ពលរដ្ឋរស់នៅអគារប៊ូឌីង បង្ហាញពីការចង់បានផ្សេងៗគ្នាទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍តំបន់នេះ។ មតិខ្លះចង់បានលុយរួចហើយចាកចេញពីអគារតែម្តង។ ចំណែកមតិផ្សេងទៀត ចង់បានការអភិវឌ្ឍនៅនឹងកន្លែងដោយយល់ព្រមឲ្យសាងសង់អគារថ្មី។ ការបង្ហាញការចង់បានរបស់ក្រុមពលរដ្ឋរស់នៅអគារប៊ូឌីងបែបនេះ ខណៈក្រុមការងារក្រសួងរៀបចំដែនដី កំពុងធ្វើស្ថិតិរកចំនួនពិតនៃពលរដ្ឋរស់នៅតំបន់នេះ។
ការមន្ទិលសង្ស័យលើគម្រោងអភិវឌ្ឍន៍អគារថ្មីនៅតំបន់ប៊ូឌីង ធ្វើឲ្យពលរដ្ឋខ្លះរារែកក្នុងការសម្រេចចិត្ត។ ការមិនទុកចិត្តថា ការអភិវឌ្ឍនៅនឹងកន្លែងធ្វើឲ្យពលរដ្ឋរងទុក្ខដូចការអភិវឌ្ឍតំបន់បឹងកក់ ឬបុរីកីឡា ការយល់ថា ការរង់ចាំ ៤ឆ្នាំដើម្បីសាងសង់អគារ និងការយល់ថា ការរស់នៅលើបន្ទប់អគារ ឬហៅថា ខុនដូ ត្រូវចំណាយច្រើនលើសេវានានាជាដើម ចមធ្វើឲ្យពលរដ្ឋរស់នៅអគារប៊ូឌីង មួយចំនួនចង់បានលុយហើយចាកចេញតែម្តង ទោះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ប្រកាសក្តែងៗថា ពលរដ្ឋទ្រាំរង់ចាំ ៤ឆ្នាំទៀត ពួកគេនឹងមានជីវភាពធូរធាររស់នៅបានសមរម្យក្តី។
ពលរដ្ឋម្នាក់រស់នៅអគារប៊ូឌីង លោកស្រី រ៉ី ចាន់នី ប្រាប់ថា លោកស្រីជ្រើសរើសយកទឹកប្រាក់ព្រោះមិនចង់រង់ចាំយូរ។ លោកស្រីព្រួយបារម្ភថា ក្នុងពេលរង់ចាំជិត ៤បួនឆ្នាំ បើសិនមិនបានជោគជ័យនឹងធ្វើលោកស្រីជួបបញ្ហាលំបាក៖ «ជំហរខ្ញុំចង់បានលុយអត់ចង់បានផ្ទះទេ ព្រោះនៅទីនេះឆ្អែត ហើយឃើញសព្វបែបយ៉ាងជាខុនដូ គឺល្អហើយ ប៉ុន្តែចូលទៅរស់នៅទីនោះត្រូវបង់សេវាគ្រប់សព្វបែបយ៉ាងទាំងអស់»។
នៅពេលនេះ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងវាស់វែងពីទំហំផ្ទះ និងសម្ភាសអ្នកដែលរស់នៅក្នុងអគារស ឬអគារប៊ូឌីង ដើម្បីរកចំនួនពិតប្រាកដអ្នករស់នៅអគារនេះពិតប្រាកដ។ ចំណែកភាគីក្រុមហ៊ុនជប៉ុន ដែលទទួលសិទ្ធិវិនិយោគតំបន់នេះ មិនទាន់បញ្ជាក់ជំហរយ៉ាងណានៅឡើយទេ។
ពលរដ្ឋមួយរូបទៀត លោក ម៉ម ច័ន្ទណាឫទ្ធិ បង្ហាញការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ លោកប្រាប់ថា ប្រសិនបើក្នុងរយៈពេលរង់ចាំសាងសង់អគារថ្មីជិតបួនឆ្នាំនោះ ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភខ្លះដល់លោក លោកនឹងយល់ព្រមចំពោះការអភិវឌ្ឍនៅនឹងកន្លែង។ ប៉ុន្តែលោកថា ប្រសិនបើក្រុមហ៊ុន ឬក្រសួងមិនផ្តល់ការឧបត្ថម្ភ លោកនឹងយកលុយហើយដើរចេញពីអគារតែម្តង៖ «កន្លែងរស់នៅក្នុងសង្កាត់ទឹកថ្លា ទោះពួកខ្ញុំទៅរស់នៅក៏ខ្វះថវិកាដែរ ព្រោះឆ្ងាយពីផ្ទះ ឆ្ងាយពីកន្លែងលក់ដូរ បើក្រសួងគេមានឲ្យលុយ ឬប្រាក់ខែត្រឹមត្រូវខ្ញុំប្រហែលយកផ្ទះដែរ»។
