Wednesday, December 14, 2016

សង្គម​ស៊ីវិល​និង​ប្រជា​នេសាទ​បារម្ភ​ពី​ទិន្នផល​ត្រី​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ


ត្រី​ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr


ប្រជា​នេសាទ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ​ពួកគេ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​កើន​ឡើង​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ បង្ក​ឲ្យ​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​មាន​តម្លៃ​ខ្ពស់​កាន់​តែ​ខ្សត់​ស្ទើរ​ផុត​ពូជ។  ពួកគេ​អះអាង​ថា ត្រី​កម្រ​មាន​តម្លៃ​ខ្ពស់ ដូចជា​ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវ៉ា​មុខ​ពីរ​ជាដើម បាន​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ ព្រោះ​កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ត្រី​នេះ​ដូច​ឆ្នាំ​មុនៗ​ណាស់។

ក្រុម​អ្នក​នេសាទ​សម្ដែង​ក្ដី​កង្វល់​ពី​សន្តិសុខ​ស្បៀង​ដែល​មាន​ក្នុង​តំបន់ និង​ជួយ​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​តាម​ដង​ទន្លេ​តាំង​ពី​ដើម​មក ប្រឈម​ការ​បាត់បង់​បន្តិច​ម្ដងៗ បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ ខណៈ​ទិន្នផល​ត្រី​ដែល​អ្នក​នេសាទ​ចាប់​បាន​នៅ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ការ​ដាក់​លក់​ត្រី​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង ក៏​ពុំ​សូវ​ឃើញ​មាន​ប្រភេទ​ត្រី​កម្រ​មាន​តម្លៃ​ដែរ  ដូចជា​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខ​ពីរ និង​ត្រី​ក្របី​ជាដើម។ បញ្ហា​នេះ​ជា​សញ្ញា​បង្ហាញ​ថា ត្រី​កម្រ​ទាំង​នោះ​អាច​ប្រឈម​ការ​ផុត​ពូជ។

​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង គឺ​លោកស្រី ឡូត វី កត់សម្គាល់​ថា ស្ទើរ​ជាង​រៀង​រាល់​ឆ្នាំ​នៅ​ខែ​វិច្ឆិកា និង​ខែ​ធ្នូ គឺ​សំបូរ​ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវ៉ា​មុខ​ពីរ ក៏ប៉ុន្តែ​ប្លែក​តែ​ឆ្នាំ​នេះ ក្រុម​អ្នក​នេសាទ​កម្រ​ចាប់​បាន​ប្រភេទ​ត្រី​ទាំង​នោះ​ណាស់។ លោកស្រី​ថា កាល​ពី​ចុង​ឆ្នាំ​២០១៥ អាជីវករ​រក​ចំណូល​ពី​ការ​លក់​ត្រី​ក្នុង​មួយ​ថ្ងៃ​ជាង ១០​ម៉ឺន​រៀល ក៏ប៉ុន្តែ​ឆ្នាំ​នេះ​លក់​បាន​ជាង ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ។ លោកស្រី​សង្កេត​ឃើញ​ថា ត្រី​កម្រ​មាន​តម្លៃ​ក្នុង​តំបន់​ប្រឈម​គ្រោះថ្នាក់ ក្រោយ​ពី​មាន​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដងទន្លេ៖ «ឮ​សូរ​ថា មក​ពី​ទំនប់​វារីអគ្គិសនី​បិទ ហើយ​បិទ​ទៅ​វា​បាត់បង់​ត្រី​វា​នៅ​ទី​នោះ។ អត់​ចេញ​ទេ ត្រី​អត់​សូវ​មាន​ទេ។ រាល់​ឆ្នាំ​ត្រី​ប៉ាសេអ៊ី និង​ប៉ាវ៉ា ត្រូវ​ដល់​ហើយ តែ​ឥឡូវ​អត់​មាន​ទេ»។
ប្រជា​នេសាទ​នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ហួត សេង  អះអាង​ថា មាន​កត្តា​ច្រើន​បង្ក​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ ដូចជា​ទឹក​ទន្លេ​មេគង្គ ប្រែ​ល្អក់​ខុស​ប្រក្រតី  ការ​នេសាទ​ខុស​ច្បាប់​កើន​ឡើង និង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។ លោក​ព្យាករ​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​បាន​ថយ​ចុះ​ប្រហែល ៥០​ភាគរយ ខណៈ​អ្នក​នេសាទ​មួយ​ចំនួន​មិន​អាច​ចាប់​ត្រី​បរិភោគ​លក្ខណៈ​គ្រួសារ​បាន​គ្រប់គ្រាន់ ហើយ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដើម្បី​រក​ប្រាក់​ដោះ​បំណុល​ធនាគារ។ លោក​ថា អ្នក​នេសាទ​ខ្លះ​ដាក់​មង​ក្នុង​មួយ​ថ្ងៃ មិន​អាច​ចាប់​បាន​ត្រី​ប៉ាវ៉ា និង​ប៉ាសេអ៊ី សូម្បី​តែ​មួយ​ក្បាល៖ «ឆក់​មាន​ពីរ​ប្រភេទ ដូចជា​ឆក់​ក្តៅ និង​ឆក់​ត្រជាក់ ៣០​ម៉ែត្រ​វា​ឆក់​បាន។ មេត្រី​ធំៗ ២០​គីឡូ ទៅ ៣០​គីឡូ​ឡើង​មក​គេ​ថា​ឆក់​បាន»។

