Thursday, January 19, 2017

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ប្រកប​របរ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​លើ​ភ្នំ​ត្បែង


យុវជន ឡន លន់ ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth


ភ្នំ​ត្បែង ឋិត​នៅ​ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ទិស​ទក្សិណ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។ ទីនោះ​ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៤ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​សង្គមថ្មី ស្រុក​គូលែន និង​ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ។ នៅ​លើ​ខ្នង​ភ្នំ​ត្បែង បច្ចុប្បន្ន​មិន​មាន​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្អាត​សម្រាប់​ឲ្យ​អ្នក​ដំណើរ ឬ​ក៏​ប្រជាពលរដ្ឋ​អាច​ដឹក​ជញ្ជូន​អីវ៉ាន់ ឬ​ក៏​កសិផល​នានា​បាន​ដោយ​ងាយ​ស្រួល​ទេ។

អ្នក​ដំណើរ ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង គឺ​ត្រូវ​តែ​ប្រើ​កម្លាំង​កាយ​ដើរ​ដោយ​ថ្មើរ​ជើង ហើយ​ប្រសិន​បើ​មាន​អីវ៉ាន់​ច្រើន គឺ​ត្រូវ​ជួល​កម្លាំង​មនុស្ស​ខ្លះ​ឲ្យ​ជួយ​ស្ពាយ ឬ​ក៏​លី​ឡើង​ទៅ​លើ​ភ្នំ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាច់ស្រយាល​ខ្លះ​នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ស្រុក​ត្បែងមានជ័យ និង​ស្រុក​គូលែន របស់​ខេត្ត​ព្រះវិហារ កំពុង​នាំ​គ្នា​ទៅ​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​គ្រប់​ប្រភេទ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង នា​ពេល​បច្ចុប្បន្ន។

ការ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​ប្រមាណ ៦០០​ម៉ែត្រ​តាម​ជណ្ដើរ​ចំនួន​រហូត​ដល់​ទៅ ៣.០០០​កាំ​នោះ គឺ​ប្រើ​កម្លាំង​កាយ​សុទ្ធសាធ ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​ធ្វើ​ការងារ​នេះ ពីព្រោះ​មិន​មាន​ការងារ​អ្វី​ផ្សេង​ទៀត​នៅ​ជិត​តំបន់​ដែល​ពួក​គេ​រស់នៅ​ឡើយ។

យុវជន​អាយុ​ជាង ២០​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​ជាច្រើន​ទៀត​ដែល​កំពុង​អង្គុយ​នៅ​ជើង​ភ្នំ​ត្បែង រង់ចាំ​អ្នក​មក​ជួល​ឲ្យ​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ គឺ​លោក ឡន លន់។ គាត់​មាន​ប្រសាសន៍​ថា រូប​គាត់​មាន​ស្រុក​កំណើត​នៅ​ឃុំ​សាលាវិស័យ នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​មាន​ប្រពន្ធ​នៅ​ភូមិ​ក្រាំងដូង ឃុំ​ព្រះឃ្លាំង នៃ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។
ឡន លន់ ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ព្រឹក​ព្រលឹម គាត់​តែង​ចេញ​ពី​ផ្ទះ​មក​អង្គុយ​នៅ​ជើង​ភ្នំ​ត្បែង ដើម្បី​រង់ចាំ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​របស់​ភ្ញៀវ ឬ​ក៏​លី​គ្រឿង​សំណង់​របស់​ព្រះសង្ឃ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង។ គាត់​ធ្វើ​ការងារ​ដ៏​លំបាក​បែប​នេះ ដោយសារ​តែ​គ្មាន​ការងារ​អ្វី​ផ្សេង​ទៀត​ទេ៖ «ស្ពាយ​ឡើង​ភ្នំ​រាល់​ថ្ងៃ និយាយ​ពី​ពិបាក​លើស​ពី​ពិបាក​ហើយ។ ខ្ញុំ​យក​ការងារ​នេះ​ធ្វើ​ជា​មុខ​របរ​យូរ​ដែរ​ហើយ ចុះ​ឡើងៗ​បាន​ប្រាក់​តិចតួច មិន​ដែល​សល់​ទុក​ទេ»។

