
គ្រូបង្រៀននៅខែត្រស្ទឹងត្រែង ចោទប្រធានមន្ទីរអប់រំខែត្រនេះ ថាបានលុបឈ្មោះគាត់ចេញពីក្របខ័ណ្ឌរដ្ឋដោយគ្មានមូលហេតុ។ អតីតនាយិកាសាលាបឋមសិក្សា ខាំផាន់ ឲ្យដឹងថា ប្រធានមន្ទីរអប់រំ ខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មានចេតនាបញ្ឈប់អ្នកស្រីចេញពីក្របខ័ណ្ឌរដ្ឋ ដោយមើលឃើញថាអ្នកស្រីមានសាច់ញាតិជាសកម្មជនគាំទ្រគណបក្សប្រឆាំង និងសង្ស័យថាអ្នកស្រីជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ។
អតីតនាយិកាសាលាបឋមសិក្សា ខាំផាន់ និងជាគ្រូបង្រៀនរស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង អំពាវនាវនៅថ្ងៃទី៣០ វិច្ឆិកា សុំឲ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ អន្តរាគមន៍ចំពោះវិធានការរបស់ប្រធានមន្ទីរអប់រំ ខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បានសម្រេចបញ្ឈប់អ្នកស្រីចេញពីក្របខ័ណ្ឌរដ្ឋ កាលពីខែឧសភា ឆ្នាំ២០១៤។
អតីតនាយិកាសាលាបឋមសិក្សា ខាំផាន់ អ្នកស្រី ចន្ទ ធីតា ឲ្យដឹងនៅថ្ងៃទី៣០ វិច្ឆិកា ថា ប្រធានមន្ទីរអប់រំ ខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មានចេតនាផ្តាច់ឈ្មោះនាងចេញពីគ្រូបង្រៀនក្របខ័ណ្ឌរដ្ឋ នៅគ្រាដែលដឹងថា ឪពុកមា និងស្វាមីរបស់អ្នកស្រី មាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ។
អ្នកស្រីកត់សម្គាល់ថា លោក ហ៊ាង ប៉ូលី ធ្លាប់បានប្រកាសជាសាធារណៈក្នុងសិក្ខាសាលា ដោយបញ្ជាក់ថា ប្រសិនបើលោកព្រមឯកភាពបញ្ចូលឈ្មោះនាងក្នុងក្របខ័ណ្ឌរដ្ឋវិញ លោកនឹងចុះចេញពីតំណែង។ អ្នកស្រីចាត់ទុកការប្រកាសបែបនេះ ថាជាសារព្រមានដល់ក្រុមគ្រូបង្រៀនផ្សេងទៀតមិនឲ្យរើបម្រះ នៅពេលដែលមានគ្រូបង្រៀនមួយចំនួនកំពុងរងការគាបសង្កត់ពីប្រធានមន្ទីរអប់រំ។
អ្នកស្រីចាត់ទុកការសម្រេចនេះ ធ្វើឡើងគ្មានមូលដ្ឋាន និងផ្ទុយពីក្របខ័ណ្ឌច្បាប់៖ «ការលុបឈ្មោះខ្ញុំចេញពីគ្រូបង្រៀនរបស់លោក ហ៊ាង ប៉ូលី ជារឿងអយុត្តិធម៌ និងជាឃោរឃៅបំផុតសម្រាប់ខ្ញុំ ព្រោះអីអត់មានហេតុផលច្បាស់លាស់ ហើយអត់មានប្រាប់ខ្ញុំពីមូលហេតុថា នាងខ្ញុំឈ្មោះអី ហៅទៅណែនាំតាមសារាចរតាមក្រសួងអប់រំ គេកំណត់សោះ»។
អ្នកស្រី ចន្ទ ធីតា បន្ថែមថា ប្រធានមន្ទីរអប់រំខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បានយកអំណាចជាប្រធានមន្ទីរដកឈ្មោះគ្រូបង្រៀន និងធ្វើទុក្ខបុកម្នេញដល់គ្រូដទៃទៀតជាច្រើននាក់ ហើយក្រុមគ្រូបង្រៀនទាំងនោះបានប្ដឹងទាមទាររកយុត្តិធម៌ច្រើនករណី តែពុំទទួលលទ្ធផល។ អ្នកស្រីត្អូញថា ក្រោយពីក្រសួងអប់រំ បានផ្តាច់ឈ្មោះអ្នកស្រីចេញពីក្របខ័ណ្ឌគ្រូបង្រៀន បណ្ដាលឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ ម្យ៉ាងអ្នកស្រីបានខ្ចីបុលប្រាក់ខែគេមុនជាច្រើនលានរៀល ដោយរំពឹងថាប្រាក់ខែរបស់ខ្លួនអាចទូទាត់សងត្រឡប់វិញ។ តែផ្ទុយទៅវិញ អ្នកស្រីត្រូវគេបញ្ឈប់ពីការងារ ហើយគ្មានប្រាក់បង្វិលសងម្ចាស់បំណុលនោះទេ៖ «បន្ទាប់ពីគេលុបឈ្មោះនាងខ្ញុំចេញពីគ្រូបង្រៀនមក នាងខ្ញុំអត់បានធ្វើការងារអីទេ ព្រោះអីមុខរបរជាគ្រូបង្រៀនហ្នឹងខ្ញុំស្រឡាញ់។ ជីវភាពខ្ញុំលំបាកណាស់ ព្រោះអីការងារហ្នឹង ខ្ញុំពឹងតែមុខរបរបង្រៀនហ្នឹង»។
ក្រោយពីក្រសួងចេញសេចក្តីសម្រេចបញ្ឈប់នាយិកាសាលាបឋមសិក្សា ខាំផាន់ ពលរដ្ឋរស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាង ១០គ្រួសារ បានផ្ដិតមេដៃជំទាស់សេចក្តីសម្រេចនេះ និងសុំឲ្យក្រសួងបញ្ចូលឈ្មោះអ្នកស្រី ចន្ទ ធីតា ជាគ្រូបង្រៀនក្របខ័ណ្ឌរដ្ឋនៅសាលាបឋមសិក្សា ខាំផាន់ វិញ។

ពលរដ្ឋម្នាក់រស់នៅភូមិខាំផាន់ ក្នុងចំណោមពលរដ្ឋជាច្រើនទៀត ដែលបានផ្ដិតមេដៃជំទាស់សេចក្តីសម្រេចរបស់ក្រសួង គឺលោក ប៉ាន់ ឈុន ចាត់ទុកការបញ្ឈប់នាយិកាសាលាបឋមសិក្សា ខាំផាន់ ចេញពីក្របខ័ណ្ឌរដ្ឋ ធ្វើឡើងមិនសមហេតុផល និងប្រកាន់និន្នាការបក្ខពួកនិយម។ លោកអះអាងថា ពលរដ្ឋជាង ១០គ្រួសារ ស្ម័គ្រចិត្តផ្ដិតមេដៃស្នើឲ្យក្រសួងដោះស្រាយបញ្ហានេះដោយយុត្តិធម៌ តែមកទល់ពេលនេះ នៅតែពុំឃើញមានដំណោះស្រាយ៖ «ខ្ញុំសុំអំពាវនាវខាងក្រសួងអប់រំ និងរាជរដ្ឋាភិបាលមេត្តាជួយដោះស្រាយគ្នាឲ្យបានត្រឹមត្រូវ កុំថាមិនឲ្យធ្វើគ្រូក៏ដោយ ឬផ្លាស់ទៅណាក៏ដោយ ឲ្យវាចេញលទ្ធផលខ្លះក្មួយ។ កុំឲ្យថា សំណើស្នើទៅស្ងាត់ឈឹងចឹង ធ្វើមើលតែមនុស្សហ្នឹងដូចគ្មានក្របខ័ណ្ឌ»។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា បានផ្ញើលិខិតជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះដោយយុត្តិធម៌ និងសុំបញ្ចូលឈ្មោះអ្នកស្រី ចន្ទ ធីតា ក្នុងក្របខ័ណ្ឌគ្រូបង្រៀននៅសាលាបឋមសិក្សា ខាំផាន់ វិញ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ពុំឃើញមានចំណាត់ការនៅឡើយ។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី៣០ វិច្ឆិកា ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានផ្តាច់ទូរស័ព្ទនៅគ្រាដែលអាស៊ីសេរី ទូរស័ព្ទចូល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កត់សម្គាល់ថា សមាគមរបស់អ្នកស្រី បានទទួលពាក្យបណ្ដឹងករណីនេះហើយ និងស្វែងរកយន្តការអន្តរាគមន៍ទៅក្រសួង ឲ្យជួយដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែនៅតែពុំមានលទ្ធផល។ អ្នកស្រីយល់ថា ក្រសួងអប់រំ គួរតែស្រាវជ្រាវបញ្ហានេះដោយត្រឹមត្រូវ មុនសម្រេចលុបឈ្មោះគ្រូបង្រៀនតាមសំណើរបស់មន្ទីរអប់រំខែត្រ។
