Friday, January 6, 2017

មន្ត្រី​តុលាការ​ខេត្ត​ពោធិ៍សាត់​រង​ការ​រិះគន់​ជុំវិញ​ការ​ឃុំ​ខ្លួន​អ្នក​កាសែត​៣​នាក់

សាលាដំបូង​ខេត្ត​ពោធិ៍សាត់។ រូបថត​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ RFA/Chin Chetha




ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​បី​នាក់ ដែល​ចោទ​ពី​បទ​កំហែង​យក តាម​សំណើ​របស់​តំណាង​អយ្យការ​ដើម្បី​រង់ចាំ​មេធាវី​របស់​ជន​ត្រូវ​ចោទ ឬ​លិខិត​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ អគ្គនាយក​ទូរទស្សន៍ អឹម.អេស.ចេ (MSJ) និង​ជា​ប្រធាន​របស់​អ្នក​យក​ព័ត៌មាន​ទាំង​បី​នាក់ អះអាង​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​លើ​អ្នក​កាសែត។

អគ្គនាយក​ទូរទស្សន៍​អនឡាញ (Online) ឈ្មោះ អឹម.អេស.ចេ គឺ​លោក ម៉េង សុភ័ណ្ឌ ថ្លែង​រិះគន់​ថា ចៅក្រម ឬ​មន្ត្រី​អាវុធហត្ថ គួរ​តែ​ចាត់​ការ​លើ​ឈ្មួញ​រក​ស៊ី​ឈើ​ដែល​ប្ដឹង​ឲ្យ​ចាប់​ខ្លួន​អ្នក​កាសែត​ដែរ ព្រោះ​លោក​យល់​ថា សហការី​របស់​លោក​គ្រាន់​តែ​ជា​ជន​រងគ្រោះ​ចាញ់​បោក​គេ ទើប​មាន​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ រួច​បន្ត​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។

លោក​ស្នើ​ឲ្យ​ចៅក្រម​ពិនិត្យ​មើល​លើ​អង្គហេតុ​នៃ​សំណុំ​រឿង និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូន​ចៅ​លោក បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​សហការី​របស់​លោក​ទាំង​បី​រូប​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក​ជឿ​ថា បើ​ចៅក្រម​មាន​គតិ​យុត្តិធម៌​កូន​ចៅ​លោក​នឹង​បាន​នៅ​ក្រៅ​ឃុំ​បន្ទាប់​ពី​ដាក់​លិខិត​ស្នើ​សុំ ឬ​មាន​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​បី​នាក់៖ «ខ្ញុំ​យល់​ថា វា​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន ព្រោះ​ដោយសារ​ទី​មួយ​លោក ហេង ហ្នឹង ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​របស់​ខ្ញុំ​ថា គាត់​បាន​អញ្ជើញ​ភ្នាក់ងារ​របស់​ខ្ញុំ​ទៅ​ញ៉ាំ​បាយ ដល់​ពេល​ទៅ​បាយ​ទៅ​ក៏​បាយ​ជុំ​គ្នា ក៏​សុំ​រាប់​អាន​ជាមួយ​គ្នា​ទៅ​អី​ទៅ ដល់​សុំ​រាប់​អាន​គ្នា​ក៏​រឿង​ហេតុការណ៍​កើត​ឡើង​ស្រាប់​តែ​មាន​ប៉េអឹម​អី​មក​ឃាត់។ ខ្ញុំ​គ្រាន់​តែ​សុំ​ឲ្យ​សមត្ថកិច្ច ឬ​តុលាការ​ជួយ​រក​ភាព​យុត្តិធម៌ ព្រោះ​ឈ្មួញ​រក​ស៊ី​ឈើ​ម្នាក់​បាន​រកស៊ី​បំផ្លាញ​ឈើ តែ​មិន​មាន​ការ​ឃាត់ ឬ​ហៅ​មក​សាកសួរ»។


អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ អឹម.អេស.ចេ ដែល​ត្រូវ​មន្ដ្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ចាប់​ខ្លួន​ទាំង​បី​នាក់ គឺ​​ទី​មួយ​ឈ្មោះ ស៊ិន សោភ័ណ្ឌ ទីពីរ​ឈ្មោះ សួន ណៃ និង​ទីបី​ឈ្មោះ ចាន់ ពិសិដ្ឋ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក និង​អ្នក​កាសែត​ខ្លះ​អះអាង​ថា ដើម​បណ្ដឹង​ឈ្មោះ ហេង ដែល​គេ​ស្គាល់​ថា ជា​អ្នក​រក​ស៊ី​ឈើ​ល្បី​ម្នាក់​នៅ​ស្រុក​ភ្នំក្រវាញ បាន​ណាត់​អ្នក​កាសែត​ទាំង​បី​នាក់ ទៅ​ហូប​បាយ​នៅ​ហាង​មួយ​ឋិតនៅ​ភូមិ​ព្រែកបី ឃុំ​សំរោង ដើម្បី​សុំ​សម្រួល​មិន​ឲ្យ​ចុះ​ផ្សាយ​នូវ​រូបភាព​បទល្មើស​ដឹក​ឈើ​ដែល​អ្នក​ទាំង​បី​ថត​បាន។ ប្រភព​ដដែល​បន្ត​ថា ពេល​អ្នក​ទាំង​បី​កំពុង​អង្គុយ​ហូប​បាយ ស្រាប់​តែ​ឈ្មោះ ហេង ឲ្យ​លុយ​ចំនួន ៣០០​ដុល្លារ​ដាក់​ក្រោម​ចាន​បាយ ដោយ​អ្នក​កាសែត​ប្រកែក​មិន​ទទួល​យក​ស្រាប់​តែ​​យក​ទៅ​ញាត់​ក្នុង​ហោប៉ៅ ក្រោយ​មក​ទើប​​​ ប៉េអឹម​ចាប់​ខ្លួន​តែ​ម្ដង។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ឡុង ជាប បញ្ជាក់​យ៉ាង​ខ្លី​ថា អ្នក​ទាំង​បី​ត្រូវ​បាន​ចោទ​ពី​បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ ប៉ុន្តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ពី​អង្គហេតុ និង​​ដើម​បណ្ដឹង​នោះ​មាន​ឈ្មោះ​អ្វី ហើយ​មាន​មុខ​របរ​អី​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា បច្ចុប្បន្ន​សំណុំរឿង​​បញ្ជូន​ដល់​ដៃ​ចៅក្រម​ស៊ើប​ហើយ ចាំ​សួរ​ចៅក្រម​ចុះ។

ចំណែក​ចៅក្រម​កាន់​សំណុំ​រឿង​នេះ លោក កេត សុជាតិ ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជនសង្ស័យ​នៅ​ឡើយ​ទេ នៅ​គ្រា​ដែល​ពួកគេ​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​អ្វី​ដល់​ចៅក្រម​ដោយ​រង់ចាំ​មាន​មេធាវី​សិន។ លោក​បង្ហើប​យ៉ាង​ខ្លី​ថា អង្គហេតុ​ដែល​តំណាង​អយ្យការ​បញ្ជូន​មក​ឲ្យ​ស៊ើបសួរ គឺ​ករណី​អ្នក​ទាំង​បី​ទៅ​ឃាត់​ឡាន​គេ​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ផ្សាយ​ព័ត៌មាន៖ «ជា​មូលដ្ឋាន​នៃ​ការ​ស៊ើបសួរ​បឋម​នេះ គឺ​ខ្ញុំ​ត្រូវ​ស៊ើបសួរ​ជុំ​ទាំង​អស់។ ទាំង​អ្នក​ប្ដឹង របាយការណ៍​មន្ត្រី​នគរបាល​យុត្តិធម៌ ការ​ដាក់​បន្ទុក ការ​ដោះ​បន្ទុក​ដែល​ត្រូវ​ធ្វើ​ហ្នឹង​ណា។ អ៊ីចឹង​វា​អត់​ទាន់​មាន​អី តែ​បញ្ហា​ចម្បង​ខ្ញុំ​នឹង​ធ្វើ​ដីកា​កោះ​ហៅ​ខាង​អ្នក​ប្ដឹង​ដើម្បី​មក​បំភ្លឺ ហើយ​ម្យ៉ាង​ទៀត រង់ចាំ​តែ​គាត់ (ជន​សង្ស័យ) មាន​មេធាវី យើង​អញ្ជើញ​គាត់​មក​សាកសួរ​ចម្លើយ​ចំពោះ​មុខ​មេធាវី ជាមួយ​អយ្យការ​អី​ទៅ​ណា»។