ដោយឡែកពលរដ្ឋមួយរូបទៀត លោកស្រី កែវ សុផល ប្រាប់ថា សុខចិត្តរង់ចាំបួនឆ្នាំដើម្បីចូលរស់នៅអគារថ្មី ព្រោះលោកស្រីជឿទុកលើរដ្ឋមន្ត្រីក្រសួងក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ដែលចេញមុខធ្វើការងារនេះ និងជឿជាក់ក្រុមហ៊ុនជប៉ុន ដែលទទួលសិទ្ធិវិនិយោជកតំបន់នេះ៖ «ខ្ញុំចង់បានផ្ទះ ព្រោះចង់បានផ្ទះល្អនៅហើយមួយចំនួនទៀត ចង់បានលុយ ព្រោះគេខ្លាចចាញ់បោកគេ (ក្រុមហ៊ុន) ប៉ុន្តែខ្ញុំអត់ខ្លាចទេ»។
ដីសម្រាប់អ្នកប៊ូឌីង នៅបណ្ដោះអាសន្ន ៨៥៥
ទីតាំងដីរបស់ក្រុមហ៊ុនអារ៉ាកាវ៉ា (Arakawa) សម្រាប់សង់ជម្រកអោយពលរដ្ឋនៅប៊ូឌីង រស់នៅបណ្ដោះអាសន្ន នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ RFA/Brach Chev RFA/Brach Chev
បើសិនគម្រោងអភិវឌ្ឍន៍នេះ ជោគជ័យក្រុមហ៊ុនរបស់ជប៉ុន មួយឈ្មោះ អារ៉ាកាវ៉ា (Arakawa) នឹងសាងសង់អគារកម្ពស់ ២១ជាន់ នៅដើមឆ្នាំ២០១៧ ខាងមុខដែលត្រូវចំណាយពេលជិត ៤ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង ៨០លានដុល្លារ។ អគារវ័យចំណាស់សល់ពីសម័យរាស្ត្រនិយមមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សព្វថ្ងៃមានពលរដ្ឋជិត ៦០០គ្រួសារកំពុងរស់នៅ។ កាលពីដើមខែមីនា ឆ្នាំ២០១៥ ពលរដ្ឋនៅទីនេះនាំគ្នារត់ចេញពីអគារទាំងយប់ឃើញមានស្នាមប្រេះ ព្រោះមានក្រុមហ៊ុនធ្វើសកម្មភាពបុកគ្រឹះនៅក្បែរនឹងដីអាគារ។ ប៉ុន្តែក្រោយពីមានការប្រឆាំងទាស់នឹងការព្រួយបារម្ភរបស់ពលរដ្ឋ សកម្មភាពបុកគ្រឹះក៏ត្រូវផ្អាក ហើយពលរដ្ឋនៅគ្នារស់នៅលើអគារជាធម្មតាឡើងវិញ។
ក្នុងពេលសាងសង់អគារថ្មី ក្រុមហ៊ុននេះ មានដីមួយកន្លែងក្នុងទីប្រជុំជននៅសង្កាត់ទឹកថ្លា ខណ្ខសែនសុខ ក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ (Royal Phnom Penh) ដើម្បីសង់ផ្ទះឲ្យពលរដ្ឋរស់នៅជាបណ្តោះអាសន្ន។ ប៉ុន្តែ ខណៈគម្រោងនេះមិនទាន់ចេញពន្លឺនៅឡើយដីនោះក្រុមហ៊ុនអារ៉ាកាវ៉ា បានចាក់ខ្សាច់ព័ទ្ធរបង ប៉ុន្តែមិនទាន់សាង់សងអ្វីនៅឡើយទេ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សារុន ឫទ្ធា មានប្រសាសន៍ថា ពេលនេះមន្ត្រីជំនាញផ្នែកលំនៅឋានកំពុងធ្វើការងារ។ ចំពោះសំណើផ្សេងៗរបស់ក្រុមពលរដ្ឋលោកមិនទាន់អាចបំភ្លឺបាននៅឡើយទេ។
