អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ឲ្យដឹងថា អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃ បានជួយពលករខ្មែរចំនួនពីរករណី។
លោក ជុំ សុន្ទរី ឲ្យដឹងតាមលិខិតនៅថ្ងៃទី៩ មករា ថា ករណីទី១ អគ្គកុងស៊ុលខ្មែរបានបញ្ជូនពលករខ្មែរពីរនាក់មកស្រុកកំណើតវិញនៅខែត្របាត់ដំបង និងខែត្របន្ទាយមានជ័យ ព្រោះថាពលករទាំងពីរនាក់ត្រូវបានមេខ្យល់ល្បួងឲ្យមកធ្វើការដោយខុសច្បាប់នៅការដ្ឋានសំណង់មួយនៅក្រុងបាងកក ដោយគេសន្យាថា នឹងឲ្យប្រាក់ឈ្នួល ៣០០បាតក្នុងមួយថ្ងៃ តែជាក់ស្ដែងធ្វើការ ១ខែដំបូង គេបើកប្រាក់ឈ្នួលឲ្យតែ ២៧០បាតទេក្នុងមួយថ្ងៃ។
ចាប់ពីខែបន្ទាប់ គេមិនបើកប្រាក់ឈ្នួលជូនពលករទាំងពីរនាក់នេះទេ ក្រោយមកពួកគាត់ទាំងពីររត់ចេញទៅសុំជ្រកកោននៅវត្តមួយក្នុងក្រុងបាងកក ហើយត្រូវបានព្រះសង្ឃថៃ ជួយបញ្ជូនតាមតាក់ស៊ីមកស្ថានទូតខ្មែរ។ បន្ទាប់មក ស្ថានទូតបានសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលប្រចាំនៅខែត្រស្រះកែវ ជួយបញ្ជូនពលករទាំងពីរត្រឡប់មកកម្ពុជា វិញកាលពីថ្ងៃទី៤ មករា។
ករណីទី២ ស្ថានទូតបានទទួលព័ត៌មានថា នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ពលករអាយុ ២៤ឆ្នាំមកពីស្រុកកំពង់ត្រាច ខែត្រកំពត ធ្វើការផ្នែកនេសាទនៅខែត្រត្រាត ក្រោយមកធ្វើការដោយខុសច្បាប់នៅក្នុងភោជនីយដ្ឋានមួយក្នុងក្រុងបាងកក ត្រូវបានពលករថៃ ព្រួតវាយ និងកាប់ឲ្យរបួសធ្ងន់។ ស្ថានទូតបានចាត់តំណាងទៅសួរសុខទុក្ខពលកររងគ្រោះនៅមន្ទីរពេទ្យរ៉ាចវិធី។ ថ្លៃព្យាបាលបីថ្ងៃអស់ចំនួន ៣សែន ១ពាន់បាត ជនរងគ្រោះមានលុយតែ ១ម៉ឺន ២ពាន់បាត ស្ថានទូតបានសម្របសម្រួលជាមួយថៅកែភោជនីយដ្ឋានឲ្យជួយចេញថ្លៃព្យាបាលបង្គ្រប់។ នៅថ្ងៃទី៤ មករា សាច់ញាតិជនរងគ្រោះបាននាំទៅបន្តព្យាបាលនៅមន្ទីរពេទ្យខែត្រច័ន្ទបុរី វិញ ដើម្បីកាត់បន្ថយថ្លៃព្យាបាល និងគ្រោងវិលត្រឡប់មកកម្ពុជា ក្រោយពីបានជាសះស្បើយ៕
No comments:
Post a Comment