អ្នកស្រីថា គ្រូបង្រៀនបច្ចុប្បន្នកំពុងរងការគាបសង្កត់បញ្ហាជាច្រើន ជាពិសេសការបំបិទសិទ្ធិសេរីភាព និងការរើសអើងបក្ខពួកបានចាក់ឫសជ្រៅក្នុងចង្កោមវិស័យអប់រំ បណ្ដាលឲ្យជះឥទ្ធិពលអាក្រក់ដល់ការបំពេញកាតព្វកិច្ចគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនមួយចំនួនត្រូវគេកាត់ឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋដោយអយុត្តិធម៌៖ «ខ្ញុំសុំទទូចដល់ក្រសួងអប់រំ ក៏ដូចជារដ្ឋាភិបាល មើលការខុសត្រូវចំពោះមន្ត្រីខិលខូចមួយចំនួន ដែលតែងតែយកបុណ្យស័ក្តិរបស់ខ្លួនទៅគាបសង្កត់ដល់លោកគ្រូអ្នកគ្រូ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា ការបញ្ឈប់ និងការចោទប្រកាន់ណាមួយបែបលាបពណ៌ ព្រោះពាក់ព័ន្ធរឿងនយោបាយ នឹងនាំមកនូវអំពើអយុត្តិធម៌ច្រើនដល់សង្គម ជាពិសេសការអនុវត្តការងាររបស់មន្ត្រីជំនាញលើសពីក្របខ័ណ្ឌច្បាប់។ លោកយល់ថា ក្រសួងអប់រំ មុនសម្រេចបញ្ឈប់នាយិកា គួរតែស៊ើបអង្កេតដល់មូលដ្ឋានផ្ទាល់ កុំជឿតែរបាយការណ៍របស់មន្ទីរអប់រំខែត្រ ព្រោះប្រសិនបើការឯកភាពបញ្ឈប់នាយកសាលាធ្វើឡើងដោយមិនស៊ើបអង្កេតគ្រប់ជ្រុងជ្រោយ នឹងបង្កប៉ះពាល់ជីវភាពគ្រូបង្រៀនធ្ងន់ធ្ងរ ជាពិសេសរឿងអយុត្តិធម៌នឹងកាន់តែកើនឡើង៖ «ទោះបីជាគ្រួសារគាត់ ឬប្ដីគាត់ក៏ដោយ ក៏យើងមិនអាចចោទប្រកាន់គាត់ថាជាសកម្មជនរបស់គណបក្សនយោបាយបានដែរ ហើយបើគ្រាន់តែការសង្ស័យ ហើយបញ្ចប់អាជីពការងាររបស់គាត់ ខ្ញុំថាវាជារឿងអយុត្តិធម៌មួយធ្ងន់ធ្ងរ។ ចំណុចនេះវាជាចំណុចខ្វះខាតរបស់ថ្នាក់លើ មិនព្រមស៊ើបអង្កេតនៅពេលដែលមានការចោទប្រកាន់ ឬមានការបញ្ឈប់»។
អ្នកស្រី ចន្ទ ធីតា បានបម្រើការងារជាគ្រូបង្រៀនខែត្រស្ទឹងត្រែង នៅឆ្នាំ២០០២ និងធ្វើជានាយិកាសាលាបឋមសិក្សា ខាំផាន់ តាំងពីឆ្នាំ២០១១ មក។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលមាត្រា៦ និងមាត្រា៧ ចែងថា អ្នករាជការម្នាក់ៗមានសិទ្ធិសុំមើលកំណត់ត្រា និងឯកសារផ្សេងៗដែលជាសំណុំរឿងផ្ទាល់ខ្លួន មុននឹងទទួលខុសត្រូវទណ្ឌកម្មខាងវិន័យ ឬមុននឹងត្រូវផ្លាស់មុខងារដោយបង្ខំ។ អ្នករាជការក្របខ័ណ្ឌ អាចដាក់ឲ្យទៅបម្រើការ ឬមុខងារក្រៅក្របខ័ណ្ឌដើមរបស់ខ្លួនបាន ក្នុងករណីចាំបាច់ និងមានការយល់ព្រមពីសាមីខ្លួន។ អ្នករាជការក្របខ័ណ្ឌ មានសិទ្ធិសុំផ្លាស់កន្លែងធ្វើការទៅតាមប្ដី ឬប្រពន្ធបាន៕
No comments:
Post a Comment