Sunday, December 4, 2016

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​បដិសេធ​សំណើ​សុំ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ


ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៦ ទាក់ទិន​នឹង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ RFA/Men Sothyr



ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​អន្លង់ក្រមួន ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ខែត្រ​ស្ទឹងត្រែង បាន​ច្រាន​ចោល​សំណើ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ជា​ថ្មី​ទៀត​របស់​ជនជាតិ​ដើម​ភាគតិច។ ពួក​គាត់​ចោទ​ប្រកាន់​ថា អាជ្ញាធរ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ជ្រោមជ្រែង​បង្កើត​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​នោះ​ទេ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន អំពាវនាវ​នៅ​ថ្ងៃ​ទី​៤ ធ្នូ សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ប្រញាប់​សហការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​អន្លង់ក្រមួន ស្រប​ច្បាប់ ដើម្បី​ស្រោចស្រង់​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ចុង​ក្រោយ។

តំណាង​សហគមន៍​ភូមិ​អន្លង់ក្រមួន លោក ថាន់ វ៉ន ចោទ​ប្រកាន់​មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន ថា បាន​បដិសេធ​សំណើ​សុំ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​បាន​ស្នើសុំ​ជា​លើក​ទី​ពីរ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​លើក​ហេតុផល​ថា ការ​បង្កើត​សហគមន៍​នឹង​ប៉ះពាល់​ដីធ្លី​របស់​អ្នក​ភូមិ។

លោក​ចោទ​ទៀត​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​ព្រៃ​រាន​យក​ដី​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍ កាល​ពី​ឆ្នាំ​២០១៣ អស់​រាប់​សិប​ហិកតារ ហើយ​សហគមន៍​បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ឈ្មួញ​ទៅ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០១៤ តែ​ពុំ​ឃើញ​មាន​ចំណាត់ការ។ លោក ថាន់ វ៉ន់ បារម្ភ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​រយ​ដើម និង​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​មុន​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ជាង ៤០០​ហិកតារ។ លោក​រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ព្រៃ​ឈើ កំពុង​មើល​រំលង​បទល្មើស​ទ្រង់ទ្រាយ​ធំ​នេះ៖ «បង្កើត​ច្បាប់​ឲ្យ​គ្នា​ការពារ ដល់​ការពារ​ទៅ​គ្មាន​អ្នក​ណា​មើល​ឃើញ ប្រែ​ជា​អ្នក​ការពារ​ហ្នឹង​ខុស។ ពួក​នេះ​បើ​ក្រៅ​ពី​គណបក្ស​ប្រជាជន​កាប់ វា​ធ្វើ​ហើយ តែ​បើ​ជន​ល្មើស​ខាង​គណបក្ស​ប្រជាជន វា​បិទ​ភ្នែក​ចោល ហើយ​វា​អត់​មើល​ទេ។ ខ្ញុំ​យល់​ឃើញ​ថា វា​ត្រឹម​តែ​ថា​វា​អត់​អនុវត្ត»។

ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​ឡើយ ក៏ប៉ុន្តែ​មាន​តែ​ផែនទី​កំណត់​ទំហំ​ផ្ទៃដី​គ្រប់គ្រង ដែល​រៀបចំ​ឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន បញ្ជាក់​ថា មូលហេតុ​អាជ្ញាធរ​ឃុំ​ពុំ​ឯកភាព​សំណើ​របស់​សហគមន៍ ព្រោះ​បារម្ភ​ខ្លាច​ប៉ះពាល់​ដីធ្លី​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​ថា សហគមន៍​បាន​ធ្វើ​លិខិត​ស្នើសុំ​បង្កើត​សហគមន៍​ផ្អែក​តាម​ផែនទី​ព្រាង​ចាស់ ដែល​មាន​ផ្ទៃដី​ជាង ៨០០​ហិកតារ ប៉ះ​លើ​ដី​អ្នក​ភូមិ​ច្រើន​គ្រួសារ ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ធ្លាប់​វាស់វែង​កន្លង​ទៅ។ លោក​ទទួល​ស្គាល់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ពិត​ជា​កើត​មាន ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​ពុំ​ប្រាកដ​ថា បុគ្គល​ណា​កាប់​បំផ្លាញ​នោះ​ទេ ហើយ​ក៏​គ្មាន​លទ្ធភាព​ទប់ស្កាត់​ដែរ៖ «បង្កើត​យុវជន​ស្ម័គ្រ​ចិត្ត​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ​នៅ ហើយ​យក​ផ្ទៃដី​ដដែល​ឲ្យ​ខ្ញុំ​ស៊ីញេ​យ៉ាង​ម៉េច។ ខ្ញុំ​អត់​ហ៊ាន​ស៊ីញេ​ទេ។ ស៊ីញេ​ទៅ​លេង​រឹប​អូស​របស់​ពលរដ្ឋ ដល់​ពេល​ប្រជាពលរដ្ឋ​នៅ​សុទ្ធតែ​ដី​របស់​សហគមន៍​ចាប់​ទាំងអស់»។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគតិច​ត្រូវ​ប្រជុំ​ចងក្រង​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ឲ្យ​ច្បាស់លាស់​ឡើង​វិញ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាយ​តម្លៃ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មន្ត្រី​ជំនាញ​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​ព្រៃ​នៅ​តំបន់​នោះ និង​ព្រម​ឯកភាព​បង្កើត​ព្រៃ​សហគមន៍​នោះ បើ​រក​ឃើញ​ថា​មាន​ប៉ះពាល់​ដីធ្លី​អ្នក​ភូមិ មន្ត្រី​ជំនាញ​នឹង​ឆ្វៀល​ចេញ​ពី​ព្រៃ​សហគមន៍៖ «បើ​សិន​ជា​គាត់​មិន​ចុះ​ហត្ថលេខា​ទៅ​លើ​សំណើ​ហ្នឹង គឺ​យើង​ធ្វើ​ឯកសារ​ជា​ថ្មី​មក។ ធ្វើ​ឯកសារ​ជា​ថ្មី​តាម​លំដាប់លំដោយ​ហូរហែ​មក គេ​នឹង​វាយ​តម្លៃ​តាម​នីតិវិធី​ដែល​បាន​កំណត់​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង»។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ជ្រោមជ្រែង​ឲ្យ​សហគមន៍​គ្រប់គ្រង​ដី​ព្រៃ​ស្រប​ច្បាប់ ដើម្បី​ចូលរួម​ការពារ​ព្រៃ​ឈើ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​មាន​កាតព្វកិច្ច​សហការ​ជាមួយ​សហគមន៍ ពលរដ្ឋ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ធ្វើ​យ៉ាង​ណា​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រប​ច្បាប់។ លើស​ពី​នេះ ប្រសិន​អាជ្ញាធរ​រដ្ឋាភិបាល​បដិសេធ​ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ គឺ​ល្មើស​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល៖ «យើង​សំណូមពរ​ឲ្យ​គាត់​ដើរ​តាម​នីតិវិធី​ឲ្យ​អស់​សិន ទោះ​បី​ឃុំ​មិន​ទទួល​ស្គាល់ នៅ​ស្រុក ស្រុក​ហើយ​ខែត្រ ហើយ​ខ្ញុំ​ជឿ​ថា ដំណាក់​កាល​ចុង​ក្រោយ​ដល់​ពេល​មក​ដល់​ខែត្រ ឯកឧត្តម​នឹង​ធ្វើ​ការ​ពិចារណា​រឿង​ហ្នឹង​ហើយ»។

កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​លេខ​០៥ ស្ដីពី​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

No comments:

Post a Comment