Sunday, December 4, 2016

ពលរដ្ឋ​ឃុំ​ផ្លូវទូក​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ប្ដឹង​មន្ត្រី​ជលផល​និង​ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ


របាំង​សាច់​អួន​ក្រឡា​ញឹក​ដែល​ក្រុម​ឈ្មួញ និង​ពលរដ្ឋ​មាន​ធនធាន​ដាក់​នៅ​ក្នុង​ទឹក​ដី​ឃុំ​ពោធិ៍ និង​ឃុំ​កំពង់ហាវ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៤ RFA/Chin Chetha

ពលរដ្ឋ​រស់នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ព្រមាន​ប្ដឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​បី​នាក់ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ទៅ​តុលាការ។ ពលរដ្ឋ​អះអាង​ថា គាត់​ធ្លាប់​ឲ្យ​ម្ចាស់​របាំង​រុះរើ​ចេញ និង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ភូមិ-ឃុំ ប៉ុន្តែ​អាជ្ញាធរ​មិន​អើពើ ទើប​លោក​ថត​រូប និង​វីដេអូ​បទល្មើស​ត្រៀម​ដាក់​ភស្តុតាង​ភ្ជាប់​ជាមួយ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។

របាំង​ដាក់​លប​ចំនួន ៦​ខ្សែ​ដែល​មាន​ប្រវែង​មិន​តិច​ជាង ២​គីឡូម៉ែត្រ​ចាប់​ពី​ចំណុច​ក្បាលកោះ​ស្វាយ​កាប ដល់​ចំណុច​ចុង​កន្ទ្រ នៃ​ឃុំ​ផ្លូវទូក ដែល​ដាក់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៦ មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ឡើយ។ ពលរដ្ឋ​រស់នៅ​ភូមិ​ស្នោឈើទាល នឹង​ពឹងពាក់​ក្រឡាបញ្ជី​ម្នាក់​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​រៀបចំ​បណ្ដឹង​ប្រឆាំង​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ។

ប្រជា​នេសាទ និង​ជា​កសិករ​ធ្វើ​ចម្ការ លោក សេង បឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា អ្នក​ដាក់​របាំង​លប​ខុស​ច្បាប់​បី​នាក់​ដែល​នឹង​ត្រូវ​ប្ដឹង​មុន​គេ គឺ​មាន​ឈ្មោះ ឈុន ឈ្មោះ ឡា ឈ្មោះ ស្នា និង​ឈ្មោះ ចាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក អៀក ឥដ្ឋ រស់នៅ​ភូមិ​ពាមខ្នង ឃុំ​ផ្លូវទូក។ អ្នក​ដាក់​របាំង​អះអាង​ប្រាប់​លោក​ថា គេ​បាន​បង់​ប្រាក់​ជាច្រើន​លាន​រៀល​ឲ្យ​អង្គភាព​ចំនួន​៦ ជា​ថ្នូរ​នឹង​បាន​ដាក់​របាំង​លប​រហូត​ដល់​សព្វថ្ងៃ៖ «សំណូមពរ​ឲ្យ​លោក​ជលផល ឲ្យ​មើល​ផង​កុំ​ស៊ី​លុយ​ពួក​អា​អស់​ហ្នឹង​ពេក! ខ្ញុំ​យក​ការណ៍​ជាក់ស្ដែង​លើក​ក្រោយ​នេះ ខ្ញុំ​ថត​ម៉ង ទៅ​កាប់​អា​របាំង​កាប៉ិកកាប៉ុកៗ​យក​មក​ថត​ឲ្យ​អ្នក​ធំ​មើល​ទេ ដល់​របាំង​រាប់​គីឡូម៉ែត្រ​អត់​មើល​សោះ។ នៅ​តំបន់​វាលភក់ ម្នាក់ៗ​ដាក់​ចង់​កាត់​ទន្លេ​ជិត​ហើយ រាប់​គីឡូ​ដី គ្រាន់​តែ​ថា អូ! មេ​ចុះ​មក​ហើយ ពន្លិច មក​ហើយ​ពន្លិច​អស់​រលីង»។

