Tuesday, January 24, 2017

ABC វាយប្រហារ​អាស៊ី​សេរី

ឡានរបស់វិទ្យុ ABC ដែលសរសេរពាក្យប្រឆាំង​វិទ្យុអាស៊ី​សេរី។ រូបថត ហ្វេសប៊ុក


ភ្នំពេញៈ ក្រុម​ការងារ​វិទ្យុ ABC ពី​ម្សិលមិញ​បាន​អំពាវនាវ​​​​ពលរដ្ឋ​ឲ្យ​ចូលរួម​ប្រឆាំង​វិទ្យុ​អាស៊ីសេរី​យ៉ាង​ហោច​ ២ ​លើក​ដោយ​ចោទ​វិទ្យុ​នេះ​ថា​មាន​ចេតនា​ទប់ស្កាត់​អាមេរិក​មិន​ឲ្យ​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ជាង​ ៣០០ ​លាន​ដុល្លារ​ក្នុង​ជំនាន់ ​លន់ នល់។

កាលពី​ថ្ងៃ​ទី​ ២១ ខែ​មករា វិទ្យុ​អាស៊ី​សេរី​បាន​ផ្សាយ​ពត៌មាន​មាន​ចំណង​ជើង​ថា «លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា ​​នឹង​​ស្នើ​​ឲ្យ​​ប្រធានាធិបតី​​អាមេរិក​​ថ្មី​​លុប​បំណុល​ចាស់​​ចោល​»។

ខ្លឹមសារ​នៃ​ព័ត៌មាន​នេះ​គឺ «លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជាថ្មី​ថា​លោក​នឹង​ស្នើ​ឱ្យ​លោក ដូណាល់ ត្រាំ ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ថ្មី​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​ក្នុង​សម័យ​លោក លន់ នល់។ ប៉ុន្តែ​ អ្នក​វិភាគ​យល់​ថា​ ដរាប​ណា​អាមេរិក​នៅ​តែ​ចាត់ទុក​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ដរាប​នោះ​អាមេរិក​នឹង​មិន​សម្រេច​​លុប​ចោល​បំណុល​នោះ​ឡើយ»។

ដោយ​លើក​ពី​ចំណុច​នេះ​ក្រុម​ការងារ​ ABC ដែល​ពេល​ព្រឹក​ធ្វើ​យុទ្ធនាការ​នៅ​មុខ​វត្ត​ចាក់អង្រែ​ក្រោម និង​ពេល​រសៀល​នៅ​​ផ្លូវ​វេងស្រេង​បាន​ចោទ​​វិទ្យុ​អាស៊ីសេរី​ និង​អ្នក​វិភាគ​ថា​មិន​ចង់​ឲ្យ​អាមេរិក​លុប​បំណុល​នេះ​ក្នុង​សម័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ចាំ​ឲ្យ​លុប​ពេល​លោក សម រង្ស៊ី​ ឡើង​កាន់​អំណាច​វិញ។


ទាក់ទង​នឹង​យុទ្ធនាការ​នេះ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​លោក មឿន ឈានណារិទ្ធិ ​មើល​ឃើញ​ថា​ ​នេះ​​​ជា​រលក​វាយប្រហារ​គ្នា​ជាថ្មី​រវាង​ស្ថាប័ន​សារព័ត៌មាន​ដូច​គ្នា​ដែល​ឥរិយាបថ​បែប​នេះ​ធ្លាប់​កើត​​ច្រើន​​មក​ហើយ​ក្នុង​ទសវត្សរ៍​ទី ៩០។

លោក​ថា​ការ​ធ្វើ​បែប​នេះ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​ធ្វើឲ្យ​ស្ថាប័ន​ ABC ខ្លួនឯង​ចុះ​ទន់ខ្យោយ​ទៅវិញ​ទេ។

លោក​ថា៖ «តាមពិត​ទៅ​នេះ​ជា​ចំណុច​ខ្សោយ​មួយ​របស់​វិទ្យុ​ ABC ទេ​គ្រប់​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​អះអាង​ថា​ឯករាជ្យ អព្យាក្រឹត និង​ដើរ​តួនាទី​មួយ​ជូន​ព័ត៌មាន​ដល់​ពលរដ្ឋ​ហើយ​ការ​ធ្វើ​នេះ​វា​មិនមែន​ជា​តួនាទី​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​ទេ»៕

No comments:

Post a Comment