​ពលរដ្ឋ​រស់​នៅ​ក្រុង​ស្ទឹងត្រែង លោក នៅ បាន ក៏​បារម្ភ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រស់​នៅ​តាម​ទន្លេ​ដែរ ព្រោះ​ទិន្នផល​ត្រី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ធ្លាក់​ចុះ ហើយ​ចំនួន​អ្នក​នេសាទ​កាន់តែ​កើន​ឡើង។ លើស​ពី​នេះ ត្រី​ប៉ាសេអ៊ី នៅ​ឆ្នាំ​នេះ ក៏​កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ដូច​ឆ្នាំ​មុនៗ​ដែរ។ លោក​ត្អូញ​ថា ការ​ផុត​ពូជ​នៃ​ប្រភេទ​ត្រី​នេះ ជា​សញ្ញា​អវិជ្ជមាន​បង្ក​ធ្លាក់​ចុះ​ទិន្នផល​ត្រី ដែល​ជា​ផ្នែក​មួយ​បង្ក​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ៖ «យើង​មិន​និយាយ​ត្រី​ធំ​ទេ និយាយ​ត្រី​ល្អិតៗ​សព្វ​បែប​យ៉ាង​គឺ​សុទ្ធតែ​ឆក់​ទាំង​អស់។ ព្រួយ​បារម្ភ​ចេះ​តែ​ព្រួយ​ហើយ តែ​ប្រជាជន​មិន​ដឹង​ធ្វើ​ម៉េច​វា​នៅ​លើ​រដ្ឋ​អំណាច និង​លើ​អាជ្ញាធរ​អ្នក​ការពារ​ទប់ស្កាត់​ប្រជាជន​មិន​ដឹង​ធ្វើ​ម៉េច​ទេ»។

​ប្រជា​នេសាទ​កត់សម្គាល់​ថា ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា​មុខ​ពីរ និង​ត្រី​ក្របី​ជាដើម រស់​នៅ​តំបន់​សម្បូរ​ថ្ម ស្លែ និង​អន្លង់​ជ្រៅៗ ដែល​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស្រាវជ្រាវ​ការវិវឌ្ឍន៍​នៃ​ការ​ពង​កូន​របស់​ត្រី​នេះ​ឡើយ តែ​គេ​អាច​ប្រមូល​ផល​ត្រី​ប៉ាសេអ៊ី បាន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​កុម្ភៈ និង​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា រៀង​រាល់​ឆ្នាំ។

