
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងអាជ្ញាធរមូលដ្ឋានឃុំបិតត្រាំង ខេត្តព្រះសីហនុ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់សកម្មភាពកាប់ទន្ទ្រានដីគម្របព្រៃឈើ និងដីភ្នំធ្វើកម្មសិទ្ធិឯកជន ផ្ដើមដោយជនខិលខូចមួយចំនួន និងគ្មានសមត្ថកិច្ចជំនាញចេញមុខទប់ស្កាត់។
ការព្រួយបារម្ភជាថ្មីទៀតរបស់សង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននាខេត្តព្រះសីហនុ ទៅលើបទល្មើសកាប់បំផ្លាញដីគម្របព្រៃឈើ និងទន្ទ្រានដីភ្នំធ្វើកម្មសិទ្ធិពីសំណាក់មន្ត្រីមានអំណាចកំពុងបម្រើការងារក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្ន ឈ្មួញមានងារជាឧកញ៉ា និងពលរដ្ឋមួយចំនួន ដោយសារតែបទល្មើសនេះមិនត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាបទេ។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះអង្កេតដល់មូលដ្ឋានមួយចំនួន មានឃុំរាម និងឃុំបិតត្រាំង ជាដើម មានទីតាំងនៅក្នុងស្រុកព្រៃនប់ បានស្នើប្រមុខដឹកនាំរដ្ឋាភិបាល ជួយទប់ស្កាត់ភាពអនាធិបតេយ្យនៃការទន្ទ្រានកាន់កាប់ដីភ្នំ និងដីព្រៃឈើដែលនៅសេសសល់នាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ឲ្យបានទាន់ពេល។
លោកសង្កត់ធ្ងន់ថា សកម្មភាពកាប់ទន្ទ្រានព្រៃឈើ និងដីភ្នំជាដើមនាខេត្តព្រះសីហនុ មកដល់ពេលនេះ គ្មានសមត្ថកិច្ចពីស្ថាប័នជំនាញណាមួយចេញមុខទប់ស្កាត់ទេ។ អ្នកឃ្លាំមើលសង្គមរូបនេះ អះអាងថា ភាគច្រើនអ្នកនៅពីក្រោយបទល្មើសកាប់រានដីគម្របព្រៃឈើ ឬដីព្រៃភ្នំរបស់រដ្ឋ ដើម្បីធ្វើកម្មសិទ្ធិ គឺគ្មានការបង្ក្រាបពីរដ្ឋបាលខេត្តព្រះសីហនុ ទេ ទាំងពេលកន្លងទៅ និងបច្ចុប្បន្ន ហើយបទល្មើសទាំងនេះទំនងជាអាចមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានអំណាចខ្លះ និងឈ្មួញមានទ្រព្យ ដោយមានការឃុបឃិតចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាមួយមន្ត្រីជំនាញនៅតាមស្ថាប័នខ្លះ ទើបគ្មានសកម្មភាពបង្ក្រាបឲ្យមានប្រសិទ្ធភាព។

ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ ព្រួយបារម្ភថា បើបទល្មើសទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ ទំនងជាបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ឲ្យមន្ត្រីក្រោមឱវាទថែរក្សា និងអភិរក្សព្រៃឈើ ឬធនធានធម្មជាតិដែលនៅសេសសល់កាលពីពេលថ្មីៗនេះ នឹងអស់តម្លៃ ឬត្រូវបរាជ័យ ព្រោះគ្មានមន្ត្រីក្រោមឱវាទគោរព និងអនុវត្តតាមទេ៖ «យើងបានចុះមកដល់ទីតាំងដីជាក់ស្តែង គឺនៅចុងឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ហើយទីតាំងនេះ គឺជាគម្របព្រៃឈើឆ្នាំ២០០២ ដែលរាជរដ្ឋាភិបាលបានកំណត់ទុកជាព្រៃឈើសម្រាប់ការពារ និងអភិរក្ស ដើម្បីទុកការពារឆ្នេរសមុទ្រ និងទុកសម្រាប់ទេសចរណ៍បៃតងនាខេត្តព្រះសីហនុ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាប្រទេសកម្ពុជា