Tuesday, December 27, 2016

សង្គម​ស៊ីវិល​គ្រោង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់​ពិភាក្សា​រឿង​បទល្មើស​ព្រៃ​ឈើ​នៅ​ភ្នំ​ក្រវ៉ាញ


​ក្រុម​ជន​ល្មើស​លាក់​ទុក​នៅ​ចំណុច​អូរ​ទឹក​ក្រហម ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided
គំនរ​ឈើ​ដែល​ក្រុម​ជន​ល្មើស​លាក់​ទុក​នៅ​ចំណុច​អូរ​ទឹក​ក្រហម ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo Provided


ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល នៅ​តែ​រង​ការ​កាប់​បំផ្លាញ​រាល់​ថ្ងៃ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព ជាពិសេស​នៅ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល​ភាគ​ខាង​ជើង ឋិត​នៅ​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​លើ​វិស័យ​ព្រៃ​ឈើ គ្រោង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់ និយាយ​ពី​បញ្ហា​នេះ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បន្ទាប់​ពី​ក្រុម​ការងារ​របស់​អង្គការ​នេះ ចុះ​ល្បាត​ព្រៃ​តាម​ជួរ​ភ្នំ​ក្រវ៉ាញ រយៈពេល​បី​ថ្ងៃ ថា បទល្មើស​ឈើ​ប្រណីត​ដោយ​ម៉ាស៊ីន​រ៉ៃ និង​ម៉ាស៊ីន​ត្រង់តឺន័រ នៅ​តែ​បន្ត​កើត​មាន​ដដែល។ ឈើ​ប្រណីត​ជាច្រើន​គំនរ​ដែល​អារ​បួន​ជ្រុង​ចន្លោះ​ពី ៣ ទៅ ៥​ម៉ែត្រ​គូប ត្រូវ​ជន​ល្មើស​លាក់​ទុក​ក្នុង​ព្រៃ។

ប្រធាន​អង្គការ​ការពារ​ព្រៃ​ឈើ លោក ជា ហ៊ាន បញ្ជាក់​ថា ឈើ​ប្រណីត​ទាំងនេះ ត្រូវ​ជន​ល្មើស​កាប់ និង​អារ​ច្រៀក​ជា​ស្រេច រួច​ដឹក​តាម​រទេះ​គោ​ទៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ឈើ​មួយ​ចំនួន​ទៀត ត្រូវ​ជន​ល្មើស​ដឹក​ទៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ដឹក​តាម​ឡាន​បន្ត​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទាន់ហន់ ខេត្ត​កំពត។ រូបភាព​បទល្មើស​ខ្លះ លោក​មិន​ទាន់​អាច​បញ្ចេញ​បាន ប៉ុន្តែ​លោក​នឹង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់ និយាយ​ពី​បទល្មើស​នេះ៖ «នៅ​សល់​តិចតួច​បំផុត​ព្រៃ​ឈើ (តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល) បើ​រាជ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ រយៈពេល​បី​ឆ្នាំ​ទៀត គឺ​រលាយ​ហើយ។ ហើយ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ខាង​មុខ​នេះ ខ្ញុំ​នឹង​ជួប​ជាមួយ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​គាត់​សហការ​បង្ក្រាប ហើយ​ក្នុង​ករណី​មិន​បង្ក្រាប​ទេ ខ្ញុំ​នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​ស្ថាប័ន​រដ្ឋាភិបាល»។

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ ថា​អាជ្ញាធរ​តែងតែ​សហការ​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស ដោយ​ផ្អែក​លើ​ច្បាប់។ លោក​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ពង្រឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ជាពិសេស​ក្រោយ​មាន​បទបញ្ជា​លេខ​០៥ របស់​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​នឹង​វិធានការ​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ៖ «សូម្បី​តែ​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២២ នោះ ក៏​បាន​ជួប​ជាមួយ​បណ្ដា​សង្គម​ស៊ីវិល​នៅ​ទីស្ដីការ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេជោ​ដែរ។ អ៊ីចឹង​ឲ្យ​តែ​សង្គម​ស៊ីវិល​ឃើញ​មាន​កន្លែង​ណា ហើយ​ស្នើសុំ​កិច្ច​សហការ យើង​ផ្ដល់​ជូន​ភ្លាម»។

រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៤​សែន​ហិកតារ (៤០១.៣១៣​ហិកតារ)។ តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ាញ នេះ ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ៕

No comments:

Post a Comment