មាត្រា​៣៦៣ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​កំហែង​យក គឺ​ជា​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ការ​ប្រើ​ហិង្សា ការ​គំរាមកំហែង​ថា​នឹង​ប្រើ​ហិង្សា ឬ​ដោយ​បង្ខិតបង្ខំ ដើម្បី​ទទួល​បាន​នូវ​ហត្ថលេខា ឬ​ស្នាម​មេដៃ ការ​សន្យា ឬ​ការ​បោះបង់​ចោល​អ្វី​មួយ ការ​បង្ហាញ​អាថ៌កំបាំង​ណា​មួយ ការ​ប្រគល់​មូលនិធិ តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វី​មួយ។ ចំណែក​មាត្រា​៣៦៤ ដែល​ចែង​ពី​ទោស​បញ្ញត្តិ នៃ​អំពើ​កំហែង​យក គឺ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ ទៅ​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​បួន​លាន​រៀល ដល់​ដប់​លាន​រៀល។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន (CIMS) លោក មឿន ឈានណារិទ្ធិ ថ្លែង​ថា លោក​មិន​កាន់​ជើង​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ខុស​នោះ​ទេ តែ​លោក​សង្កេត​ឃើញ​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់ ឬ​ចាប់​ខ្លួន​ភាគ​ច្រើន គឺ​ត្រូវ​ចាញ់​បោក​គេ។ លោក​ថា វា​ជា​រឿង​មួយ​លំបាក​ដែល​សមត្ថកិច្ច​មួយ​ចំនួន​ត្រូវរ៉ូវ​ជាមួយ​ជនល្មើស ប៉ុន្តែ​អ្នក​សារព័ត៌មាន​ត្រូវ​ឈ​លើ​វិជ្ជាជីវៈ​របស់​ខ្លួន។

លោក ណារិទ្ធិ បន្ថែម​ថា អ្នក​សារព័ត៌មាន​រង​ការ​ចោទ​ពី​បទ​កំហែង​យក​លុយ វា​ជា​រឿង​ដែល​មិន​សម​ហេតុផល​ឡើយ ដោយ​លោក​ចោទ​ជា​សំណួរ​ថា ពេល​គំរាម​នោះ​អ្នក​សារព័ត៌មាន​មាន​កាំភ្លើង​ក្នុង​ដៃ​ឬ​អត់ ហើយ​អ្នក​សារព័ត៌មាន​ណា​ខ្លះ​ដែល​ហ៊ាន​ជាប់​គុក​ដោយ​ការ​យក​ប្រាក់​បន្តិចបន្តួច​នោះ។ ទោះ​ជា​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ពុំ​មាន​ប្រាក់​ខែ​ត្រឹម​ត្រូវ ទើប​ពេល​ខ្លះ​អ្នក​សារព័ត៌មាន​ធ្វើ​ខុស​ពី​វិជ្ជាជីវៈ​របស់​ខ្លួន។ ប៉ុន្តែ​លោក​ថា ដើម្បី​ការពារ​ខ្លួន​ពី​ការ​ធ្វើ​បាប​ផ្នែក​រាងកាយ ឬ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ អ្នក​សារព័ត៌មាន​ត្រូវតែ​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់ខ្ជួន៖ «ក្នុង​ក្រម​សីលធម៌ វិជ្ជាជីវៈ​តែងតែ​ដាស់​តឿន​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ព្រោះ​អី​គ្មាន​អ្វី​ការពារ​ខ្លួន​យើង​បាន​ប្រសើរ​បំផុត​លើស​ពី​ការ​គោរព​តាម​វិជ្ជាជីវៈ​នោះ​ទេ។ ដើម្បី​ពង្រឹង​ការ​ប្រព្រឹត្ត​ខុស​របស់​អ្នក​សារព័ត៌មាន​តាម​ខេត្ត អង្គភាព​នីមួយៗ​គួរ​ផ្ដល់​ប្រាក់​បៀវត្សរ៍​សមរម្យ ហើយ​ដាក់​កំហិត​តឹងរ៉ឹង បើ​មាន​សេចក្ដី​រាយការណ៍​ថា អ្នក​សារព័ត៌មាន​ណា​ធ្វើ​ខុស​ក្រម​សីលធម៌​ធ្ងន់ធ្ងរ គេ​អាច​ត្រូវ​បញ្ឈប់​ការងារ ឬ​បណ្ដេញ​ចេញ​តែ​ម្ដង»។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស មាន​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ប្រហែល ១៣​នាក់ ត្រូវ​បាន​សម្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ធ្វើ​បាប​លើ​រាងកាយ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ពី​បទ​កំហែង​យក ឬ​បទល្មើស​ផ្សេង​ទៀត​តាម​បណ្ដឹង​របស់​ជន​ខិលខូច ឬ​អ្នក​មាន​អំណាច។ ករណី​សម្លាប់​អ្នក​កាសែត​ខ្លះ មិន​ទាន់​រក​យុត្តិធម៌​ឃើញ​នៅ​ឡើយ៕

No comments:

Post a Comment