នាយ​ផ្នែក​រដ្ឋបាល​ជលផល ខេត្ត​​ស្ទឹងត្រែង លោក ទុំ នីរ៉ូ ធ្លាប់​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ធំ​ដែល​មន្ត្រី​ជំនាញ​កំពុង​ខ្វល់ខ្វាយ មាន​ជា​អាទិ៍ ដែន​នេសាទ​ធំធេង ខ្វះខាត​សម្ភារៈ ខ្វះខាត​ធនធាន​មនុស្ស ដែល​មិន​អាច​បំពេញ​តម្រូវ​ការ​អភិរក្ស​នៃ​វិសាលភាព​ជលផល​បាន​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១០ អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​ទាំង​បី នៃ​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី បាន​បង្ហាញ​មោទនភាព​ចំពោះ​មច្ឆជាតិ​ដង​ទន្លេ ដែល​ផ្ដល់​នូវ​ភាព​សម្បូរ​ត្រី​ជា​ច្រើន​ប្រភេទ មិន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចាប់​ត្រី​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ទ្រទ្រង់​ជីវភាព​គ្រួសារ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​នៅ​ទីផ្សារ ហើយ​មាន​អ្នក​ភូមិ​ខ្លះ អាច​រក​ចំណូល​ពី​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​សល់​លក់​ចេញ​ទៅ​ទីផ្សារ​ទៀត​ផង ក៏ប៉ុន្តែ​ឆ្នាំ​នេះ​អ្នក​ភូមិ​ភាគ​ច្រើន​ត្អូញ​ថា ពួកគេ​ពុំ​សូវ​ចាប់​ត្រី​បាន។

កាល​ពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៤ ត្រី​ប៉ាសេអ៊ី ទម្ងន់​មួយ​គីឡូក្រាម​ឡើង​ទៅ​​​មាន​តម្លៃ​ប្រមាណ ១៦​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល (៤០ ទៅ ៥០​ដុល្លារ) និង​ត្រី​ប៉ាសេអ៊ី ទម្ងន់​តិច​ជាង​កន្លះ​គីឡូក្រាម​មាន​តម្លៃ ៥​ម៉ឺន​រៀល ដល់ ៧​ម៉ឺន​រៀល នៅ​លើ​ទីផ្សារ​ខេត្ត​ស្ទឹងត្រែង។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ខេត្ត​ស្ទឹងត្រែង លោក ស្រែង មុន្នីចិន្ថា ទទួល​ស្គាល់​ការ​ធ្លាក់​ចុះ​ត្រីប៉ាសេអ៊ី  បង្ក​ការ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​មួយ​ចំនួន​ពឹង​ផ្អែក​លើ​ផល​នេសាទ។ លោក​ពន្យល់​ថា ការ​ប្រែប្រួល​របប​ទឹក​ទន្លេ ប៉ះពាល់​ស្លែ និង​កម្អែល​ថ្ម​ដែល​ជា​ចំណី​ដ៏​សំខាន់​របស់​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវ៉ា និង​ត្រី​ក្របី ត្រូវ​រង​ការ​គំរាម​កំហែង។ លោក​បញ្ជាក់​ថា ស្លែ និង​កម្អែល​ថ្ម​កើត​ឡើង​តាម​លំហូរ​ទឹក​លក្ខណៈ​ធម្មជាតិ ហើយ​នៅ​គ្រា​មាន​ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ធ្វើ​ឲ្យ​ស្លែ និង​កម្អែល​ថ្ម​ដែល​ជា​ចំណី​របស់​ត្រី​កម្រ​បាន​លាយឡំ​និង​ធាតុ​កខ្វក់​ផ្សេងៗ បង្ក​ការ​ប៉ះពាល់​ដល់​ជម្រក និង​ចំណី​របស់​ត្រី​ទាំង​នោះ។