យើង ពិសេសចូលមកទស្សនាខេត្តព្រះសីហនុ។ ប៉ុន្តែគួរឲ្យសោកស្ដាយនៅពេលដែលយើងបានចុះមកដល់ទីតាំងនេះ សង្កេតឃើញថា ទីតាំងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលមានទីតាំងនៅជាប់មាត់សមុទ្រតំបន់ចុងឆ្នេរអូរត្រេះពេលនេះ ត្រូវគេកាប់ទន្ទ្រានធ្វើកម្មសិទ្ធិទាំងស្រុង និងមានសង់ផ្ទះតូចធំជាច្រើនខ្នងនៅលើដីគម្របព្រៃឈើ ដែលរដ្ឋាភិបាលបានបម្រុងទុកនោះថែមទៀត»។
បញ្ហានេះ អាជ្ញាធរមូលដ្ឋានមួយចំនួននាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ធ្លាប់បង្ហាញការព្រួយបារម្ភនៅគ្រាសង្កេតឃើញថា ដីគម្របព្រៃឈើ និងដីភ្នំស្ទើរទាំងអស់នាមូលដ្ឋាននេះ ត្រូវប្រជាពលរដ្ឋ ពិសេសមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមានងារឧកញ៉ា បានរំលោភធ្វើកម្មសិទ្ធិដោយគ្មានមន្ត្រីពីស្ថាប័នណាមួយចេញមុខទប់ស្កាត់ទេកន្លងទៅ។
មេឃុំបិតត្រាំង លោក អ៊ឹង សារ៉ុម សោកស្ដាយដែលធនធានធម្មជាតិមានដីគម្របព្រៃឈើ និងដីភ្នំជាដើមដែលជាដីសាធារណៈរបស់រដ្ឋ ហើយការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវគេទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។
ផ្តល់សម្ភាសដល់អ្នកយកព័ត៌មានអាស៊ីសេរី បង្ហាញពីទឹកមុខភ័យព្រួយ លោក អ៊ឹង សារ៉ុម មេឃុំបិតត្រាំង បានអំពាវនាវដល់ប្រមុខដឹកនាំ និងថ្នាក់ដឹកនាំស្ថាប័នគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់ជាតិ និងថ្នាក់ខេត្តព្រះសីហនុ ជួយទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើ និងដីភ្នំពីសំណាក់ជនខិលខូចមួយចំនួន ឲ្យបានគង់វង្ស និងមានប្រសិទ្ធភាព។
មេឃុំបិតត្រាំង ក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់ ឬរឹបអូសយកដីព្រៃឈើ ឬដីព្រៃភ្នំ ដែលត្រូវគេរំលោភ និងហ៊ុមព័ទ្ធរបងធ្វើកម្មសិទ្ធិនាមូលដ្ឋាននេះ យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ៖ «អ៊ីចឹងដើម្បីឲ្យទ្រព្យសម្បត្តិដែលជាកេរដំណែលរបស់ដូនតាបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ អាចរក្សាបានគង់វង្សយូរអង្វែង និងមិនឲ្យបាត់បង់នៅមូលដ្ឋានឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យើងខ្ញុំជាតំណាងឲ្យប្រជាពលរដ្ឋថ្នាក់ឃុំបិតត្រាំង សូមសំណូមពរដល់រាជរដ្ឋាភិបាលតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ សូមមេត្តាជួយចាត់ចែង និងការពារអភិរក្សព្រៃឈើ ភ្នំ និងតំបន់ឆ្នេរនៅមូលដ្ឋាននេះ ដើម្បីកុំឲ្យបាត់បង់ធាតុដើម ដែលជាទម្រង់មួយដែលអាចបង្ហាញពីសោភ័ណភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ពិសេសតំបន់ឆ្នេរនៅក្នុងមូលដ្ឋាននេះនាថ្ងៃអនាគត»។
