ពលរដ្ឋជាង ១០គ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នួល ខែត្រក្រចេះ ចោទមន្ត្រីយោធាម្នាក់ថាយកគ្រឿងចក្រឈូសឆាយដីចម្ការរបស់ពួកគាត់ជាច្រើនហិកតារ ដើម្បីគ្រប់គ្រងជាសម្បត្តិបុគ្គល និងធ្វើអាជីវកម្ម។ អ្នកភូមិចោទថា អាជ្ញាធរមិនបានអើពើករណីនេះទេ បើទោះបីជាពួកគាត់ធ្លាប់រាយការណ៍ជាច្រើនសាក្តី។
ពលរដ្ឋ ១៣គ្រួសាររស់នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខែត្រក្រចេះ កំពុងស្វែងរកការ អន្តរាគមន៍ពីអាជ្ញាធររដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ករណីមន្ត្រីយោធាម្នាក់ឈ្មោះ ទិត្យ សាម៉េង មកពីកងអនុសេនាធំលេខ២ ឋិតនៅតំបន់ភ្នំព្រិច បានប្រើប្រាស់តួនាទីជាទាហានបំពានដីធ្លីពួកគាត់ជាង ៣០ហិកតារ។
តំណាងពលរដ្ឋរស់នៅភូមិស្រែរនាម លោក ធុយ ស៊ីនីន ឲ្យដឹងថា ពលរដ្ឋជាង ១០គ្រួសារមានដីប្រភេទកសិកម្មក្នុងមួយគ្រួសារចាប់ពីមួយហិកតារដល់ ៦ហិកតារ គ្រប់គ្រងតាំងពីឆ្នាំ២០០៦ ឋិតនៅចំណុចច្រកព្រៃទទឹង ត្រូវបានមន្ត្រីយោធាឈ្មោះ ទិត្យ សាម៉េង យកគ្រឿងចក្រពីរគ្រឿង ឈូសឆាយរំលោភយកកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ លោកកត់សម្គាល់ថា មន្ត្រីយោធារូបនោះគ្រោងលក់ដីមានវិវាទទាំងនោះឲ្យឈ្មួញឈ្មោះ ម៉ាន់ សាលី ក្រោយពីឈូសឆាយរួច។
លោកត្អូញថា ពលរដ្ឋធ្លាប់បានរាយការណ៍ករណីនេះទៅអាជ្ញាធរឃុំ និងមន្ត្រីបរិស្ថាន ឲ្យជួយទប់ស្កាត់សកម្មភាពឈូសឆាយ តែពុំមានដំណោះស្រាយ៖ «ការប្រើអំណាចរំលោភពលរដ្ឋ វាមានរឿងអយុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់។ ពលរដ្ឋគាត់ស្តាប់តាមអាជ្ញាធរ បើអាជ្ញាធរថាឲ្យពលរដ្ឋនៅស្ងៀម គាត់នៅស្ងៀម។ បើពួកគាត់ថាមក ម្យ៉ាងគាត់នៅតែបន្តការកាប់ និងការឈូសឆាយ»។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីយោធាឈ្មោះ ទិត្យ សាម៉េង ដើម្បីសុំការបំភ្លឺពីការចោទប្រកាន់នេះបានទេនៅថ្ងៃទី៥ ធ្នូ ដោយលោកបានផ្តាច់ទូរស័ព្ទនៅពេលអាស៊ីសេរី ទូរស័ព្ទចូល។
មេភូមិស្រែរនាម លោក កែវ ណែត ថ្លែងបញ្ជាក់ថា អាជ្ញាធរឃុំបានទទួលពាក្យបណ្ដឹងករណីនេះហើយ តែពុំអាចឆ្លើយថាយ៉ាងណានោះទេ ដោយសារការដោះស្រាយបញ្ហានេះហួសពីសមត្ថភាពរបស់អាជ្ញាធរភូមិ។ លោកថា ដីនៅតំបន់នោះ អាជ្ញាធរមូលដ្ឋានពុំទាន់ចេញលិខិតស្នើសុំកាន់កាប់ដីធ្លីឲ្យទៅបុគ្គលណាមួយនោះទេ៖ «បើសមត្ថកិច្ច ខ្ញុំត្រឹមឃុំ ខ្ញុំធ្វើម៉េចចេញ ធ្វើមិនចេញទេរឿងហ្នឹង។ ខ្ញុំបានប្រាប់គាត់ផ្ទាល់ហើយ ខ្ញុំថាជួបលោកអភិបាលរងទៅ»។
