ប្រជាពលរដ្ឋរស់នៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ាដុតកង់ឡានបិទផ្លូវជាតិលេខ៤ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ដើម្បីទាមទាររកដំណោះស្រាយដីធ្លី បន្ទាប់ពីអាជ្ញាធររុះរើផ្ទះសម្បែងរបស់ពួកគាត់។ អភិបាលខេត្តព្រះសីហនុ ថាអាជ្ញាធរកំពុងតែដោះស្រាយ និងបានចោទថា ប្រជាពលរដ្ឋតវ៉ាដោយខុសច្បាប់។
វិវាទដីធ្លីនៅតំបន់ក្បាលឆាយរវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះសីហនុ នៅតែពុះកញ្ជ្រោល ខណៈអាជ្ញាធរកំពុងបន្តសកម្មភាពឈូសឆាយកាយព្រំដីព័ទ្ធតំបន់ក្បាលឆាយ ដើម្បីរក្សាដីតំបន់ប្រភពទឹកសម្រាប់បម្រុងដល់ការប្រើប្រាស់។
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ប្រជាពលរដ្ឋប្រមាណជាង ៤០នាក់ បានបន្តចុះផ្លូវស្រែកតវ៉ាកាន់ដៃគ្នាបិទផ្លូវជាតិលេខ៤ និងដុតកង់ឡាននៅចំណុចមុខរោងចក្រស្បែកជើងញ៉ូវស្តារ (New Star) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែក្រោយមកក៏បានរំសាយការប្រមូលផ្តុំវិញ ក្រោយពីអាជ្ញាធរព្រមានចាត់វិធានការច្បាប់ដើម្បីសម្រួលចរាចរណ៍។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីម្នាក់ គឺលោក ម៉ម សុគា រៀបរាប់ថា ការដែលពលរដ្ឋតវ៉ានោះ ព្រោះអាជ្ញាធរមិនមានដំណោះស្រាយច្បាស់លាស់ឡើយ ពោលគឺតែងតែមានវិធានការរុះរើផ្ទះពលរដ្ឋមុន រួចទើបមានដំណោះស្រាយតាមក្រោយ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នោះ មានប្រមាណជាង ២០០គ្រួសារ៖ «»។
ពលរដ្ឋដែលរងផលប៉ះពាល់ តែងតែសំណូមពរដល់ប្រមុខដឹកនាំរក្សាលំនៅឋាននៅលើទីតាំងដើម មិនផ្លាស់ប្ដូរទៅកាន់ទីតាំងផ្សេងនោះទេ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អះអាងថា រដ្ឋបាលខេត្តកំពុងដោះស្រាយទំនាស់ដីធ្លីនេះជាមួយប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ តាមរយៈអនុក្រឹត្យលេខ១១៦ របស់រដ្ឋាភិបាល ដើម្បីចែកដីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឲ្យទៅសង់លំនៅឋាននៅទីតាំងផ្សេងជំនួសទីតាំងចាស់។ ចំពោះសកម្មភាពតវ៉ាបិទផ្លូវរបស់ប្រជាពលរដ្ឋនោះ លោកថាគឺជារឿងខុសច្បាប់។
អភិបាលខេត្តព្រះសីហនុ ក៏ស្នើឲ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធររដ្ឋបាលខេត្តនេះ ហើយព្រមទទួលយកចំណែកដីដែលអាជ្ញាធរផ្ដល់ជូនថ្មី ព្រោះទីតាំងចាស់ រដ្ឋបាលខេត្តនេះត្រូវដកហូតដាច់ខាត និងដាំដើមឈើឡើងវិញសម្រាប់រក្សាប្រភពទឹកស្អាតទុកប្រើប្រាស់រយៈពេលយូរអង្វែងនៅខេត្តព្រះសីហនុ កុំឲ្យបាត់បង់។ ចំពោះអ្នកដែលមិនសហការនោះ អាជ្ញាធរព្រមាននឹងចាត់ការតាមផ្លូវច្បាប់៖ «»។
លោកបន្តថា ការដែលប្រជាពលរដ្ឋមួយចំនួនមិនទទួលយកដំណោះស្រាយរបស់រដ្ឋបាលខេត្តនោះ គឺដោយសារពួកគាត់ហាក់ដូចជាមានភាពលោភលន់ច្រើន៖ «»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលតាមឃ្លាំមើលសកម្មភាពរុះរើលំនៅឋានពលរដ្ឋ បញ្ចេញមតិថា ដើម្បីបញ្ចប់ការតវ៉ានោះ គឺរដ្ឋត្រូវបើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋមួយចំនួនដែលនៅក្នុងព្រំដីថ្មីនៃតំបន់អភិរក្សក្បាលឆាយនោះ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់ទាំងអស់គ្នា៕
No comments:
Post a Comment