Tuesday, January 24, 2017

អ្នក​បឹងកក់​ហៅ​ការ​កោះ​ហៅ​ពួក​គាត់​ចូល​តុលាការ​បន្តបន្ទាប់​ជា​ការ​គំរាម​កំហែង




ចាប់​តាំង​ពី​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ក្រុម​ស្ត្រី​បឹងកក់​ជាច្រើន​នាក់​ដែល​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ជា​បន្តបន្ទាប់។ អ្នក​បឹងកក់​ថា ការ​សើរើ​សំណុំ​រឿង​ពួក​គាត់​ខ្លះ​កាល​ពី​ជាង ២ ឬ ៤​ឆ្នាំ​មុន​ឡើង​វិញ គឺ​ជា​ការ​គំរាម​កំហែង​លើ​ពួក​គាត់។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំម៉ី យល់​ថា ចំណាត់ការ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ជា​ការ​ដាក់​គំនាប​មក​លើ​ពួក​គាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​តវ៉ា​នានា​ក្នុង​សង្គម និង​ខាតបង់​ពេលវេលា​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោកស្រី ង៉ែត ឃុន អះអាង​ថា ខ្លួន​មិន​ត្រឹម​តែ​ជា​អ្នក​រងគ្រោះ​ពី​អំពើ​ហិង្សា​បង្ក​ដោយ​លោកស្រី តល់ ស្រីពៅ ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រង​បណ្ដឹង​បក​វិញ​ថា បង្ក​ហិង្សា​ដោយ​ចេតនា​លើ​លោកស្រី តល់ ស្រីពៅ បន្ថែម​ទៀត។ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោកស្រី៖ «»។

លោកស្រី គង់ ចន្ថា ដែល​ជា​សាក្សី​ម្នាក់​ក្នុង​សំណុំ​រឿង​លោកស្រី ង៉ែត ឃុន ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​លោកស្រី ង៉ែត ឃុន ដែល​ដាក់​ប្ដឹង​កាល​ពី​ឆ្នាំ​២០១៤ នោះ តុលាការ​ក្រុង​ភ្នំពេញ​មិន​មាន​ចំណាត់ការ​ទេ បែរ​ជា​ធ្វើ​ការ​លើ​បណ្ដឹង​បក​លោកស្រី ង៉ែត ឃុន ពី​លោកស្រី តល់ ស្រីពៅ ទៅ​វិញ។
លោកស្រី​យល់​ថា ការ​ប្ដឹង​ផ្ដល់​រវាង​អ្នក​បឹងកក់​នេះ មិន​មែន​កើត​ចេញ​ពី​អ្នក​បឹងកក់​នោះ​ទេ គឺ​មាន​អាជ្ញាធរ​នៅ​ពី​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​បែកបាក់​សាមគ្គី​គ្នា​រឿង​តវ៉ា​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku)៖ «»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អតីត​តំណាង​អ្នក​បឹងកក់ លោកស្រី តល់ ស្រីពៅ បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា។

ចំណែក​អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស ត្រូវ​បាន​គេ​នាំ​មក​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មករា ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ លោក អ៊ី ថាវរៈ ក្នុង​នាម​ជា​សាក្សី​ឲ្យ​លោកស្រី ង៉ែត ឃុន ដែល​រង​បណ្ដឹង​ពី​អតីត​តំណាង​អ្នក​បឹងកក់ លោកស្រី តល់ ស្រីពៅ ដែល​ប្ដឹង​ថា លោកស្រី ង៉ែត ឃុន ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ នៅ​តំបន់​បឹងកក់។

បើ​ទោះ​ជា​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្នក​បឹងកក់​នៅ​តែ​មាន​សង្ឃឹម​ថា យុត្តិធម៌​ពិត​ប្រាកដ​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ចំពោះ​ពួក​គាត់ បើ​សិន​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​ជាតិ​មួយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ។ អ្នក​បឹងកក់​យល់​ថា តុលាការ​មិន​គួរ​លើក​យក​រឿងរ៉ាវ​កន្លង​ផុត​ជាច្រើន​ឆ្នាំ ដើម្បី​ដាក់​សម្ពាធ​ពួក​គេ​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នោះ​ទេ។ ពួក​គេ​នៅ​តែ​បន្ត​យុទ្ធនាការ​នោះ​ដដែល លុះត្រា​តែ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប។

លោកស្រី ង៉ែត ឃុន ដែល​ត្រូវ​ជា​ចុង​ចម្លើយ​ក្នុង​សំណុំ​រឿង នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា៕

No comments:

Post a Comment