អភិបាលស្រុកស្នួល លោក គង់ គឹមនី មានប្រសាសន៍ថា អាជ្ញាធរស្រុកមិនទាន់ទទួលព័ត៌មានករណីនេះទេ។ តែយ៉ាងណា លោកនឹងជំរុញឲ្យមន្ត្រីបច្ចេកទេសចុះពិនិត្យករណីនេះ។ លោកជំរុញឲ្យពលរដ្ឋមានបញ្ហារឿងនេះ យកឯកសារពាក់ព័ន្ធដាក់ពាក្យប្ដឹងមកអាជ្ញាធរស្រុក ដើម្បីឲ្យមន្ត្រីជំនាញចុះទៅស៊ើបអង្កេត៖ «ឲ្យគាត់ចូលមក ហើយបង្ហាញមកថាមានអីខ្លះ ដើម្បីឲ្យអាជ្ញាធរគាត់ត្រួតពិនិត្យមើល។ មកដល់ពេលនេះ គឺអាជ្ញាធរស្រុកពុំទាន់ទទួលព័ត៌មាននេះនៅឡើយទេ»។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សម្ដែងក្តីបារម្ភចំពោះពលរដ្ឋដែលចូលកាន់កាប់ដីព្រៃឈើ ដែលអាចរងសម្ពាធពីអាជ្ញាធររដ្ឋាភិបាល ក្រោមបទចោទថា ពលរដ្ឋកាន់កាប់ដីព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់។ លោកសង្កេតឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋាភិបាលមានស្តង់ដារពីរ ដែលលោកកម្រឃើញចាត់វិធានការផ្លូវច្បាប់លើអ្នកមានអំណាច ដូចជាមន្ត្រីយោធា និងឧកញ៉ាជាដើម ឃើញតែអនុវត្តច្បាប់បានតែពលរដ្ឋទន់ខ្សោយ៖ «ចំពោះពលរដ្ឋក្រីក្រ បើសិនជារដ្ឋយើងដំណើរការសម្បទានសង្គមកិច្ចឲ្យបានលឿន ម្ល៉េះលោកនឹងមិនធ្វើអ្វីខុសច្បាប់ទេ។ តាមពិតនេះជាកំហុសមួយរបស់រដ្ឋយើងដែរ ក្នុងការគិតគូរផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រ»។
អ្នកភូមិឲ្យដឹងទៀតថា លោក ទិត្យ សាម៉េង និងលោក ទិត្យ សាម៉េត ដែលត្រូវជាបងប្អូនបង្កើតធ្លាប់មានជម្លោះដីធ្លីជាមួយពលរដ្ឋនៅតំបន់នោះជាង ១០គ្រួសារក្នុងទំហំដីបណ្តោយជាង ១ពាន់ម៉ែត្រ និងទទឹង ១ពាន់ម៉ែត្រ កាលពីឆ្នាំ២០១៤។ ក្រោយមក ត្រូវបានអាជ្ញាធរស្រុកដោះស្រាយបញ្ហានេះ ដោយតម្រូវឲ្យមន្ត្រីយោធាទាំងនោះឈ្នះក្តី ហើយពលរដ្ឋជាង ១០គ្រួសារដែលចាញ់ក្តីនេះ អាជ្ញាធរស្រុកគ្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់ផ្សេងទៀតឲ្យពលរដ្ឋទាំងនោះ។ ក្រោយពីដោះស្រាយករណីនេះហើយ ពួកគេបានលក់ដីទាំងនោះឲ្យឈ្មួញនៅខែត្រក្រចេះ ឈ្មោះ ម៉ាន់ សាលី ហើយនៅពាក់កណ្ដាលឆ្នាំ២០១៦ លោក ទិត្យ សាម៉េង បានយកគ្រឿងចក្រឈូសឆាយដីជាង ៣០ហិកតារផ្សេងទៀតប៉ះលើដីពលរដ្ឋជាង ១០គ្រួសារដែលកំពុងមានវិវាទនេះ៕
No comments:
Post a Comment