
ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ដែលធ្វើការទាក់ទងផ្នែកសិទ្ធិមនុស្ស បានចុះសង្កេតការណ៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ បេសកកម្មនេះ ផ្ដោតសំខាន់លើបច្ចុប្បន្នភាពនៃដំណោះស្រាយផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋ។
កង្វល់ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលយល់ព្រមទទួលសំណងផលប៉ះពាល់ គឺជាចំណុចសំខាន់ដែលក្រុមមន្ត្រីអង្គការសិទ្ធិមនុស្ស ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋដែលបានជម្លៀសចេញពីភូមិចាស់ ទៅតាំងលំនៅឋានថ្មី។
ប្រធានក្រុមការងារអនុគណៈកម្មការស៊ើបអង្កេតនៃសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក ស៊ឹង សែនករុណា បញ្ជាក់ថា មានភាពចន្លោះប្រហោងមួយចំនួនទាក់ទិនគុណភាពទឹកអណ្ដូង និងដីកសិកម្មមិនមានជីជាតិ ធ្វើឲ្យប្រជាពលរដ្ឋតាំងលំនៅឋានថ្មីជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកអំពាវនាវឲ្យអាជ្ញាធរខែត្រ និងក្រុមហ៊ុន យកចិត្តទុកដាក់កែលំអចំណុចខ្វះខាតទាំងនោះ ដើម្បីរក្សាសុខភាព និងផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋអាចប្រកបរបរកសិកម្មបានផលចិញ្ចឹមជីវិត។
លោកថា ប្រជាពលរដ្ឋបានរួមចំណែកចាកចេញពីភូមិកំណើត ដើម្បីរួមចំណែកជាមួយគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ហេតុនេះអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើយ៉ាងណា ឲ្យតំបន់ថ្មីដែលពលរដ្ឋមករស់នៅផ្តល់ភាពកក់ក្តៅសម្រាប់អ្នកភូមិ៖ «ពលរដ្ឋចាកចេញកំពុងប្រឈមបញ្ហាយ៉ាងនេះ សូមឲ្យពិនិត្យឡើងវិញ មិនមែនដោះស្រាយគ្រាន់តែជាការធ្វើឲ្យរួចពីដៃទេ គឺធ្វើឲ្យមានការទទួលខុសត្រូវ ដោយមានការយល់ស្របពីប្រជាពលរដ្ឋ»។
ប្រធានគម្រោងសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិជនជាតិដើមភាគតិច លោក សឺន ជុំសុធន មានជំនឿថា ប្រសិនបើអាជ្ញាធរប្រកាន់ជំហរច្បាស់លាស់ក្នុងការដោះស្រាយសំណងត្រឹមត្រូវ ពលរដ្ឋដែលនៅសេសសល់ដែលមិនឯកភាពទទួលសំណង អាចនឹងប្ដូរឥរិយាបថ៖ «ចាំមើលអាជ្ញាធរខែត្រសិន បើសិនអាជ្ញាធរខែត្រមានវិធានការដោះស្រាយទៅលើរឿងនេះ អាហ្នឹងយើងអបអរសាទរទៅលើការដោះស្រាយ ព្រោះថាប្រជាពលរដ្ឋជួបជាមួយអាជ្ញាធរខែត្រផ្ទាល់ហើយក្នុងសិក្ខាសាលារបស់អាដហុក កាលពីថ្ងៃទី២៥ វិច្ឆិកា»។
របាយការណ៍របស់មន្ត្រីក្រុមការងារសិទ្ធិមនុស្ស មានប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារនៅតំបន់តាំងលំនៅថ្មីនៅឃុំក្បាលរមាស មានកង្វល់ពីបញ្ហាទឹក និងគុណភាពដីស្រែ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា អាជ្ញាធរខែត្របានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជូនពលរដ្ឋកន្លងទៅនេះ ជាពិសេសក្រុមបច្ចេកទេសក៏បានចុះត្រួតពិនិត្យអណ្ដូងនៅតំបន់នោះរួចហើយ។ លោកបន្តថា ចំណុចខ្វះខាតនៅសេសសល់នេះ អាជ្ញាធរនឹងរៀបចំដោះស្រាយជូនពលរដ្ឋនៅរដូវប្រាំងឆ្នាំក្រោយ៖ «ទាក់ទងរឿងដីដែលគាត់ធ្វើកសិកម្មពុំបានកន្លងមក គឺយើងមានក្រុមការងារមួយដឹកនាំដោយអភិបាលរងមួយរូប ចុះទៅវាយតម្លៃរួចហើយ ប៉ុន្តែកន្លងមកនេះ គ្រឿងចក្រចូលទៅឈូសឆាយអត់កើតទេ ចូលទៅវាផុង គឺយើងរង់ចាំរដូវដាច់ទឹកភ្លៀងនេះ»។
រហូតមកទល់នឹងបច្ចុប្បន្ន ប្រជាពលរដ្ឋយល់ព្រមទទួលសំណងបានកើនឡើងដល់ជាង ៩០ភាគរយហើយក្នុងចំណោមប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ដែលត្រូវជម្លៀសចេញពីភូមិចាស់។
អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា ពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៥៧០គ្រួសារ ក្នុងនោះពលរដ្ឋមិនបានវាស់វែងចំនួន ៩៣គ្រួសារ។ ចំណែកនៅឃុំក្បាលរមាស នៅសល់ពលរដ្ឋជាង ៣០គ្រួសារមិនព្រមចាកចេញ៕
No comments:
Post a Comment