គ្រឿងញៀនដែលអាជ្ញាធររឹបអូសបាន និងដុតបំផ្លាញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Leng Maly |
លេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញសុទិដ្ឋិនិយមថា គ្រឿងញៀនដែលជាបញ្ហាដ៏ស្មុគស្មាញ បច្ចុប្បន្នជំនាញពាក់ព័ន្ធកំពុងពន្លឿន និងសម្រេចឲ្យបានទៅតាមផែនការដូចដែលបានគ្រោងទុក។ បើទោះជាបែបណា អង្គភាពជំនាញដែលជាសេនាធិការរបស់រដ្ឋាភិបាលនេះ នៅពុំទាន់អាចបញ្ជាក់លម្អិតពីតួលេខស្ដីពីការបង្ក្រាបនេះបាននៅឡើយទេ។ អង្គការសង្គមស៊ីវិល ឲ្យដឹងថា ថ្វីបើផែនការបង្ក្រាបដែលរដ្ឋាភិបាលបានដាក់ចេញ សង្កេតឃើញថា ក្រុមអ្នកជួញដូរគ្រឿងញៀនហាក់ដើរមុនមួយជំហានទៀតទៅហើយ។
គិតមកដល់ពេលនេះមានរយៈពេល ៧ថ្ងៃមកហើយ ក្រោយពីរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនក្នុងដំណាក់កាលទី១ ពុំធ្លាប់មាន ប៉ុន្តែស្ថាប័នជំនាញទទួលបន្ទុកគ្រឿងញៀននេះអះអាងថា មកដល់ពេលនេះទៅហើយ អង្គភាពជំនាញរបស់រដ្ឋាភិបាលមួយនេះកំពុងប្រមូលទិន្នន័យពីតាមបណ្ដាខេត្ត-ក្រុងនៅឡើយ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអ្នកនាំពាក្យ លោកនាយឧត្ដមសេនីយ៍ មាស វីរិទ្ធ ឲ្យដឹងថា ដោយសារក្នុងដំណាក់កាលនេះការងារមមាញឹកចុងឆ្នាំ ដែលពុំអាចងាកខ្លួនរួច ម្យ៉ាងទៀតរបាយការណ៍ដែលប្រមូលបានកំពុងផ្ទៀងផ្ទាត់នៅឡើយ ហេតុនេះលទ្ធផលត្រូវរង់ចាំបន្តិច។ បើទោះជាបែបណា មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា កិច្ចការក្នុងរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ គឺមានផលវិជ្ជមានច្រើន បើធៀបទៅនឹងផែនការដែលបានដាក់ចេញក្នុងពេលកន្លងទៅ។ លោកបន្តថា «ការផ្សព្វផ្សាយលើវិធានការនៅតាមបណ្ដាខេត្តមួយចំនួន វាមិនទាន់បានអស់នៅឡើយទេ។ ប៉ុន្តែឃើញមានសកម្ម ហើយលទ្ធផលនៃការអនុវត្តច្បាប់មានការកើនឡើងគួរឲ្យកត់សម្គាល់។ វាអាចជាខ្នាតវាស់វែងក្នុងការផ្ដល់ទិន្នន័យល្អពាក់ព័ន្ធការអនុវត្ត និងផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល»។
ទាក់ទិនរឿងនេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ធ្លាប់ឲ្យដឹងកាលពីខែមិថុនា ឆ្នាំ២០១៦ ថា អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងរយៈពេល ៦ខែនៅដើមឆ្នាំ២០១៦ មានចំនួនកើនឡើងជាង ៨ពាន់នាក់ ធៀបទៅនឹងឆ្នាំ២០១៥។ យ៉ាងណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលជាដៃគូអភិវឌ្ឍន៍ប្រយុទ្ធប្រឆាំងសារធាតុថ្នាំញៀន បានចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀនថាជាក្រុមគោលដៅដែលរងគ្រោះ ហើយចាំបាច់ណាស់ត្រូវការការពារ និងព្យាបាលដោយយកចិត្តទុកដាក់ពីសង្គម និងក្រុមគ្រួសារ។