លោក​ថា សហគមន៍​នេសាទ​រាយការណ៍​ថា  ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​តាម​ដង​ទន្លេ​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ នៅ​ទីតាំង​ជ្រក​របស់​ត្រី​កម្រ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេគង្គ ទន្លេ​សេកុង និង​ទន្លេ​សេសាន បណ្ដាល​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ៖ «ត្រី​ដែល​ស៊ី​ស្លែ​​មាន​បញ្ហា​ប្រឈម​ការ​បាត់បង់​ចំណី ដែល​វា​មិន​អាច​រស់​នៅ​នៅ​កន្លែង​ហ្នឹង​បាន​យូរ។ ពី​មុន​វា​សំបូរ តែ​ឥឡូវ​គ្មាន​អី​ស៊ី វា​មិន​អាច​នៅ​កើត»។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រសិនបើ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​កើត​ឡើង​ដោយ​ជោគជ័យ បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ ៩,៣​ភាគរយ និង​កាត់​បន្ថយ​លំហូរ​ដី​ល្បាប់​ប្រហែល ៦​ភាគរយ ទៅ ៨​ភាគរយ ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​តាម​ដង​ទន្លេ​មេគង្គ​ប្រឈម​ការ​ប៉ះពាល់​ជីវភាព និង​សន្តិសុខ​ស្បៀង។

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន សន្និដ្ឋាន​ថា មូលហេតុ​ដែល​អ្នក​នេសាទ​មិន​អាច​នេសាទ​ត្រី​កម្រ​ក្នុង​តំបន់​បាន ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ព្រោះ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​ប៉ាសេអ៊ី រស់​នៅ​ក្នុង​អន្លង់​ជ្រៅ ផ្សារភ្ជាប់​លំនឹង​ទឹក និង​សីតុណ្ហភាព​របស់​ទឹក​មិន​ទាន់​ដល់​កម្រិត​វា​ច្រាល​ឡើង ឬ​ចេញ​ពី​រូង​ថ្ម។ លោក​បញ្ជាក់​ថា ប្រភេទ​ត្រី​កម្រ​ទាំង​នោះ វា​រស់​នៅ​ជាប់​ថ្ម តែ​បើ​ថ្ម​ទន្លេ​មិន​ទាន់​ផុស​ឡើង​ទេ វា​ក៏​មិន​ទាន់​ច្រាល​ឡើង​ដែរ។

លោក​អះអាង​ថា ទិន្នផល​ត្រី​ធ្លាក់​ចុះ រួមផ្សំ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​ទំនប់​ដនសាហុង (Don Sahong) បាន​គំរាមកំហែង​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី។ លោក​កត់សម្គាល់​ថា ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូចជា​បោក​គ្រាប់​បែក ប្រើ​ចរន្តអគ្គិសនី​ឆក់​ត្រី និង​ឧបករណ៍​ដាក់​របាំង​រាំង​ព្រួល ឬ​អួន​ទន្លេ ក៏​ជា​បញ្ហា​បំបាត់​ពូជ​ត្រី​ដែរ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ ការ​ព្រួយ​បារម្ភ​ទី​១ គឺ​ដំណើរ​ការ​អភិវឌ្ឍន៍​តាម​ដង​ទន្លេ ទី​២ ការ​កើន​ឡើង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​មាន​ខ្នាត​ធំ​ដូច​នៅ​បឹង​ទន្លេ​សាប​សុទ្ធតែ​រាប់ពាន់​ម៉ែត្រ ដូចជា​មិន​បាន​គិតគូរ​ដល់​ការ​អភិរក្ស​ត្រី​ទេ»។

​តំបន់​ទន្លេ​បី ដូចជា​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺ​ជា​ប្រភព​នៃ​ជម្រក ត្រី​កម្រ​ក្នុង​តំបន់ ដូចជា​ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវា​មុខ​ពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក​ជាដើម ហើយ​ត្រី​ទាំង​នោះ ច្រើន​រស់​នៅ​តំបន់​អូរ​ព្រះ ឬ​អន្លង់​ព្រះ គឺ​ជា​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់។

​មន្ត្រី​សង្គម​ស៊ីវិល ព្យាករ​ថា ប្រភេទ​ត្រី​ប៉ាសេអ៊ី នឹង​ឈាន​ដល់​ការ​ផុត​ពូជ បើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​មូល​គំនិត​គ្នា​អភិរក្ស​នៅ​តំបន់​ណា​មួយ​ឲ្យ​ជាក់លាក់ ដើម្បី​ធានា​ការ​បង្ក​កំណើត​របស់​ត្រី​ប្រភេទ​នេះ៕

No comments:

Post a Comment