ជា​រៀង​រាល់​ថ្ងៃ ក្រុម​កម្មករ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង ទទួល​រ៉ាប់រង​ស្ពាយ​អីវ៉ាន់​គ្រប់​មុខ​ទាំងអស់ ឲ្យ​តែ​ភ្ញៀវ​ត្រូវ​ការ​ជួល​ពួក​គេ។ ពួក​គេ​ម្នាក់ៗ​អាច​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ចាប់​ពី​ទម្ងន់ ៣០​គីឡូក្រាម​ឡើង​ទៅ​ដល់ ៧០​គីឡូក្រាម ដោយ​ទទួល​បាន​កម្រៃ​ប្រហែល ១៥.០០០​រៀល​ទៅ ២០.០០០​រៀល​ក្នុង​មួយ​ជើងៗ។ ជួនកាល ពួក​គេ​មិន​ត្រឹម​តែ​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​ដល់​ទី​វត្ត​ដំបូក​ខ្មៅ នៃ​កំពូល​ភ្នំ​ត្បែង​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ស្ពាយ​ដើរ​ថ្មើរ​ជើង​រហូត​ទៅ​ដល់​ភូមិ​ថ្មបីដុំ ដែល​នៅ​ឆ្ងាយ​ប្រហែល ៨​គីឡូម៉ែត្រ​ថែម​ទៀត​ផង។

យុវជន សារឿន រ៉ា (ឆ្វេង) និង​មិត្តភ័ក្ដិ​របស់​គាត់​ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ ឈប់​សម្រាក​នៅ​ក្នុង​ទី​វត្ត​ដំបូក​ខ្មៅ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth

យុវជន​ម្នាក់​ទៀត​ជា​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ដែរ មក​ពី​ឃុំ​សាលាវិស័យ នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ លោក សារឿន រ៉ា ឲ្យ​ដឹង​ថា គាត់​មិន​មាន​ចំណេះ​វិជ្ជា​សម្រាប់​ធ្វើ​ការងារ​អ្វី​ចិញ្ចឹម​ជីវិត​ទេ ពីព្រោះ​គាត់​មិន​ចេះ​អក្សរ​ខ្មែរ​ទាល់​តែ​សោះ។ យុវជន​ដដែល​បញ្ជាក់​ថា តាំង​តែ​ពី​កុមារភាព រូប​គាត់​តែង​ប្រើ​កម្លាំង​ដើរ​ស៊ី​ឈ្នួល​គេ គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវិត ពីព្រោះ​តែ​ដី​ស្រែ​ចម្ការ​មាន​តិចតួច៖ «ស្ពាយ​ស៊ីម៉ងត៍ លី​អីវ៉ាន់​គ្រប់​យ៉ាង​ទាំងអស់ ពិបាក​ណាស់! ណា​វា​ហត់​ផង ណា​ចុក​ជើង​ចុក​ដៃ សរសៃសសូង​គ្រប់​កន្លែង​ទាំងអស់។ សំណួរ៖ ចុះ​កម្រៃ​ដែល​រក​បាន​យក​ទៅ​ធ្វើ​អ្វី​ខ្លះ? ឆ្លើយ៖ យក​ទៅ​ឲ្យ​ប្រពន្ធ​ធ្វើ​ស្រែ​ភ្ជួរ​រាស់​ដី​ជាដើម»។

ភាគច្រើន​នៃ​អីវ៉ាន់​ដែល​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​ឡើង​លើ​ភ្នំ​ត្បែង​នោះ គឺ​ជា​សម្ភារ​សំណង់​របស់​ព្រះសង្ឃ​ដែល​កំពុង​តែ​ត្រូវ​ការ​កសាង​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ ដូចជា​ការ៉ូ ឥដ្ឋ ស៊ីម៉ងត៍ ព្រម​ទាំង​ដែក​ជាដើម។

អ្នក​គ្រប់គ្រង​ការ​សាងសង់​អារាម​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ លោក ឌុក វុទ្ធី មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​កម្មករ​ប្រុសៗ​ជាច្រើន​នាក់​មក​ពី​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ មក​ពី​ស្រុក​ត្បែងមានជ័យ និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាដើម តែង​មក​ស៊ី​ឈ្នួល​លី និង​ស្ពាយ​សម្ភារ​សំណង់​មក​សាងសង់​ទី​វត្ត។ លោក ឌុក វុទ្ធី បញ្ជាក់​ថា បច្ចុប្បន្ន​ដំណើរ​ការ​សាងសង់​ទី​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ នៅ​លើ​ខ្នង​ភ្នំ​ត្បែង​នេះ បើ​កុំ​តែ​បាន​កម្លាំង​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ កុំ​អី​មិន​អាច​ដំណើរ​ការងារ​គ្រប់​យ៉ាង​បាន​ទេ៖ «កាល​មុន​វា​មាន​ច្រើន ប៉ុន្តែ​ឥឡូវ​ដល់​រដូវ​គេ​ដក​ដំឡូង គឺ​កម្មករ​ខ្លះ​បាន​ទៅ​ដក​ដំឡូង​ហើយ។ នៅ​ទីនេះ​បើ​កម្មករ​មួយ​ក្រុម​រវល់​ទៅ គឺ​កម្មករ​មួយ​ក្រុម​ទៀត​មក​ប្ដូរ​វេន​គ្នា»។

