Thursday, January 19, 2017

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់


បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea


មន្ត្រី​គណៈកម្មការ​ចម្រុះ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​វាស់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ដើម្បី​អភិរក្ស​បឹង​ទឹក​សាប​មួយ​នេះ​ឲ្យ​បាន​គង់វង្ស និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជក្រឹត្យ។ មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម គាំទ្រ​សកម្មភាព​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឈាន​ដល់​ដក​ហូត​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដែល​មន្ត្រី​មាន​អំណាច និង​បុគ្គល​មួយ​ចំនួន​ចាក់​ដី​រំលោភ​យក​កន្លង​ទៅ យក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​កំពុង​ចុះ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់ ដែល​មាន​ផ្ទៃដី​រង​ទឹក​ភ្លៀង​ចំនួន​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ដើម្បី​ធានា​ថែ​រក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដឹកនាំ​ដោយ​រូប​លោក និង​មាន​ការ​ចូលរួម​ពី​ប្រធាន​មន្ទីរ សុរិយោដី​ខេត្ត មន្ទីរ​បរិស្ថាន មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរ​ក្រុង-សង្កាត់ បាន​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ជា​ជំហាន​ដំបូង​រួច​ហើយ​នៅ​ខែ​មករា ឆ្នាំ​២០១៧ នេះ ដើម្បី​រៀបចំ​ឯកសារ​ទាំងនេះ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​បរិស្ថាន ជាដើម ដើម្បី​ឈាន​ដល់​កំណត់​ព្រំ​ច្បាស់លាស់​រក្សា​ការពារ និង​អភិរក្ស​តំបន់​ប្រភព​ទឹក​ស្អាត​នៃ​បឹង​ទឹក​សាប​ព្រែក​ទប់ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើង​វិញ។

លោក ស្រ៊ុន ស្រ៊ន់ បាន​បញ្ជាក់​ថា ដោយសារ​តែ​កន្លង​ទៅ នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ទឹក​សាប​ព្រែក​ទប់ ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ហ៊ុមព័ទ្ធ​របង និង​ចាក់​ដី​ចូល​មាត់​បឹង រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​ឈាន​ដល់​រដ្ឋាភិបាល​មាន​ផែនការ​ការពារ​ឲ្យ​បាន​គង់វង្ស​នា​ថ្ងៃ​អនាគត។


មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើ​ឲ្យ​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ចុះ​អនុវត្ត​ការងារ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឈាន​ដល់​អាច​រក្សា​ផ្ទៃ​បឹង​ឲ្យ​បាន​គង់វង្ស​នា​ពេល​ខាង​មុខ។

មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ បាន​រិះគន់​សកម្មភាព​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ផ្ដើម​ដោយ​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ​ដែល​ឃុបឃិត​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ពី​មាន​វិសាលភាព​ធំ​ទូលាយ មក​សល់​ត្រឹម​ជាង ១៦​ហិកតារ​នៅ​ពេល​នេះ៖ «ផ្ទៃ​បឹង​ពី​មុន​ធំធេង​រាប់​សិប​ហិកតារ ហើយ​ឥឡូវ​នៅ​សល់​តែ ១៦​ហិកតារ ឃើញ​ថា​បាត់​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​នេះ​យ៉ាង​ធំ បាន​ធ្លាក់​ទៅ​ដល់​ដៃ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​ពុះ​ច្រៀក​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ តាម​រយៈ​ប្រព័ន្ធ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទឹក​សាប​មួយ​នេះ​នៅ​សល់​តែ ១៦​ហិកតារ។ យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ហើយ​ទោះ​បី​នៅ​សល់​តែ ១៦​ហិកតារ​ក៏ដោយ បើ​សិន​ជា​យើង​អភិរក្ស​បោះ​បង្គោល​ព្រំ​កំណត់​ផ្ទៃ​បឹង​ក៏ដោយ ក៏​ផ្ទៃ​បឹង​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បាន​ធំ​ទូលំទូលាយ​ដូច​កាល​ពី​ដើម​ឡើយ»។

