Saturday, December 10, 2016

តុលាការ​​បន្ត​ស៊ើបអង្កេត​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី


សកម្មភាព​លោក​បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត​ចុះ​សិក្សា​ស្រាវជ្រាវ​ព្រៃឡង់ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Brach Chev



គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ធ្នូ គឺ​មាន​រយៈពេល ៥​ខែ​មក​ហើយ ដែល​​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​ល្បីល្បាញ ត្រូវ​ឃាតកម​បាញ់​សម្លាប់ ប៉ុន្តែ​មន្ត្រី​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ថា សំណុំ​រឿង​អំពើ​ឃាតកម្ម​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ​នៅ​ឡើយ។

ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា ពេលវេលា​នៃ​ការ​ស៊ើប​អង្កេត​នេះ គឺ​មិន​ទាន់​អាច​កំណត់​ពេល​ជាក់លាក់​បាន​ទេ ព្រោះ​ការ​ស៊ើប​អង្កេត​វា​អាស្រ័យ​លើ​ទំហំ​នៃ​សំណុំរឿង​នេះ។ លោក លី សុផាណា បញ្ជាក់​ថា កិច្ចការ​អយ្យការ​គឺ​មិន​ដូច​ជា​កិច្ចការ​រដ្ឋបាល​សាធារណៈ​ទេ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារម៉ាត (Star Mart) នៅ​​ស្ថានីយ​ចាក់សាំង កាល់តិច (Caltex) ស្តុប​បូកគោ។ គិត​ពី​ថ្ងៃ​បាញ់​សម្លាប់​មក​ដល់​ពេល​នេះ មាន​ជន​ត្រូវ​ចោទ​ម្នាក់​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច និង​តុលាការ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ។ ក្រៅ​ពី​នេះ អ្នក​សម​គំនិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ តុលាការ​បាន​អះអាង​ថា កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នៅ​ឡើយ៕

No comments:

Post a Comment