Sunday, January 22, 2017

សង្គម​ស៊ីវិល​គាំទ្រ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចុះ​បង្ក្រាប​ការ​រត់​ពន្ធ​ទូរស័ព្ទ​ដៃ​ទំនើបៗ


មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញ​គេច​ពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided


អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម គាំទ្រ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ដែល​សហការ​គ្នា​ចុះ​បង្ក្រាប​ការ​រត់​ពន្ធ​ទូរស័ព្ទ​ដៃ​ទំនើប និង​កុំព្យូទ័រ​នៅ​ច្រក​កំពង់ផែ​ទំនប់​រលក។ អភិបាល​ខេត្ត​ព្រះសីហនុ លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​នេះ ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​កំណើន​ចំណូល​ថវិកា​ជាតិ​នា​ថ្ងៃ​អនាគត​កើន​ខ្ពស់។

ការ​ចុះ​បង្ក្រាប​ការ​រត់​ពន្ធ​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ស៊េរី​ទំនើបៗ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ឬ​គយ​ចល័ត​ជាដើម ដែល​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ និង​កម្លាំង​ជំនាញ​ច្រើន​ស្ថាប័ន​ទៀត ចាប់​បាន​ទំនិញ​គេច​ពន្ធ​ទាំងនេះ​រាប់​រយ​គ្រឿង នៅ​ចំណុច​ច្រក​កំពង់ផែ​គមនាគមន៍ ឬ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​កត់​សម្គាល់​ថា បន្ទាប់​ពី​ខេត្ត​នេះ​បាន​ផ្លាស់ប្ដូរ​តួនាទី​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ថ្មី​កាល​ពី​ដើម​ខែ​មករា នេះ បាន​បង្ហាញ​សកម្មភាព​ការងារ​ជា​វិជ្ជមាន​ក្នុង​ការងារ​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​តាម​កំពង់ផែ​ផ្លូវ​ទឹក​នា​មូលដ្ឋាន​នេះ។ ទន្ទឹម​គ្នា​នេះ អ្នកស្រី​ក៏​ស្នើ​ឲ្យ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក ទុំ ណូ ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី​នេះ ត្រូវ​បន្ត​សកម្មភាព​បង្ក្រាប​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ប្រមូល​កំណើន​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​ខាង​មុខ៖ «សូម​ឲ្យ​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ថ្មី​ហ្នឹង មាន​វិធានការ​រឹត​បន្តឹង​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​គ្រប់​បែប​យ៉ាង​ទាំងអស់ នៅ​តាម​កំពង់ផែ​ឡើង​ទំនិញ​នានា​នៅ​មូលដ្ឋាន​នេះ។ ការ​នាំ​ចូល​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​វត្ថុ ឬ​សម្ភារ​ប្រើប្រាស់​ក្លែងក្លាយ ក៏​ឃើញ​មាន​សកម្មភាព​នាំ​ចូល​ច្រើន​ដែរ​នៅ​ច្រក​កំពង់ផែ​ខ្លះ​នា​មូលដ្ឋាន​នេះ»។

សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​នៅ​តាម​កំពង់ផែ​ទំនប់​រលក​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​មករា កម្លាំង​ជំនាញ​ចាប់​បាន​ប្រភេទ​ទូរស័ព្ទ​ដៃ​ទំនើបៗ មាន​ទូរស័ព្ទ​អាយហ្វូន​ស៊ិច និង​អាយហ្វូន​សេវិន​ផ្លឹស (IPhone6-7 Plus) ទូរស័ព្ទ​ស៊េរី​ខ្ពស់​ប្រភេទ​ហ៊ួវ៉ៃ (Huawel Mate9) ទូរស័ព្ទ​ម៉ូត​ថ្មី​ម៉ាក​សូនី (Sony Xperia) និង​កុំព្យូទ័រ​យួរ​ដៃ ឬ​លេបថប (Laptop) រាប់​រយ​គ្រឿង ព្រម​ទាំង​សម្ភារ​អេឡិចត្រូនិក​ជាច្រើន​ប្រភេទ​ទៀត​សរុប​មាន​ចំនួន ១៣​កេស​ធំៗ​នៅ​លើ​ទូក​ដឹក​ទំនិញ​លេខ កក 8223 ចូល​តាម​ច្រក​កំពង់ផែ​ទំនប់​រលក។

មន្ត្រី​សាខា​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទំនិញ​គេច​ពន្ធ​ទាំង ១៣​កេស បាន​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ឬ​រង់ចាំ​ម្ចាស់​មក​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​លើ​មុខ​ទំនិញ​ទាំងនេះ​ឲ្យ​ស្រប​តាម​ច្បាប់។

អ្នកស្រី សុធារី ក្នុង​នាម​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ទើប​មក​ទទួល​តំណែង​ថ្មី ត្រូវ​បង្ហាញ​ពី​សមត្ថភាព​ការងារ​ប្រមូល​ពន្ធ​រដ្ឋ​ពី​ការ​នាំ​ចូល​ទំនិញ​នៅ​តាម​ច្រក​កំពង់ផែ​នានា​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​អំពើ​ពុក​រលួយ​ផ្សេងៗ ដែល​អាច​នឹង​កើត​មាន​ឡើង នាំ​ឲ្យ​បាត់បង់​ចំណូល​ថវិកា​ជាតិ៖ «ប្រភព​ចំណូល​ថវិកា​ជាតិ​របស់​កម្ពុជា គឺ​បាន​កើន​ឡើង​តាម​ការ​នាំ​ចូល​បង់​ពន្ធ​ទៅ​លើ​មុខ​ទំនិញ​ផ្សេងៗ។ ប្រសិន​បើ​ក្រុមហ៊ុន​នាំ​ចូល​ដែល​មាន​ការ​បន្លែបន្លំ​ដូច្នេះ គួរ​តែ​មន្ត្រី​ជំនាញ​ធ្វើ​ការ​ផ្សព្វផ្សាយ ព្រមាន​ជា​សាធារណៈ ដើម្បី​ជា​ការ​ព្រមាន និង​កុំ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​អនុវត្ត​តាម​ទៀត។ ខ្ញុំ​ជឿ​ថា ក្រុមហ៊ុន​នាំ​ចូល​ទំនិញ​ទាំងនេះ​មិន​មែន​គេ​មិន​បង់​ជូន​មន្ត្រី​ជំនាញ​ទេ​កន្លង​មក គឺ​មាន​ការ​បង់ ប៉ុន្តែ​វា​មិន​បាន​ចូល​ទៅ​ថវិកា​ជាតិ បែរ​ជា​ចូល​ទៅ​ក្នុង​ហោប៉ៅ​ឯកជន​ទៅ​វិញ»។

