![ព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង លោក គង់ ណៃ (វ៉ែនតាខ្មៅ) ថតរូបអនុស្សាវរីយ៍ក្នុងកម្មវិធីមហោស្រពសិល្បៈ កំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។ RFA/Sorn Chanratha](https://3.bp.blogspot.com/-FTN77IAMa18/WERBr9wi2MI/AAAAAAAAT5M/Jrww9eZAYJIwxEqizcqg2dgS6bN-TNjIgCLcB/s640/nai-855.jpg)
ព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង លោក គង់ ណៃ ចង់ឲ្យរាជរដ្ឋាភិបាលបង្កើតទីកន្លែងសម្រាប់សម្ដែងចាប៉ីដងវែង ដើម្បីឲ្យអ្នកដែលចង់រៀនចាប៉ី បានរៀនសូត្រពីគ្នាទៅវិញទៅមក។ ការលើកឡើងនេះ ខណៈក្រុមចាប៉ីដងវែងប្រមាណ ២០នាក់ រួមគ្នាសម្ដែងកាលពីថ្ងៃទី៣ ខែធ្នូ ក្នុងកម្មវិធីមហោស្រពសិល្បៈ កំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ ដែលសហការរៀបចំដោយក្រសួងចំនួន៤ មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា។
«ភ្លេងចាប៉ីដងវែង»
សំឡេងចាប៉ីដងវែងបានបន្លឺឡើងនៅមុខអ្នកចូលរួមទស្សនាប្រមាណ ២ពាន់នាក់ ក្នុងសាលមហោស្រពកោះពេជ្រ។ អ្នកលេងចាប៉ីដងវែង នៅតែចាត់ទុកថា ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ នៅតែមិនសូវមានអ្នកគេស្គាល់ និងចាប់អារម្មណ៍នៅឡើយ។
ព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង លោក គង់ ណៃ មើលឃើញថា បច្ចុប្បន្នមានអ្នកដែលស្រឡាញ់ និងចូលចិត្តរៀនចាប៉ីនេះតិចតួចណាស់។ លោកចង់ឃើញរាជរដ្ឋាភិបាល និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) ជួយទំនុកបម្រុងជាថវិកាទៅដល់គ្រូ និងសិស្សដែលកំពុងសិក្សាផ្នែកចាប៉ីដងវែង ដើម្បីលើកទឹកចិត្តដល់ពួកគេក្នុងការចូលរួមអភិរក្សឧបករណ៍ភ្លេងខ្មែរមួយនេះ។
ព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង លោក គង់ ណៃ មានប្រសាសន៍បន្តថា៖ «មានកន្លែងសម្ដែង មានរៀបចំជាផ្ទះល្វែងមួយដែលប្រមូលចាប៉ីៗហ្នឹង ដើម្បីឲ្យនៅមូលគ្នាម្តុំ។ យើងនឹងប្ដូរ... គេហៅថាប្ដូររៀនសូត្រពីគ្នា ដូចថាអ្នកណាដែលរៀនមិនចេះ យើងរៀនសូត្រតពីគ្នា។ ខ្ញុំថាអាហ្នឹងបែបបានកម្លាំង។ អាហ្នឹងមានកម្លាំង អាហ្នឹងតាមយោបល់ខ្ញុំ។ ប៉ុន្តែក្រែងថា រាជរដ្ឋាភិបាលយើងលោកមានការខ្វះខាត លោករៀបចំឲ្យខ្ញុំមិនបាន ខ្ញុំក៏មិនដឹងដែរ ព្រោះឥឡូវនៅបែកគ្នាអស់ហើយ ហើយចាប៉ីចាស់ៗហ្នឹងវានៅតិចទៅទៀត នៅតែខ្ញុំ (គង់ ណៃ) នៅតែនាយ ប៉េ នៅតែបង ប្រាជ្ញ ឈួន។ បង ប្រាជ្ញ ឈួន ឈឺទៅទៀត»។
![ចាប៉ីដងវែង ២០១៦ ៨៥៥កម្មវិធីមហោស្រពសិល្បៈ កំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។ RFA/Sorn Chanratha](https://3.bp.blogspot.com/-1sfqAnuHfeA/WERB7kgrBcI/AAAAAAAAT5Q/jWSbXrREvhode4FIgxXL17S0rc6qOZJOwCLcB/s640/show.jpg)
ចាប៉ីដងវែង គឺជាឧបករណ៍ភ្លេងមួយប្រភេទសម្រាប់ចូលរួមប្រគំក្នុងវង់ភ្លេងអារក្ស និងភ្លេងការ។ ចាប៉ីដងវែងនេះ ក៏អាចសម្ដែងទោលតែឯងផងដែរក្នុងពិធីជាវខាន់ស្លា ពិធីកោរជុក បុណ្យបំបួសនាគ និងបុណ្យកឋិន ជាដើម។
ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ និងជាសិស្សរបស់ព្រឹទ្ធាចារ្យ គង់ ណៃ គឺលោក ពេជ្រ សារ៉ាត់ យល់ថា ចាប៉ីដងវែងនៅមិនទាន់ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅឡើយទេ។ លោកថា សាធារណជនខ្លះនៅតែជឿថា ការរៀនចាប៉ីធ្វើឲ្យមនុស្សងងឹតភ្នែក ជាដើម ដូច្នេះលោកស្នើឲ្យរាជរដ្ឋាភិបាលដាក់បញ្ចូលមុខវិជ្ជាចាប៉ីដងវែងទៅក្នុងកម្មវិធីសិក្សា និងរៀបចំឲ្យមានទីតាំងជាក់លាក់មួយសម្រាប់សម្ដែងបង្ហាញទៅដល់មហាជន៖ «មានមហោស្រពមួយ ថារឿងរាល់ខែត្រូវតែប្រគំចាប៉ីដងវែង ទោះបីជាមានភ្ញៀវម្នាក់ពីរនាក់ក៏ដោយ ត្រូវតែមានការប្រគំដើម្បីអី ដើម្បីឲ្យកូនក្មេងជំនាន់ក្រោយ។ គាត់ថា អឺស! ខ្ញុំចង់រៀន ដោយសារខ្ញុំពេលដែលរៀនចប់ ខ្ញុំទៅសម្ដែងកន្លែងហ្នឹងមួយខែ គេសម្ដែងម្តង អន្តរជាតិមកគេមើលទៅ។ ខ្ញុំចង់បានទីតាំងមួយជាក់លាក់ ហើយខ្ញុំនឹងបង្ហាត់បង្រៀន»។
ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ លោក ពេជ្រ សារ៉ាត់ បានហៅសំឡេងចាប៉ី ថាជាសំឡេងទិព្វ ដែលអាចធ្វើឲ្យមនុស្សម្នាបាត់អស់អារម្មណ៍តានតឹង នៅពេលដែលឮសំឡេងរបស់វា។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) បានដាក់បញ្ចូលចាប៉ីដងវែងរបស់ខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ។
នៅរសៀលថ្ងៃទី៣ ធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឲ្យមានការសម្ដែងចាប៉ីដងវែងជាក្រុម ក្នុងកម្មវិធីមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ ដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដើម្បីផ្សព្វផ្សាយឲ្យអ្នកចូលរួមបានដឹងអំពីការដាក់ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ផងដែរ។
និស្សិតម្នាក់ដែលបានចូលរួមទស្សនាការសម្ដែងចាប៉ីដងវែងជាក្រុម គឺកញ្ញា ង៉េត វណ្ណៈ ថ្លែងថា កញ្ញារីករាយដែលបានទស្សនា និងសិក្សាអំពីឧបករណ៍ភ្លេង ដែលជាសម្បត្តិវប្បធម៌ និងអរិយធម៌របស់ខ្មែរ។
កញ្ញាយល់ថា ការដាក់បញ្ចូលចាប៉ីដងវែងទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺជារឿងល្អបំផុតដើម្បីអាចជួយឲ្យពិភពលោកបានស្គាល់អំពីវប្បធម៌របស់ខ្មែរ៖ «មានអត្ថន័យថា ដើម្បីឲ្យទូទាំងពិភពលោកហ្នឹងស្គាល់អំពីវប្បធម៌ និងអរិយធម៌របស់ប្រទេសកម្ពុជា ផ្ទាល់»។
ទោះយ៉ាងណា ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ លោក ពេជ្រ សារ៉ាត់ សង្កេតឃើញថា មានយុវជនតិចតួចណាស់ដែលចាប់អារម្មណ៍លើឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ។ លោកចង់ឲ្យរាជរដ្ឋាភិបាលជួយផ្គត់ផ្គង់ទៅដល់គ្រូ សិស្សផ្នែកចាប៉ី និងបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ក្រុមអ្នកផ្សព្វផ្សាយចាប៉ីដងវែងនេះនៅតាមមូលដ្ឋានផង៕
No comments:
Post a Comment