ចាប់​តាំង​តែ​ពី​ជើង​ភ្នំ​រហូត​ទៅ​ដល់​កំពូល​ភ្នំ​ត្បែង គឺ​មិន​សូវ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ទេ។ ក្រុម​កម្មករ​ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ទាំងអស់ ប្រសិន​បើ​គេ​ចុះ​មក​ជើង​ភ្នំ​អង្គុយ​ចាំ​ស្ពាយ​អីវ៉ាន់​យូរ គឺ​ពួក​គេ​ប្រាកដ​ជា​ដាច់​បាយ​ថ្ងៃ​ត្រង់ ប៉ុន្តែ​បើ​ពួក​គេ​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាន់​ពេល​ព្រះសង្ឃ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់ គឺ​អាច​បាន​ចង្ហាន់​ដែល​នៅ​សេសសល់។

ព្រះ​ភិក្ខុ រី បូរិន គង់​នៅ​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ មាន​ព្រះ​ថេរ​ដីកា​ថា បច្ចុប្បន្ន​នៅ​ទី​វត្ត​លើ​កំពូល​ភ្នំ គឺ​មាន​ព្រះសង្ឃ​តែ ៣​អង្គ​គង់​នៅ និង​មាន​តា​យាយ​ចំនួន ៦​នាក់​នៅ​ជួយ​ធ្វើ​ចង្ហាន់​ប៉ុណ្ណោះ មិន​មាន​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ទេ។ ភិក្ខុ រី បូរិន បញ្ជាក់​ថា សព្វថ្ងៃ ព្រះអង្គ និង​ព្រះសង្ឃ ២​អង្គ​ផ្សេង​ទៀត​ក៏​មិន​មាន​ចង្ហាន់​គ្រប់គ្រាន់​ដូចជា​ព្រះសង្ឃ​ដែល​គង់​នៅ​ទីក្រុង​ដែរ ប៉ុន្តែ​ចេះ​តែ​ជួយ​ដល់​កម្មករ​ដែល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ទាំងនោះ ឲ្យ​គ្នា​បាន​អាហារ​គ្រាន់​តែ​ចម្អែត​ក្រពះ​ទៅ៖ «ចង្ហាន់​សព្វថ្ងៃ​ហ្នឹង​ជួន​ណា​ទៅ​ក៏​មាន​បន្លែ​បេះ​ពី​ក្នុង​ព្រៃ ហើយ​មាន​មើម​ដំឡូង​អី​ខ្លះ​ទៅ។ ជួនកាល​ក៏​មាន​ញាតិញោម​យក​មក​ពី​ឆ្ងាយ​ប្រគេន​ខ្លះ​ទៅ»។

លើ​ខ្នង​ភ្នំ​ត្បែង ថ្វីត្បិតតែ​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ មាន​ទឹក​ធ្លាក់ និង​ព្រៃ​ភ្នំ​ស្រស់​បំព្រង ក៏ប៉ុន្តែ​មិន​មាន​អ្នក​ទេសចរ​ពី​ចម្ងាយ​ឡើង​ទៅ​កម្សាន្ត​នៅ​ឡើយ​ទេ។ អ្នក​ដែល​ឡើង​ទៅ​កាន់​តំបន់​ភ្នំ​នេះ ភាគច្រើន គឺ​សុទ្ធតែ​មាន​ឥរិយាបថ​ចម្លែកៗ​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​រីក​ចម្រើន​របស់​សង្គម​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អ្វី​ទេ ច្រើន​តែ​របៀប​ជា​តាបស និង​លោកធុតង្គ ស្វែងរក​ធម៌ និង​អំណាច​ខាង​សាសនា​ប៉ុណ្ណោះ។

បច្ចុប្បន្ន ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ដំបូក​ខ្មៅ កំពុង​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​នៅ​លើ​កំពូល​ភ្នំ​ត្បែង ក្នុង​បំណង​ចង់​ឲ្យ​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នោះ ដើម្បី​ធ្វើ​បុណ្យ​ទាន​ផង និង​កម្សាន្ត​សប្បាយ​ជាមួយ​ធម្មជាតិ​ផង​ក្នុង​ពេល​អនាគត៕

No comments:

Post a Comment