ចំណែក​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​គាំទ្រ​សកម្មភាព​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចម្រុះ​គ្រប់​ស្ថាប័ន ដែល​បាន​សហការ​ចុះ​បង្ក្រាប​បទល្មើស​ទំនិញ​គេច​ពន្ធ មាន​ទូរស័ព្ទ​ដៃ​ទំនើបៗ​រាប់​រយ​គ្រឿង​នៅ​ច្រក​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក​នេះ​ដែរ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​កម្លាំង​ជំនាញ ពិសេស​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ត្រូវ​ចុះ​អនុវត្ត​ការងារ​បង្ក្រាប​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​តាម​ផ្លូវ​សមុទ្រ ចូល​មក​កំពង់ផែ​សមុទ្រ​នានា​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក ប៊ួន ណារិទ្ធិ កត់​សម្គាល់​ថា សកម្មភាព​រត់​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ​នៅ​តាម​កំពង់ផែ​ផ្លូវ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មិន​មែន​ជា​រឿង​ទើប​កើត​មាន​ថ្មីៗ​នោះ​ទេ ប៉ុន្តែ​បទល្មើស​ទាំងនេះ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ថា កន្លង​មក​បទល្មើស​នេះ​អាច​ទំនង​ដោយសារ​តែ​បុគ្គល​ជា​អ្នក​អនុវត្ត​ច្បាប់​នៅ​តាម​ស្ថាប័ន​ខ្លះ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ល្មើស​ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​គ្មាន​សកម្មភាព​បង្ក្រាប​ការ​រត់​ពន្ធ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​តាម​ច្រក​កំពង់ផែ​ខ្លះ ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ៖ «ពាក់ព័ន្ធ​បញ្ហា​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ការ​មិន​បង់​ពន្ធ​ជូន​រដ្ឋ​នេះ គឺ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ស្ថាប័ន​គយ និង​រដ្ឋាករ ហើយ​សង្ឃឹម​ថា​នៅ​ពេល​មាន​ការ​ចាប់​បង្ក្រាប​ការ​រត់​ពន្ធ​ទំនិញ នៅ​តាម​កំពង់ផែ​ទំនប់​រលក​ពេល​នេះ រំពឹង​ថា ចំណូល​ថវិកា​ជាតិ​នឹង​បាន​កើន​ច្រើន​ពី​ច្រក​សេដ្ឋកិច្ច​ប្រចាំ​ខេត្ត​ព្រះសីហនុ យើង​មួយ​នេះ។ យើង​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​ទំនិញ​សព្វសារពើ គឺ​បាន​នាំ​ចូល​តាម​កំពង់ផែ​ឡើង​ទំនិញ​ទំនប់​រលក​នេះ។ ការ​នាំ​ចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​នេះ គឺ​មាន​អ្នក​រក​ស៊ី​មួយ​ចំនួន មាន​អ្នក​ខ្លះ​បាន​បង់​ពន្ធ​ពាក់​កណ្ដាល និង​មិន​បាន​បង់​ពន្ធ​ចំនួន​ពាក់​កណ្ដាល​នៃ​ការ​នាំ​ចូល​ទំនិញ​របស់​ខ្លួន។ ហើយ​ក៏​មាន​ពួក​គេ​បាន​រក​ចំណូល​ពី​ការ​នាំ​ទំនិញ​ពី​ក្រៅ​ប្រទេស​ចូល​តាម​កំពង់ផែ​ទំនប់​រលក​ចូល​មក​កម្ពុជា ដោយ​មិន​បាន​បង់​ពន្ធ​អ្វី​ទាំងអស់ ដោយ​ពួក​គេ​មាន​ខ្សែ​បក្ស​ពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផ្សេងៗ»។

យ៉ាង​ណា​ក៏ដោយ​ចុះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​កោត​សរសើរ​ចំពោះ​សកម្មភាព​ជា​វិជ្ជមាន​របស់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ មាន​សាខា​គយ និង​រដ្ឋាករ និង​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម ដែល​បាន​សហការ​ចុះ​បង្ក្រាប និង​ចាប់​បាន​ទំនិញ​គេច​ពន្ធ​មាន​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើបៗ និង​កុំព្យូទ័រ​យួរ​ដៃ ព្រម​ទាំង​សម្ភារ​អេឡិចត្រូនិក​មួយ​ចំនួន​ទៀត សរុប​មាន​ចំនួន ១៣​កេស​នា​ពេល​នេះ។ លោក យន្ត មីន លើក​ទឹក​ចិត្ត​ឲ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ឲ្យ​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​សកម្មភាព​រត់​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឈាន​ដល់​រក​ចំណូល​ថវិកា​ជាតិ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​បណ្ដា​ឆ្នាំ​ខាង​មុខ៕

No comments:

Post a Comment