លោក អ៊ឹង សារ៉ុម មេឃុំបិតត្រាំង បង្ហាញការសោកស្ដាយថា ដីគម្របព្រៃឈើ និងដីព្រៃភ្នំដែលនៅសេសសល់នាខេត្តព្រះសីហនុ មិនគួរថ្នាក់ដឹកនាំនៅតាមស្ថាប័នជំនាញនានា ទុកបណ្តោយឲ្យមានការឃុបឃិតរំលោភយកធ្វើកម្មសិទ្ធិអនាធិបតេយ្យដូចរាល់ថ្ងៃនេះទៀតទេ ព្រោះអាចនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ធ្ងន់ធ្ងរនៅថ្ងៃអនាគត។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ និងអ្នកទេសចរដែលចូលមកទស្សនាខេត្តនេះ ក៏បានរិះគន់រដ្ឋបាលខេត្តព្រះសីហនុ ដែលទុកបណ្តោយឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងព្រៃកោងកាងរានដីធ្វើកម្មសិទ្ធិឯកជន កើតមានអនាធិបតេយ្យ និងគ្មានអាជ្ញាធរហាមឃាត់។ ពួកគេក៏បានអំពាវនាវដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីនៅតាមក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ជួយចុះអង្កេត និងឈានដល់ដកហូតដីភ្នំ ឬដីគម្របព្រៃឈើដែលត្រូវមន្ត្រីពាក់ផ្កាយ ឈ្មួញមានងារជាឧកញ៉ា និងប្រជាពលរដ្ឋមួយចំនួន រំលោភយកនាពេលកន្លងទៅ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និយាយដដែលៗថា បានដាក់បទបញ្ជាដល់មន្ត្រីជំនាញនៅតាមមន្ទីរ ឬស្ថាប័នពាក់ព័ន្ធនានាក្រោមឱវាទខេត្ត ឲ្យចុះទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើ ឬដីភ្នំនេះជាបន្តបន្ទាប់រួចហើយ។ លោកព្រមានថា សកម្មភាពទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ការពារដោយរដ្ឋធម្មនុញ្ញ គឺជាទង្វើខុសច្បាប់។
បញ្ហានេះ លោក យន្ត មីន ស្នើដល់អ្នកជាប់ពាក់ព័ន្ធសកម្មភាពកាប់រានដីគម្របព្រៃឈើ និងដីភ្នំដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទាំងពលរដ្ឋ ឈ្មួញ និងមន្ត្រីរាជការក្តី ត្រូវដកខ្លួនជាបន្ទាន់ ព្រោះរដ្ឋបាលខេត្តនឹងដាក់របាយការណ៍ជុំវិញបទល្មើសបំផ្លាញធនធានធម្មជាតិទាំងនេះ ជូនថ្នាក់ដឹកនាំពិនិត្យ និងឈានដល់មានវិធានការតាមផ្លូវច្បាប់ ចំពោះអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនេះ។
ទោះបីជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាបនាមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ថ្លែងរិះគន់ចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថាមានភាពកម្សោយ និងមិនអាចមានលទ្ធភាពទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើ ឬដីភ្នំដែលកើតមានអនាធិបតេយ្យនេះមានប្រសិទ្ធភាពនោះទេ ព្រោះបទបញ្ជាដែលលោក យន្ត មីន បានដាក់ឲ្យមន្ត្រីជំនាញក្រោមឱវាទរដ្ឋបាលខេត្តនេះអនុវត្តកន្លងទៅ គឺគ្មានអ្នកអនុវត្តតាមឲ្យមានប្រសិទ្ធភាពទេ ហើយបទល្មើសកាប់រានដីព្រៃឈើ និងដីភ្នំនាមូលដ្ឋាននេះ នៅតែបន្តកើតមានជាបន្តបន្ទាប់នៅក្នុងអាណត្តិដឹកនាំរបស់លោក។ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តព្រះសីហនុ នឹងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់របស់រដ្ឋបាលខេត្តនេះ ថាតើអាចទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីភ្នំ និងដីគម្របព្រៃឈើដែលនៅសេសសល់មានប្រសិទ្ធភាពដែរឬទេ?៕
No comments:
Post a Comment