អ្នកនាំពាក្យដដែលថ្លែងដូចគ្នាទៅនឹងលោករដ្ឋមន្ត្រី ជា សុផារ៉ា ដែរ គឺចង់ឲ្យពលរដ្ឋទទួលយកការអភិវឌ្ឍនៅនឹងកន្លែង៖ «ឥឡូវនេះយើងថា ការអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្តែខ្ញុំមិនទាន់ដឹងថា នឹងអាចចេញជារូបរាងនៅឡើយទេ ដោយរង់ចាំការចង្អុលបង្ហាញពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា សិន»។
ចំណែកអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងដែនដី លោក បេង ហុង សុជាតិខេមរូ ដែលធ្វើការងារផ្នែកធ្វើជំរឿន និងស្រង់ស្ថិតិពលរដ្ឋនៅអគារប៊ូឌីង បដិសេធអត្ថាធិប្បាយ។
នាយកប្រតិបត្តិអង្គការក្រុមការងារសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលតាមដានដំណើររឿងនេះយល់ថា ការជ្រើសរើសយកគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងជាជម្រើសល្អ។ លោកយល់ថា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ភាគីក្រុមហ៊ុន ភាគីក្រសួងដែនដី និងភាគីពលរដ្ឋ ត្រូវមានមេធាវីជាតិ អន្តរជាតិ ចុះហត្ថលេខាលើគម្រោងនេះដើម្បីមានផ្លូវច្បាប់ការងារពលរដ្ឋ៖ «តំណាងរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា អាចធ្វើជាសាក្សី ហើយបើថ្ងៃក្រោយមានភាគីណាមួយក្បត់កិច្ចសន្យា រដ្ឋាភិបាល និងរដ្ឋាភិបាលអាចប្តឹងគ្នាបាន»។
ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីង អះអាងប្រហាក់ប្រហែលគ្នាថា ពួកគេអាចនឹងយល់ព្រមទទួលយកសំណងចន្លោះពី ៧ម៉ឺន ទៅ ៨ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារ ជាថ្នូរនឹងការចាកចេញ។
ប្រធានក្រុមហ៊ុនអារ៉ាកាវ៉ា លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) ថ្លែងក្នុងពេលជួបក្រុមពលរដ្ឋរស់នៅអគារប៊ូឌីង និងភាគីក្រសួងដែនដី កាលពីថ្ងៃ៨ ខែវិច្ឆិកា បង្ហាញពីឆន្ទៈអភិវឌ្ឍន៍អគារប៊ូឌីង។
លោក ជា សុផារ៉ា បានប្រកាសផ្ដល់ជម្រើស២ ទៅដល់ពលរដ្ឋ គឺទទួលយកសំណងហើយចាកចេញ និងជម្រើសមួយទៀត គឺយល់ព្រមអភិវឌ្ឍនៅនឹងកន្លែង។ ប៉ុន្តែលោកបង្ហាញជំហរចង់ឲ្យក្រុមពលរដ្ឋរង់ចាំការសាងសង់អគារថ្មី ដើម្បីទទួលបានកន្លែងរស់នៅសមរម្យដែលជាការអភិវឌ្ឍនៅនឹងកន្លែងជារឿងល្អ៕
No comments:
Post a Comment