បើទោះជាបែបណា យុទ្ធនាការកម្ទេចគ្រឿងញៀនដែលរដ្ឋាភិបាលដាក់ចេញក្នុងរយៈពេល ៦ខែ ដោយគិតចាប់ពីថ្ងៃទី១ មករា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ សង្គមស៊ីវិលហាក់មិនរំពឹងថា អាចនឹងទទួលលទ្ធផលជាវិជ្ជមានប៉ុន្មាននោះឡើយ។ មូលហេតុចម្បងដោយសារក្រុមអ្នកជួញដូរ និងចែកចាយគ្រឿងញៀននេះ ភាគច្រើនគឺជាក្រុមមនុស្សដែលមានខ្នងក្រាស់។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា រឿងការទប់ស្កាត់គ្រឿងញៀននេះ វាពុំមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ។ លោក សន ជ័យ ទទួលស្គាល់ពីសមាសភាព និងគោលការណ៍ដែលដាក់ចេញ ប៉ុន្តែនៅពីក្រោយនៃសាច់រឿងដែលស្មុគស្មាញ គឺជាប់ទាក់ទិនការផ្ដល់យុត្តិធម៌របស់តុលាការ។ លោកបន្ថែមថា មានអ្នកជួញដូរគ្រឿងញៀនជាច្រើនមកហើយដែលមានសេរីភាពតាមរយៈប្រព័ន្ធយុត្តិធម៌នេះ។ លោកបន្តថា «គួរពិនិត្យមើលទៅលើប្រព័ន្ធតុលាការដែរ ព្រោះកន្លងមកមានរឿងអាស្រូវច្រើន ហើយតុលាការពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីបទល្មើសគ្រឿងញៀនហ្នឹងដែរ ហើយនេះក៏ជាការសាចទឹកដាក់គ្នាដែររវាងប៉ូលិស និងតុលាការ។ អ៊ីចឹងត្រូវពិនិត្យមើលសំណុំរឿងហ្នឹងឡើងវិញ ដើម្បីជាការលើកទឹកចិត្តដល់ប៉ូលិសដែលខំបំពេញការងារ ហើយធ្វើម៉េចត្រូវធានាថា ជនល្មើសជួញដូរគ្រឿងញៀនត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់»។
បដិសេធនឹងការរិះគន់នេះ ក្រសួងយុត្តិធម៌ កាលពីចុងខែធ្នូ បានបញ្ជាក់ជំហរថា នឹងប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងពុំធ្លាប់មាន ដើម្បីឈានទៅផ្ដន្ទាទោសអ្នកជួញដូរគ្រឿងញៀន។ លោក ហ៊ុន សែន បានដាក់ចេញផែនការក្ដៅមួយរំពេចរឿងគ្រឿងញៀននេះ ស្របពេលប្រធានាធិបតីហ្វីលីពីន ដែលល្បីខាងបង្ក្រាបគ្រឿងញៀន បំពេញទស្សនកិច្ចនៅកម្ពុជា។ សង្គមស៊ីវិលរិះគន់វិធានការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថា ទំនងពុំមានប្រសិទ្ធភាពឡើយ។ កត្តាសំខាន់ គ្រឿងញៀននៅកម្ពុជា នេះ បានក្លាយជាឃាតកបិទមុខ និងរីករាលដាលអស់ពេលជាច្រើនឆ្នាំណាស់មកហើយ។ ម្យ៉ាង សុខៗហេតុអ្វីទើបលោក ហ៊ុន សែន ដាក់ចេញផែនការក្តៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ។
សង្គមស៊ីវិលយល់ឃើញថា គោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនេះ នៅមានភាពទន់ជ្រាយ ឬបង្កើតឡើងអាចជាការស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) របស់ហ្វីលីពីន កាលពីខែធ្នូ ឆ្នាំ២០១៦ ច្រើនជាងគោលនយោបាយជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
របាយការណ៍ក្នុងឆ្នាំ២០១៥ របស់អង្គការខាណា (Khana) បានបង្ហាញពីតួលេខប៉ាន់ប្រមាណរកឃើញថា ប្រជាជនកម្ពុជា ចំនួន ១៣ម៉ឺននាក់ប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់ស៊ីរាំង និងផ្ទាល់ ក្នុងនោះអ្នករស់នៅក្នុងរាជធានីភ្នំពេញប្រមាណ ១.៣០០នាក់។ ក្រៅពីនេះ អង្គការខាណា ក៏បង្ហាញកង្វល់ដែរថា អ្នករស់នៅជាមួយជំងឺអេដស៍ ហើយប្រើប្រាស់គ្រឿងញៀនតាមរយៈការចាក់ស៊ីរាំងជិត ២៥ភាគរយ (២៤,៨%) គឺជាអត្រាមួយដ៏ខ្ពស់បំផុត និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលរដ្ឋត្រូវការការពារ និងទប់ស្កាត់៕
No comments:
Post a Comment