Sunday, December 4, 2016

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​តំបន់​អភិរក្ស


ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ដាក់​ញត្តិ​តវ៉ា​រឿង​ដីធ្លី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo ADHOC


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បង្កើត​ក្រុម​ការងារ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស ដើម្បី​រក្សា​ព្រៃ​ឈើ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ផលិត​កាបូន។ ចំណែក​ជន​ចំណាក​ស្រុក ត្រូវ​បាន​ណែនាំ​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ដែល​ចូល​ទៅ​កាប់​រាន​ព្រៃ​នៅ​តំបន់​សាយ៉ង់ក្រូច ក្នុង​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា បាន​ចាកចេញ​ទៅ​ស្រុក​កំណើត​វិញ​ហើយ ខណៈ​ក្រុម​ការងារ​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត ដាក់​បម្រាម​មិន​ឲ្យ​ពួក​គេ​កាប់​ឆ្ការ​ព្រៃ​ចាប់​យក​ដី​ធ្វើ​កសិកម្ម​ដោយ​ខុស​ច្បាប់​ត​ទៅ​ទៀត។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សាយ៉ង់ក្រូច សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ចំណាក​ស្រុក​ជាង ៤០​គ្រួសារ​ដែល​ទើប​មក​តាំង​លំនៅ​កាល​ពី​សប្ដាហ៍​មុន​នៅ​តំបន់​ព្រៃ​ចន្លោះ​ភូមិ​ស្រែអណ្តោល និង​ភូមិ​សាយ៉ង់ក្រូច បាន​ចាកចេញ​ជា​បន្តបន្ទាប់ រហូត​មក​ទល់​ថ្ងៃ​នេះ​គ្មាន​សេសសល់​អ្នក​ណា​ម្នាក់​ឡើយ។ ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា ស្ថានភាព​កាប់​បំផ្លាញ​ព្រៃ​បាន​ស្ងប់ស្ងាត់​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​រឹត​បន្តឹង​មិន​ឲ្យ​កាប់​រាន​ព្រៃ​ត​ទៅ​ទៀត៖ «ពួក ៧៧ ឥឡូវ​គេ​ដក​បណ្ដើរ​អស់​ហើយ។ មេ​ឃុំ​គាត់​ឃាត់​អត់​ឲ្យ​ធ្វើ​ស្អី​ទេ ឲ្យ​សម្ងំ​ស្ងៀម​សិន»។

កាល​ពី​ខែ​វិច្ឆិកា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បង្កើត​ក្រុម​ការងារ​ចុះ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី​នៅ​តំបន់​សាយ៉ង់ក្រូច បន្ទាប់​ពី​ប្រជាពលរដ្ឋ ៤៨​គ្រួសារ​នៅ​តំបន់​នោះ​រាយការណ៍​ថា ក្រុម​ទាហាន​ឈរ​ជើង​នៅ​តំបន់​នោះ​វាស់វែង​ដី​ព្រៃ​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ទើប​ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​កាប់​រាន​ដើម្បី​យក​ដី។

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​យក​ដី​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា បញ្ជាក់​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​កាប់​រាន​ព្រៃ​ត​ទៅ​ទៀត ពីព្រោះ​ព្រៃ​តំបន់​នោះ​ជា​គម្រប​ព្រៃ​ការពារ និង​ជា​ព្រៃ​ធ្វើ​អាជីវកម្ម​កាបូន​របស់​សហគមន៍​នៅ​តំបន់​នោះ។ លោក​ថា​ដី​ព្រៃ​ដែល​បាន​កាប់​រាន​រួច និង​បាន​ដាំ​ដុះ​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន អាជ្ញាធរ​រក្សា​ទុក​ស្ថានភាព​ដដែល និង​រៀបចំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៖ «ហាម​ដាច់ខាត ព្រោះ​ព្រៃ​ក្នុង​តំបន់​ព្រៃ​កែវសីមា ព្រៃ​ការពារ​ហ្នឹង យើង​លក់​កាបូន​ឲ្យ​គេ។ អ៊ីចឹង​យើង​ត្រូវ​បន្តឹង​ការ​កាប់​ព្រៃ​ហ្នឹង»។

ចាប់​ពី​ខែ​កក្កដា រហូត​មក ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពី​ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៧០​គ្រួសារ បាន​មក​បោះ​រោង​ប្រក់​សំពត់​កៅស៊ូ ហើយ​កាប់​រាន​ព្រៃ​យក​ដី​ចំនួន​បី​លើក ខណៈ​ពួក​គេ​បាន​ធ្វើ​លិខិត​ស្នើសុំ​ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ស្វាគមន៍​ចំណាត់ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​ថ្មី។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថ្លែង​ថា អាជ្ញាធរ​គួរ​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​ចំពោះ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន​ដែល​កំពុង​ដាំ​ដុះ​ជាក់ស្តែង​លើ​ដី​នោះ ចៀសវាង​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ជម្រក និង​ផល​ដំណាំ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ៖ «ត្រូវ​ចរចា​ដោះស្រាយ​គ្នា​យ៉ាង​ណា​ចំពោះ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ទទួល​បាន​សិទ្ធិ​លំនៅឋាន​បាន​សមរម្យ មាន​ផ្ទះ​សម្បែង មាន​ដី​កសិកម្ម​ដូច​ពលរដ្ឋ​ដទៃ។ ខ្ញុំ​យល់​ថា​សមរម្យ»។

តំបន់​សាយ៉ង់ក្រូច ចាប់​ពី​ឆ្នាំ​២០១២ រហូត​មក ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​បាន​ចូល​កាប់​ឆ្ការ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​អស់​រាប់​រយ​ហិកតារ យក​ដី​ធ្វើ​កសិកម្ម បើ​ទោះ​បី​អាជ្ញាធរ​បង្ក្រាប​ជាច្រើន​លើក​ក្តី។ រហូត​បច្ចុប្បន្ន នៅ​សល់​ចំណាក​ស្រុក​ជិត ៥០​គ្រួសារ កំពុង​តាំង​លំនៅ​លើ​ដី​កាប់​រាន​ព្រៃ​ប្រមាណ​ជិត ២០០​ហិកតារ៕

No comments:

Post a Comment