Tuesday, December 13, 2016

អភិបាល​ខេត្ត​ព្រះសីហនុ​ប្រកាស​ឲ្យ​ពលរដ្ឋ​៤​ភូមិ​នៅ​កោះរ៉ុង​ត្រៀម​ឯកសារ​ចុះ​បញ្ជី​ដីធ្លី




រមណីយដ្ឋាន​ឆ្នេរ​សុខសាន្ត នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea



រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ៤​ភូមិ​នៃ​សង្កាត់​កោះរ៉ុង និង​អ្នក​ជាប់​ពាក់ព័ន្ធ ឲ្យ​ត្រៀម​ឯកសារ​ដី​លំនៅឋាន និង​ដី​កសិកម្ម​នា​មូលដ្ឋាន​នេះ បង្ហាញ​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​វាស់វែង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​លើ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ចម្រុះ​នៃ​ស្ថាប័ន​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី បាន​ចុះ​ទៅ​ដល់​សង្កាត់​កោះរ៉ុង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដើម្បី​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ មាន​ភូមិ​សុខសាន្ដ ភូមិ​ដើមស្វាយ ភូមិ​កោះតូច និង​ភូមិ​ដើមថ្កូវ ដើម្បី​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ពលរដ្ឋ។

លោក​អភិបាល បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​យក​ឯកសារ​ពាក់ព័ន្ធ​ដី​លំនៅឋាន និង​ដី​កសិកម្ម​នៅ​តាម​គ្រួសារ​រៀង​ខ្លួនៗ ទៅ​បង្ហាញ​មន្ត្រី​ជំនាញ ដើម្បី​ឲ្យ​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ប្រមូល​ទិន្នន័យ​កំណត់​ក្បាល​ដី ឬ​ព្រំ​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង ឲ្យ​ទទួល​បាន​លទ្ធផល​តាម​ការ​គ្រោង​ទុក៖ «តាម​ផែនការ​របស់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ដែនដី គឺ​គាត់​ចង់​ចុះ​វាស់វែង​ដី​ប្រមូល​ទិន្នន័យ​ឲ្យ​រួច​រាល់​ក្នុង​រយៈពេល​ត្រឹម ១​សប្ដាហ៍ ឬ ២​សប្ដាហ៍ ឲ្យ​រួច​រាល់​នៅ​លើ​សង្កាត់​កោះរ៉ុង នេះ ដោយ​គាត់​បាន​កែន​គរ​មន្ត្រី​ជំនាញ​មក​រាប់​រយ​នាក់ ឲ្យ​ចូលរួម​សហការ​ធ្វើ​កិច្ច​ការងារ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ចុះ​អនុវត្ត​ការងារ​ប្រមូល​ទិន្នន័យ​វាស់​ដី​ជូន​ពលរដ្ឋ​ទាំង ៤​ភូមិ​នៅ​លើ​កោះរ៉ុង ឲ្យ​ហើយ»។

លោក យន្ត មីន ឲ្យ​ដឹង​ថា ក្រុម​ការងារ​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី ដែល​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ចុះ​បញ្ជី​ដីធ្លី​នៅ​លើ​សង្កាត់​កោះរ៉ុង គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ហើយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ៤​ភូមិ​នៃ​សង្កាត់​កោះរ៉ុង និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ទាំងអស់​គ្នា។
ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​សុខសាន្ត និង​ភូមិ​កោះតូច ជាដើម ដែល​មាន​ផ្ទះ និង​ដី​កសិកម្ម ឬ​ចម្ការ​នៅ​លើ​សង្កាត់​កោះរ៉ុង សំណូមពរ​ឲ្យ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល ចុះ​វាស់​បែងចែក​ក្បាល​ដី ឬ​កំណត់​ព្រំ​ដី​ជូន​ប្រជាពលរដ្ឋ និង​ដី​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ព្រម​ទាំង​ដី​ព្រៃ​បម្រុង​ទុក​ជា​ឧទ្យាន​ជាតិ​របស់​រដ្ឋាភិបាល ឲ្យ​បាន​លឿន ដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​បង្កបង្កើនផល​កសិកម្ម​នៅ​លើ​ដី​ចម្ការ ឬ​សង់​ផ្ទះ​ដោយ​ស្រប​ច្បាប់៖ «សូម​ជួយ​ផ្សព្វផ្សាយ​យក​សម្ដី​របស់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​សង្កាត់​កោះរ៉ុង ឲ្យ​បាន​ដឹង​ឮ​ដល់​សម្ដេច ហ៊ុន សែន និង​ក្រុម​ការងារ​ថ្នាក់​ខេត្ត-ក្រុង​ព្រះសីហនុ ផង ស្នើ​ឲ្យ​ចុះ​មក​វាស់វែង​បែង​ចែក​ដី​ជូន​ពលរដ្ឋ និង​ក្រុមហ៊ុន ដើម្បី​ឲ្យ​ពលរដ្ឋ​អស់​ចម្ងល់។ ចង់​ឲ្យ​វាស់​កំណត់​ព្រំ​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់»។

ចៅ​សង្កាត់​កោះរ៉ុង លោក អ៊ួង និត បង្ហាញ​អត្រា​ប្រជាពលរដ្ឋ​ទាំង ៤​ភូមិ​នៅ​លើ​សង្កាត់​កោះរ៉ុង សរុប​មាន​គ្នា​ជាង ៦០០​គ្រួសារ ក្នុង​នោះ​ក៏​មាន​អ្នក​ពាក់ព័ន្ធ​មក​ពី​តំបន់​ផ្សេងៗ ហើយ​បាន​មក​ទិញ​ដី ឬ​មាន​ចំណែក​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង នេះ​ជាច្រើន​គ្រួសារ​ដែរ ប៉ុន្តែ​បញ្ហា​នេះ រដ្ឋបាល​សង្កាត់​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ទេ ព្រោះ​មិន​ទាន់​ប្រមូល​ទិន្នន័យ​ផ្លូវ​ការ​អំពី​អត្រា​ពលរដ្ឋ​ចូល​មក​រស់នៅ​តំបន់​នេះ​ច្បាស់លាស់​ទេ។

លោក អ៊ួង និត ស្វាគមន៍​សកម្មភាព​ស្រង់​ទិន្នន័យ ឬ​សកម្មភាព​វាស់​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​ឈាន​ដល់​ចុះ​បញ្ជី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​ស្រប​ច្បាប់។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ថា ក្រុម​ការងារ​ចុះ​វាស់​ដី និង​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ពេល​នេះ ប្រយោជន៍​ដើម្បី​កំណត់​ដែនដី​ព្រៃ​ឈើ​សម្រាប់​ឧទ្យាន​ជាតិ​កោះរ៉ុង និង​ផ្ទៃដី​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ឲ្យ​បាន​ច្បាស់លាស់។

លោក យន្ត មីន បញ្ជាក់​ថា ការងារ​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​នេះ មិន​ទាន់​មាន​បាតុភាព​អ្វី​កើត​ឡើង​នៅ​ឡើយ​ទេ៕

No comments:

Post a Comment