឈ្មួញ។ ខណៈនោះ ក្រុមល្បាតសហគមន៍បានរឹបអូសម៉ាស៊ីនកាត់ឈើមួយគ្រឿង និងម៉ូតូបីគ្រឿងរបស់ក្រុមអារឈើ ហើយសម្រេចដុតម៉ូតូមួយគ្រឿង និងម៉ាស៊ីនកាត់ឈើមួយគ្រឿងជាការព្រមាន។ ចំណែកម៉ូតូពីរគ្រឿងទៀត ក្រុមល្បាតព្រៃយកមករក្សាទុកជាវត្ថុតាង ដើម្បីធ្វើរបាយការណ៍ជូនអាជ្ញាធរឃុំ។
មេឃុំលំជ័រ លោក សេវ ស្វាន គាំទ្រការព្រមានដោយវិធីដុតវត្ថុតាងបទល្មើសព្រៃឈើ ដែលសហគមន៍ថាជាជម្រើសចុងក្រោយ ដោយសារតែសមាជិកសហគមន៍កាន់តែច្រើន បំពានបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈសហគមន៍ចូលព្រៃកាប់ឈើ មិនស្តាប់អាជ្ញាធរប្រពៃណីអប់រំណែនាំឡើយ។ លោកថា វត្ថុតាងនៅសេសសល់ អាជ្ញាធររួមជាមួយគណៈកម្មការសហគមន៍ រៀបចំធ្វើរបាយការណ៍ជូនអាជ្ញាធរស្រុកសម្រេច៖ «ខុសលើសលប់ពេក បើកំហុសវាច្រើនលើកច្រើនសា ឲ្យគាត់ឈប់។ គាត់មិនឈប់។ យើងយោងតាមប្រជុំដែលយើងទៅប្រជុំ ហើយអត់ស្អីទេ ខ្ញុំគាំទ្រ»។
គណៈកម្មការព្រៃការពារសហគមន៍ភូមិឡែ បានរកឃើញសមាជិកសហគមន៍ជាង ២០នាក់មានជាប់ពាក់ព័ន្ធការកាប់យកឈើក្នុងព្រៃ លក់ទៅឲ្យឈ្មួញ។ លើសពីនោះទៀត សហគមន៍ក៏បានរកឃើញសមាជិកសហគមន៍ភូមិសោមគល់ ក៏បានកាប់រានព្រៃការពារសហគមន៍អស់ជាង ១០ហិកតារ ដើម្បីយកដីជាកម្មសិទ្ធិ រួមទាំងកាប់យកឈើលក់ទៅឲ្យឈ្មួញដូចគ្នា។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ការកើនឡើងបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍បច្ចុប្បន្ន គឺបណ្ដាលមកពីសមាជិកសហគមន៍ផ្ទាល់ ចំណែកដំណោះស្រាយអប់រំណែនាំតាមរយៈអាជ្ញាធរប្រពៃណី ឬគណៈកម្មការសហគមន៍មិនមានប្រសិទ្ធភាពទេ។ លោកថា ការដុតបំផ្លាញវត្ថុតាងបទល្មើសព្រៃឈើ មិនមែនជាជម្រើសល្អ ប៉ុន្តែលោកថា ការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តវិធានការច្បាប់ គឺជាកត្តាសំខាន់ដើម្បីលុបបំបាត់សកម្មភាពកាប់បំផ្លាញព្រៃឈើថ្មីនេះ៖ «មិនចង់ឲ្យដុតអ៊ីចឹង វាខាតផលប្រយោជន៍ទាំងសងខាង។ យើងចង់ឲ្យសហគមន៍យល់ដឹងពីសារសំខាន់នៃការទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ បញ្ចេញសារព្រមានកាលពីចុងខែវិច្ឆិកា ទៅសមាជិកសហគមន៍ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ ថានឹងអនុវត្តច្បាប់ ប្រសិនអ្នកភូមិមិនទទួលយកការអប់រំឲ្យបញ្ឈប់ការលួចកាប់ឈើក្នុងព្រៃ៕
No comments:
Post a Comment