ជនជាតិដើមភាគតិចកួយ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង អំពាវនាវឲ្យអាជ្ញាធរខែត្រ ស៊ើបអង្កេតរកមេខ្លោងកាប់បំផ្លាញព្រៃឈើរានយកដី និងឈើមានតម្លៃក្នុងព្រៃសហគមន៍ភ្នំជម្រកសត្វ អស់រាប់ពាន់ហិកតារ នៅគ្រាដែលអាជ្ញាធរខែត្របានបញ្ជូនក្រុមការពារពិសេសចុះស៊ើបអង្កេត និងដោះស្រាយវិវាទដីធ្លី នៅស្រុកថាឡាបរិវ៉ាត់។
ជនជាតិដើមភាគតិចកួយ ឲ្យដឹងថា ពលរដ្ឋចំណូលថ្មី និងឈ្មួញ នៅតែបន្តកាប់ទន្ទ្រានដីព្រៃអភិរក្សរបស់សហគមន៍ និងបាញ់ថ្នាំកំណត់ព្រំដីព្រៃ ដើម្បីកាប់ទន្ទ្រានយកដីក្នុងព្រៃសហគមន៍ភ្នំជម្រកសត្វ។ ក្រុមកម្មករទាំងនោះ បានប្រើម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រ កាប់រំលំដើមឈើធំៗធ្វើអាជីវកម្ម និងដុត រួចដាំដំណាំ។
ជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ ឲ្យដឹងនៅថ្ងៃទី១២ ធ្នូ ថា ក្រុមឈ្មួញដណ្ដើមគ្នាបាញ់ថ្នាំកំណត់ព្រំដី ដើម្បីកាប់ទន្ទ្រានដីព្រៃរានយកដី និងឈើមានតម្លៃនៅចំណុចអូរឆ្កូត ត្រពាំងព្រៃ និងតំបន់ភ្នំធំ អស់ជាង ២ពាន់ហិកតារ។ លោកថា ពលរដ្ឋពុំសូវឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចចុះទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះទេ គឺឃើញតែដាក់កុងត្រូលចាំស្ទាក់យកលុយពីពលរដ្ឋដឹកជញ្ជូនឈើចេញពីព្រៃតាមគោយន្ត និងម៉ូតូ។ លោកថា ប្រសិនបើមន្ត្រីជំនាញ និងអាជ្ញាធររដ្ឋាភិបាល នៅតែព្រងើយកន្តើយមិនទប់ស្កាត់ឲ្យទាន់ពេលទេ ជោគវាសនាដីព្រៃសហគមន៍នឹងបាត់បង់ទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ។
លោក អ៊ុក ម៉ៅ ទាមទារឲ្យអាជ្ញាធរខែត្រ ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធកាប់បំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃអភិរក្សរបស់សហគមន៍ គឺជាតំបន់ព្រៃអារក្សដែលអ្នកភូមិគោរពបូជា និងប្រមូលអនុផលព្រៃឈើ ដូចជា ដងជ័រទឹក បោចវល្លិ និងរកឃ្មុំ ជាដើម។ លោកស្តីបន្ទោសថា គណៈកម្មការសហគមន៍ និងអាជ្ញាធររដ្ឋាភិបាល មិនយកចិត្តទុកដាក់ការពារព្រៃឈើទេ ថែមទាំងបណ្តោយឲ្យចលនាទន្ទ្រានដីព្រៃសហគមន៍កាន់តែរីកធំឡើង៖ «អាជ្ញាធរដែនដីមិនដែលឃើញចាប់អីបានផង បើអាជ្ញាធរដែនដីមិនការពារឈើឈរទេ ឃើញតែការពារឈើដេកតាមគោយន្ត ចុងក្រោយខ្ញុំយល់ថា មកពីរដ្ឋាភិបាល និងរដ្ឋអំណាចគាត់អត់ចេះគ្រប់គ្រងឲ្យប្រជាពលរដ្ឋ»។
អ្នកភូមិឲ្យដឹងទៀតថា ពលរដ្ឋចំណាកស្រុកមកពីខែត្រត្បូងឃ្មុំ និងខែត្រកំពង់ចាម ព្រមទាំងអាជ្ញាធរស្រុក ឈ្មោះ មឹង រដ្ឋា បានជួលកម្មករកាប់ទន្ទ្រានដីនៅតំបន់នោះធ្វើអាជីវកម្ម និងឈើមានតម្លៃច្រើនខែមកហើយ នៅតែពុំឃើញមានអាជ្ញាធររដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ ចុះអនុវត្តច្បាប់ទេ។
អាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ លោក មឹង រដ្ឋា ដើម្បីសុំការបញ្ជាក់ពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១២ ធ្នូ។
ព្រៃសហគមន៍ភ្នំជម្រកសត្វ ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ មានផ្ទៃដីចំនួនជាង ៤ពាន់ហិកតារ (៤.៤៤៦,១៦ហិកតារ) ត្រូវបានអាជ្ញាធរខែត្រស្ទឹងត្រែង ទទួលស្គាល់ជាផ្លូវការនៅដើមឆ្នាំ២០១៥។ សហគមន៍បានស្នើសុំបន្តទៀតទៅក្រសួងបរិស្ថាន ដើម្បីចុះបញ្ជីព្រៃសហគមន៍ភ្នំជម្រកសត្វ ជាដីព្រៃសមូហភាព នៅដើមឆ្នាំ២០១៥ តែមិនទាន់មានការឆ្លើយតប។
បើទោះជាមានការកាប់រានព្រៃសហគមន៍នេះអស់ជាច្រើនខែមកហើយក្តី មេឃុំសំអាង លោក ញៀន ផន អះអាងថា លោកពុំទាន់ទទួលបានព័ត៌មានករណីនេះទេ។ តែយ៉ាងណា លោកថានឹងជំរុញឲ្យសហគមន៍ និងសមត្ថកិច្ចចុះស៊ើបអង្កេតករណីនេះ។ លោកអះអាងទៀតថា ពលរដ្ឋចំណូលថ្មីពុំមានសិទ្ធិគ្រប់គ្រងដីព្រៃសហគមន៍នោះទេ បើទោះបីជាពួកគេបានកាប់ទន្ទ្រានក្ដី៖ «ខ្ញុំនឹងមានវិធានការឲ្យសហគមន៍គាត់ចុះមើល កត់ឈ្មោះឲ្យបានច្បាស់លាស់ ដើម្បីរាយការណ៍មកខ្ញុំវិញ។ ខ្ញុំនឹងរាយការណ៍ជូនថ្នាក់លើ»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ផ្តល់ទស្សនៈថា ក្តីកង្វល់របស់ជនជាតិដើមភាគតិច អំពីបញ្ហាព្រៃ គឺជាមូលដ្ឋានសំខាន់ដែលអាជ្ញាធរខែត្រត្រូវដោះស្រាយ និងពង្រឹងវិធានការការពារព្រៃឈើ ឬធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អនុលោមបទបញ្ជាប្រមុខរដ្ឋាភិបាល។ លោកថា អាជ្ញាធរខែត្រ និងរដ្ឋបាលព្រៃឈើ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តខ្លឹមសារអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបង្គាប់ឲ្យអាជ្ញាធរខែត្រសាមី រឹតបន្តឹងការអនុវត្តច្បាប់ព្រៃឈើ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ព្រៃការពារ៖ «សូមឲ្យអាជ្ញាធរមូលដ្ឋានយើងយកសារាចរដែលសម្ដេចចេញមកហ្នឹង អនុវត្តទៅ គឺព្រៃឈើវានឹងនៅ។ តែប្រសិនជាបណ្តែតបណ្តោយ មានន័យថា សារាចរចេញមកគឺអត់ន័យ ដូចជាគ្មានប្រសិទ្ធភាព»។
កាលពីថ្ងៃទី២២ ខែកញ្ញា រាជរដ្ឋាភិបាលបានចេញសារាចរស្ដីពីវិធានការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនទៅឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ និងបង្ក្រាប ព្រមទាំងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ រួមទាំងការរុករានដីក្នុងតំបន់ព្រៃការពារ និងអភិរក្សធម្មជាតិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែរហូតមកដល់ពេលនេះ សម្រាប់ការអនុវត្តជាក់ស្តែង គេសង្កេតឃើញរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអភិរក្ស ដែលការពារដោយច្បាប់ស្ទើរនៅគ្រប់ទីកន្លែង៕
No comments:
Post a Comment