បន្ថែម​លើ​នេះ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល​គួរ​ត្រូវ​ពិនិត្យ​មើល​ទិដ្ឋភាព​ផ្លូវ​ច្បាប់ ដើម្បី​ឈាន​ដល់​រឹប​អូស​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដែល​ត្រូវ​មន្ត្រី​មាន​អំណាច និង​បុគ្គល​មួយ​ចំនួន​បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ យក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ ហាក់​មាន​ជំនឿ​តិចតួច​ថា គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាច​ចុះ​អនុវត្ត​ការងារ​ការពារ និង​អភិរក្ស​បឹង​ព្រែក​ទប់​មាន​ប្រសិទ្ធភាព ព្រោះ​អ្នក​មាន​ចំណែក​ដី​ភាគច្រើន​នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ព្រែក​ទប់ គឺ​ជា​ឈ្មួញ​មាន​ទ្រព្យ និង​ជា​អ្នក​មាន​ឋានៈ​ខ្ពស់ៗ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។

បឹង​ព្រែកទប់ ស្ថិត​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​បោះ​បង្គោល​កំណត់​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទឹក​សាប​ព្រែក​ទប់ ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្ដីពី​ការងារ​ថែ​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​នេះ ក៏​ដើម្បី​ត្រៀម​រៀបចំ​សង់​ទំនប់​ការពារ និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹកសាប​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់​នេះ​នា​ថ្ងៃ​ខាង​មុខ។

លោក នួន ប៉ុក ឲ្យ​ដឹង​ទៀត​ថា តំបន់​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ នឹង​ត្រូវ​ធានា​ថែ​រក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ និង​អភិរក្ស​បឹង​ព្រែក​ទប់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​រួម​របស់​សាធារណជន​ទូទៅ។

ចំណែក​អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​វាស់​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ និង​ត្រូវ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​ចង់​និយាយ​ថា ពី​មុន​ផ្ទៃ​បឹង​ហ្នឹង​មិន​មាន​ត្រឹម​តែ​ជាង ១៦​ហិកតារ​ហ្នឹង​ទេ គឺ​មាន​ទំហំ ឬ​ផ្ទៃ​បឹង​ធំ​ទូលាយ​ណាស់។ តាំង​ពី​ដើម​មក យើង​ជា​សង្គម​ស៊ីវិល​បាន​តស៊ូ​មតិ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញ​មុខ​ប្ដឹង​ទាមទារ​យក​ចំណី​ផ្ទៃ​បឹង​ធម្មជាតិ​បឹង​ព្រែក​ទប់ មក​ដាក់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គ្រប់គ្រង​វិញ ព្រោះ​មាន​តែ​អាជ្ញាធរ​ខេត្ត​នេះ​ហើយ ដែល​តំណាង​ឲ្យ​រដ្ឋ​នៅ​ក្នុង​ការងារ​ប្ដឹង​ទាមទារ​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ យក​មក​ថែ​រក្សា​ទុក​វិញ។ ក៏ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ហ្នឹង​ទេ»។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​ផែនការ​អភិរក្ស​ការពារ​បឹង​ព្រែក​ទប់ របស់​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​ដាក់​បញ្ចូល​តំបន់​បឹង​ព្រែក​ទប់ ការពារ​ដោយ​ព្រះរាជក្រឹត្យ​ឲ្យ​មាន​ប្រសិទ្ធភាព។

ជាង​នេះ​ទៀត សាធារណជន​ក៏​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​បុគ្គល​ដែល​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ហើយ​មាន​បុគ្គល​ខ្លះ​ត្រូវ​មន្ទីរ​ជំនាញ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់​ស្រប​ច្បាប់​ផង​នោះ ថា​តើ​រដ្ឋាភិបាល​នឹង​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ចំពោះ​បុគ្គល​ខ្លះ ដើម្បី​ឈាន​ដល់​ដក​ហូត​យក​ចំណែក​ដី​មាត់​បឹង​ព្រែក​ទប់ ដែល​ត្រូវ​រំលោភ​បំពាន​ទាំងនោះ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៕

No comments:

Post a Comment