Tuesday, January 24, 2017
កម្មកររោងចក្រក្បាលកោះតវ៉ាទាមទារប្រាក់ឈ្នួលសម្រាប់ខែធ្នូ
កម្មកររោងចក្រក្បាលកោះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិត ៣០០នាក់ នៅថ្ងៃទី២៤ ខែមករា លើកគ្នាមកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរកអន្តរាគមន៍បើកប្រាក់ឈ្នួលដែលពួកគាត់មិនបានទទួលសម្រាប់ខែធ្នូ។ ប៉ុន្តែមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបញ្ជូនករណីនេះទៅដោះស្រាយក្រសួងការងារវិញ។
នៅពេលដែលមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីប្រាប់កម្មករឲ្យទៅដោះស្រាយនៅក្រសួងការងារនោះ តំណាងកម្មកររោងចក្រក្បាលកោះ អ្នកស្រី អុល វណ្ណា មានប្រសាសន៍ថា អ្នកស្រីអស់សង្ឃឹមពេលស្វែងរកអន្តរាគមន៍រយៈពេលជាង ១០ថ្ងៃមកនេះ ក្រុមកម្មករនៅតែមិនទាន់ទទួលបានដំណោះស្រាយ៖ «»។
អ្នកស្រីថ្លែងថា អ្នកស្រី និងកម្មករផ្សេងទៀត កំពុងជួបការលំបាកខ្វះលុយចំណាយសម្រាប់កូនទៅរៀន និងការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ពេលដែលមិនបានទទួលប្រាក់ឈ្នួលនេះ។
តំណាងកម្មករ កម្មការិនីមួយរូបទៀត គឺកញ្ញា នៀង សោភា បន្ទរថា កម្មករខ្លះមិនមានប្រាក់នៅសល់សម្រាប់ទិញបាយទេ៖ «ពួកខ្ញុំពិបាក គឺពិបាកសព្វផ្លូវ ទាំងថ្លៃផ្ទះជួល សូម្បីតែថ្លៃឡាន ថ្លៃរ៉ឺម៉កម៉ូតូ ដែលគាត់ឌុបមកធ្វើការរាល់ថ្ងៃ ក៏គាត់ទារលុយ ហើយពួកខ្ញុំត្រូវការចំណាយញ៉ាំរាល់ថ្ងៃ ដឹងស្រាប់ហើយ ផ្ទះជួល ហើយពិសេសជាងគេបងប្អូនកម្មករភាគច្រើន គឺគាត់ជំពាក់ធនាគារ»។
កម្មករកម្មការិនីទាំងជិត ៣០០នាក់នេះ មកពីរោងចក្រក្បាលកោះ ផាដា (Pada) និងថប់វើល (Top World) ដែលមានថៅកែតែមួយ។ រោងចក្រនេះស្ថិតនៅតាមផ្លូវជាតិលេខ១ ភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មការិនីផ្នែកដេរនៃរោងចក្រថប់វើល (Top World Garment) មួយរូប គឺកញ្ញា ចំរើន នួន ដែលធ្វើការចាប់តាំងពីឆ្នាំ២០០៣ មក ថ្លែងថា រោងចក្រនេះចាប់ផ្ដើមមានបញ្ហាតាំងពីដើមឆ្នាំ២០១៦ មក ដែលថៅកែរោងចក្របើកប្រាក់ឈ្នួលម្ដងបន្តិចៗ ឲ្យកម្មករ៖ «មួយឆ្នាំជាងហើយ គាត់ផ្ដល់ប្រាក់ឈ្នួលឲ្យខ្ញុំហ្នឹង មួយខែបើកបួនប្រាំដង ២០រៀល ១០រៀល ៣០រៀល ៥០អ៊ីចឹងទៅ តាមតែគាត់ស្នើសុំឲ្យកម្មករទទួលយក។ កម្មករទទួលយករហូត តែដល់ពេលប្រាក់ខែ ១២ នេះ គាត់អត់បានបើកឲ្យតែម្ដង»។
កម្មករ កម្មការិនីចាប់ផ្ដើមការតវ៉ា និងដាក់ញត្តិរកអន្តរាគមន៍តាមស្ថាប័នផ្សេងៗ នៅថ្ងៃទី១១ មករា គឺមួយថ្ងៃក្រោយពេលរង់ចាំថៅកែបើកប្រាក់ឈ្នួលឲ្យ ហើយថៅកែរោងចក្រនេះមិនបើកឲ្យ។ កម្មករអះអាងថា ថៅកែជំរុញឲ្យកម្មករតវ៉ាតាមផ្លូវច្បាប់។
ប័ណ្ណប៉ាតង់ចេញដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ថៅកែរោងចក្រនេះឈ្មោះ ជឹង ជុនហ្វាត (Cheung Chun Fat)។ ប៉ុន្តែអាស៊ីសេរី មិនអាចស្វែងរកការបញ្ជាក់ពីខាងថៅកែរោងចក្របានទេ នៅថ្ងៃដដែលនេះ។
អ្នកស្រី អុល វណ្ណា ឲ្យដឹងថា កិច្ចប្រជុំដោះស្រាយនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រយៈពេល ៣ម៉ោង នៅល្ងាចថ្ងៃទី២៤ មករា មិនមានដំណោះស្រាយទេ ព្រោះភាគីតំណាងកម្មករ និងសហជីព មិនចរចាជាមួយមេធាវី ដែលអះអាងថា បានទទួលសិទ្ធិពីថៅកែរោងចក្រ។ ការមិនទទួលស្គាល់មេធាវីនោះ ព្រោះមេធាវីមិនបង្ហាញលិខិតផ្ទេរសិទ្ធិពីថៅកែ។
ក្រុមកម្មករនាំគ្នាត្រឡប់ទៅរោងចក្រវិញ ហើយសន្យាថា នឹងពិភាក្សាគ្នារកមធ្យោបាយស្វែងរកកិច្ចអន្តរាគមន៍បន្តទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment