រូបសំណាករបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅជិតវត្តលង្កា រូបថតថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ អំពីគម្រោងនៃការជួបជុំគ្នាប្រារព្ធពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីពនេះ ដែលបានទទួលមរណភាពដោយឃាតកបាញ់សម្លាញ់នៅមុខតូបលក់កាសែត ក្បែររបងវត្តលង្កា កាលពី ១៣ឆ្នាំមុន។ សំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ អះអាងថា នៅបន្តស៊ើបអង្កេតវែកមុខរកជនល្មើស។
ថ្នាក់ដឹកនាំសហជីពសេរីកម្មករ ស្នើឲ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតលើសំណុំរឿងឃាតកម្មលើអតីតប្រធានសហជីពរបស់ខ្លួនគឺលោក ជា វិជ្ជា ដ្បិតអី ១៣ឆ្នាំហើយ ក្រុមគ្រួសារពុំទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ។
អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ មានប្រសាសន៍នៅថ្ងៃទី៦ ខែមករា ថា ពិធីជួបជុំដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២២ ខែមករា ដែលនឹងមានអ្នកចូលរួមប្រមាណ ១៥០នាក់ ដែលជាក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់ដឹកនាំសមាជិកសហជីពសេរីកម្មករ នៅទីតម្កល់រូបសំណាកលោក ជា វិជ្ជា ខាងមុខវត្តលង្កា។ លោកសង្ឃឹមថា សាលារាជធានីភ្នំពេញ នឹងពិនិត្យមើលសេចក្ដីជូនដំណឹងរបស់សហជីពដែលបានដាក់ជូនកាលពីថ្ងៃទី៤ ខែមករា ជុំវិញការជួបជុំនេះ។
លោក ម៉ាន់ សេងហាក់ បញ្ជាក់ទៀតថា ក្រៅអំពីការប្រារព្ធពិធីដាក់កម្រងផ្កានេះ លោកក៏ស្នើឲ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតរកមុខឃាតក និងអ្នកនៅពីក្រោយការបាញ់សម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤៖ «ដើម្បីឲ្យមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ពីព្រោះឃើញថា តុលាការបានរុញករណីនេះមកក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតរកជនដៃដល់ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏បានបង្កើតគណៈកម្មការមួយដែរ ប៉ុន្តែហាក់ដូចជាពុំមានដំណើរការទេ មានតែឈ្មោះឃើញថា រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ គណៈកម្មការអត់បានផ្ដល់ព័ត៌មានអីមកក្រុមគ្រួសារនៃសពទេ។ បើសិនស៊ើបបាន ឬមិនបាន គួរតែទំនាក់ទំនងគ្នា នេះអត់សុទ្ធតែម្ដង»។
ជុំវិញសំណុំរឿងបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីឈ្មោះនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មលោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានពន្លឺនៃការស៊ើបអង្កេតនៅឡើយទេ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា រហូតមកដល់ពេលនេះ លោកពុំបានទទួលព័ត៌មានអ្វីគណៈកម្មការនេះទេ ប៉ុន្តែដោយឡែកក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ លោកបានឆ្លើយដោយខ្លីថា ក្រសួងនៅតែបន្តសំណុំរឿងនេះជានិច្ ដរាបណាមិនទាន់ចាប់ជនល្មើសបាន៖ «ដូចខ្ញុំជម្រាបពីដើមអ៊ីចឹង កន្លងមកមិនទាន់បិទទេ យើងមិនបិទទេ បើសិនសំណុំរឿងនេះមិនទាន់រកឃើញ យើងនៅតែបើកចំហរហូត»។
ទោះយ៉ាងណា ការដាក់សេចក្ដីជូនដំណឹងរៀបចំពិធីជួបជុំគ្នា អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែងថា សាលារាជធានីបានទទួលលិខិតពីសហជីពហើយ ក៏ប៉ុន្តែប្រហែលជាគ្មានបញ្ហាចោទទេ គឺត្រូវឆ្លងគោលការណ៍សម្រេចពីលោកអភិបាលសិន៖ «ដោយសារកិច្ចការនេះ កន្លងមកធ្លាប់បានអនុញ្ញាតជូនដែរ គ្រាន់តែយើងអាចធ្វើការជួបគ្នាពិភាក្សាគ្នាលំអិតបន្តិច ការងាររៀបចំសន្តិសុខអីយ៉ាងម៉េចៗ»។
កាលពីប្រារព្ធពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ថ្ងៃទី២២ មករា ឆ្នាំ២០១៦ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា សាលារាជធានីមិនអនុញ្ញាតឲ្យអ្នកប្រារព្ធពិធីនោះ ហែក្បួន និងថ្លែងសារនយោបាយ ឬតិះដៀលលើថ្នាក់ដឹកនាំរដ្ឋាភិបាលនោះឡើយ។ បម្រាមនេះ ត្រូវបានប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា គឺលោក ជា មុនី លើកឡើងថា គឺជាការរឹតត្បិតសិទ្ធិសេរីភាព។
ប៉ុន្តែបញ្ហានេះ មជ្ឈដ្ឋានទូទៅនៅតែចង់ដឹងថា នរណាជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា ហើយនៅពេលសាលារាជធានីមានបម្រាមរារាំងយ៉ាងដូច្នេះ បានធ្វើឲ្យពួកគេដាក់មន្ទិលសង្ស័យទៅលើរដ្ឋាភិបាល៕
No comments:
Post a Comment