លោក សេង បឿន បញ្ជាក់​ថា រូប​លោក និង​កូន​ចៅ​ជាច្រើន​គ្រួសារ​កំពុង​លំបាក​ចិត្ត​ដោយសារ​តែ​របាំង​ទាំងនេះ បាន​ដាក់​ស្ទះ​ផ្លូវ​ទឹក​បង្ក​ឲ្យ​ពើក ឬ​មមោក​ដែល​ដុះ​ក្រាស់​លើ​ផ្ទៃ​ទឹក មិន​អាច​ហូរ​តាម​ទឹក​ចេញ​ពី​ចម្ការ​របស់​គាត់ និង​ចម្ការ​កូន​ចៅ​ជាច្រើន​ហិកតារ​នៅ​រដូវ​ទឹក​ទន្លេ​ស្រក​វិញ។ ដល់​ពេល​នោះ ពួក​គាត់​នឹង​លំបាក​ភ្ជួរ​រាស់​ដី​ព្រោះ​ល្ង និង​ដាំ​ល្ពៅ ជាដើម។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក អៀក ឥដ្ឋ ដែល​ពលរដ្ឋ​ចោទ​ថា​បាន​កាង​បទល្មើស​ឲ្យ​កូន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ អាស៊ីសេរី ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​មិន​ទទួល។

ទោះ​ជា​យ៉ាង​ណា មេ​ឃុំ​ផ្លូវទូក លោក ចេង ភាគ ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​ក្នុង​ឃុំ​របស់​លោក​ពិត​ជា​កើត​មាន​ច្រើន​មែន។ លោក ចេង ភាគ បញ្ជាក់​ថា លោក​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់ ឬ​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​ណែនាំ​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​បទល្មើស​នេសាទ​ដែរ ប៉ុន្តែ​ពលរដ្ឋ​មិន​ស្ដាប់៖ «ប្រជាពលរដ្ឋ​ខ្ញុំ​ដែល​រក​ហ្នឹង​វា​ប្រាកដ​ហើយ វា​ខុស​ច្បាប់​នោះ អា​ហ្នឹង​សម្រេច​លើ​សមត្ថកិច្ច​ទេ ព្រោះ​មាន​សមត្ថកិច្ច​ជា​អ្នក​តម្រឹម និង​កាប់​រុះរើ​អី​ហ្នឹង​មាន។ ហើយ​ទោះ​បី​ជា​យើង​ដាក់​បម្រាម​ដល់​គាត់​អី គាត់​បាន​ត្រឹម​តែ​ស្ដាប់​ទេ​ប្អូន! មាន​មិន​ថា​អត់​ទេ រហូត​ដល់​ចំណុច​វាលភក់​ណោះ»។

លោក សេង បឿន ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​បញ្ជាក់​ជំហរ​ថា បើ​របាំង​លប​ទាំងអស់​មិន​ត្រូវ​បាន​រុះរើ​ចេញ​អស់​ពី​មុខ​ដី​ចម្ការ និង​មាត់​បឹង​ទន្លេសាប​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​ទេ លោក​នឹង​ពិចារណា​ប្ដឹង​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ដែរ ព្រោះ​ជន​ល្មើស​បាន​ឆ្លើយ​ថា បាន​បង់​ប្រាក់​អស់​ជាច្រើន​លាន​រៀល​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងនោះ។

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួមផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ពិន័យ​អន្តរការ​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល។

ចំណែក​មាត្រា​១០៣ ត្រង់​ចំណុច​ទី​៥ ចែង​ថា ចំពោះ​មន្ត្រី​រដ្ឋបាល​ជលផល​ដែល​មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​បទល្មើស​ថ្នាក់​ទី​១ ដែល​បាន​កើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា ត្រូវ​ចាត់​ទុក​ជា​បទល្មើស ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ ១​ឆ្នាំ​ទៅ ៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ​ដល់ ៥០​លាន​រៀល៕

No comments:

Post a Comment