Monday, January 9, 2017

ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៣៧​​ទាមទារ​សំណង


                                                                                                                                                             ប្រជាពលរដ្ឋ​ប្រមាណ ១៥​នាក់ តំណាង​ឲ្យ​ជាង ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា បន្ត​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ធ្វើ​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​សំណង​ផល​ប៉ះពាល់​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ជា​លើក​ទី​៣៧ ហើយ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ។

តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់ លោក សែន សុផុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មករា ថា ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ហាក់​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ដែល​គេច​យក​រួច​ខ្លួន​មិន​ព្រម​ចេញ​មក​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់​ចំនួន​ជាង ៥០​គ្រួសារ​នោះ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា ដោយសារ​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ជិត​ដល់​ទីតាំង​ដែល​ពួក​គាត់​រស់នៅ​ក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ហើយ តែ​ពុំ​ទាន់​ទទួល​បាន​សំណង​បន្តិច​ណា​ពី​អាជ្ញាធរ​នៅ​ឡើយ។ លោក​បន្ត​ថា ពួក​គាត់​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​នៅ​ពេល​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ប៉ះ​ចំ​ផ្ទះ និង​ដី ធ្វើ​ឲ្យ​មិន​អាច​រស់នៅ​បន្ត​ទៀត​បាន៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​អត់​មាន​ដី​នៅ ហើយ​មិន​ដឹង​ទៅ​រស់នៅ​កន្លែង​ណា តែ​អាជ្ញាធរ​ក្រុង​គាត់​ជា​អាណាព្យាបាល​របស់​ពួក​គាត់ តែ​បែរ​ជា​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ តើ​ឲ្យ​ខ្ញុំ​ទៅ​រំពឹង​អ្នក​ណា? ខ្ញុំ​តូច​ចិត្ត​ណាស់ ដែល​ខ្លួន​ខ្ញុំ​មិន​ស្មើ​នឹង​ជន​អន្តោប្រវេសន៍​មក​រស់នៅ​លើ​ទឹក​ដី​ខ្មែរ គេ​មាន​ដី​ស្នាក់នៅ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៩ មករា។ ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ។ ម្យ៉ាង​ទៀត​លោក​អះអាង​ថា ក្រុម​អ្នក​តវ៉ា​ពុំ​បាន​ស្ថិត​នៅ​ក្នុង​គម្រោង​ប៉ះពាល់​ដែល​ត្រូវ​ដោះស្រាយ​សំណង​ជូន​នោះ​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន កត់​សម្គាល់​ថា ក្រុម​អ្នក​តវ៉ា​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក​បន្ថែម​ថា ផល​ប៉ះពាល់​សំខាន់​របស់​ប្រជាពលរដ្ឋ គឺ​ពួក​គាត់​រស់នៅ​គ្មាន​សុវត្ថិភាព នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​ដំណើរ​ការ ដូចជា​ការ​រំខាន​ដោយ​សំឡេង និង​គ្មាន​ច្រក​ចេញ​ចូល​ទៅ​ផ្ទះ​របស់​ពួក​គាត់ ជាដើម៖ «កន្លង​មក​នេះ យើង​មើល​ឃើញ​ថា ប្រហែល​ជា​អាជ្ញាធរ​គាត់​គិត​ថា​ប្រជាពលរដ្ឋ​តវ៉ា​ដដែលៗ​ច្រើន​លើក​មក​ហើយ បាន​ជា​គាត់​មិន​ចាប់​អារម្មណ៍។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ នេះ​ជា​បញ្ហា​ដែល​យូរ ឬ​ឆាប់​ក៏​មិន​អាច​គេចវេះ​មិន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ដែរ»។

ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ។ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ទៅ​វិញ បន្ទាប់​ពី​ពួក​គាត់​សម្ដែង​មតិ​នៅ​មុខ​សាលា​ក្រុង​ប្រមាណ ១​ម៉ោង​កន្លះ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​ឡើយ។

នេះ​ជា​លើក​ទី​៣៧ ហើយ​ដែល​ពួក​គាត់​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ តែ​ពុំ​ទទួល​បាន​លទ្ធផល ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពួក​គាត់​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ដែល​អាច​ទទួល​យក​បាន​ទេ នោះ​ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

No comments:

Post a Comment