Tuesday, January 10, 2017

តុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​ពី​បទ​ធ្វើ​​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់

                                                                                                                                                                           ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ដើម្បី​ស៊ើប​អង្កេត​បទ​ចោទ​ប្រកាន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​​ច្បាប់។ ស្ត្រី​ទាំង​ពីរ​នាក់​មាន​ឈ្មោះ សំ យ៉េត អាយុ ៤៤​ឆ្នាំ និង​ឈ្មោះ ស៊ូ ម៉ាយ៉ាន អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​​ពូទុង ឃុំ​ចុងឆ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

​ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា បញ្ជាក់​ថា មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ស្ត្រី​ទាំង​ពីរ​តាម​ច្បាប់​រ៉ែ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួកគេ​បញ្ជូន​មក​ស្ថាប័ន​អយ្យការ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា។ លោក​ថា បាន​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត៖ «រឿង​ពាក់ព័ន្ធ​ធ្វើ​រ៉ែ អត់​មាន​ការ​អនុញ្ញាត ឥឡូវ​យើង​នាំ​គាត់​មក​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ»។

​ចំណែក​ប្រធាន​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី លោក អាន គឹមឡុង បញ្ជាក់​ដែរ​ថា ជន​ជាប់​ចោទ​ត្រូវ​បាន​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រួច​ហើយ​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ។

សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ឃុំ​ចុងឆ្លាស់ ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់​ពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចុះ​បង្ក្រាប​នៅ​កន្លែង​ជីក​រ៉ែ​មាស នៅ​ភូមិ​ពូទុង ខណៈ​នោះ​ដែរ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​លើក​គ្នា​មាន​កាំបិត​ពូថៅ​រារាំង​ក្រុម​សមត្ថកិច្ច។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស បដិសេធ​មិន​អធិប្បាយ​ពី​រឿង​នេះ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ពីព្រោះ​លោក​ថា កំពុង​ឋិត​នៅ​ក្រុង​ភ្នំពេញ៕

No comments:

Post a Comment