ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ពេញមួយឆ្នាំ២០១៦ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនតិចតួច បើប្រៀបទៅនឹងឆ្នាំ២០១៥។ អ្នកជំនាញវិស័យស្រូវអង្ករ ស្នើឲ្យរដ្ឋាភិបាលផ្តល់ការជួយជ្រោមជ្រែងដល់កសិករ និងអ្នកនាំចេញបន្ថែមទៀត ដើម្បីសម្រេចគោលដៅនាំចេញឲ្យបាន ១លានតោន។
ការនាំអង្ករកម្ពុជា ប្រចាំឆ្នាំ២០១៦ មានចំនួនជាង ៥៤ម៉ឺនតោន (៥៤២.១៤៤តោន) ឬកំណើន ០,៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៥ (៥៣៨.៣៩៦តោន)។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ហ៊ាន វណ្ណហន ពន្យល់ថា តួលេខនៃការកើនឡើងតិចតួចនេះ ប្រាប់ឲ្យដឹងថា វិស័យនេះកំពុងប្រឈមនឹងគ្រោះថ្នាក់។
ទោះបីជាយ៉ាងណា លោក វណ្ណហន មើលឃើញថា និន្នាការធ្លាក់ចុះនៃការនាំអង្ករចេញនៅឆ្នាំ២០១៦ កើតឡើងលើទីផ្សារអង្ករអន្តរជាតិ ដោយតម្លៃអង្ករចុះថោក។ លោកថា វាបានធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិរបស់កម្ពុជា ខណៈកម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់។ សមត្ថភាពដែលលោក វណ្ណហន ថ្លែង គឺសំដៅលើកង្វះទុន និងការគ្រប់គ្រងរបស់អ្នកនាំចេញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ។
លោកបន្ថែមថា យុទ្ធសាស្ត្រនៃគោលនយោបាយឆ្នាំ២០១០ របស់រដ្ឋាភិបាល ដែលប្ដេជ្ញានាំចេញអង្ករឲ្យបាន ១លានតោននោះ កំពុងកែសម្រួល ហើយលោកចង់ឲ្យការកែសម្រួលនេះឆាប់ចប់៖ «មកដល់ពេលនេះ យើងមិនទាន់បានឃើញថា តើគោលនយោបាយដែលបានកែហើយ បានអនុម័តនៅឡើយទេ។ អ៊ីចឹងចាំបាច់ណាស់ គួរតែរូតរះដើម្បីបង្ហើយនូវការកែ ពិនិត្យសម្រួលនូវគោលនយោបាយនេះ។ បើមិនអ៊ីចឹងទេ យើងពិបាកទទួលបានគោលបំណង ១លានតោននេះ»។
ប្រទេសចិន ជាទិសដៅនាំចេញធំជាងគេ (១២៧.៤៦០តោន)។ បន្ទាប់មកមានបារាំង (៧៨.៣២៩តោន) ប៉ូឡូញ (៦៤.០៣៥តោន) សម្រាប់ទិសដៅនៅទ្វីបអឺរ៉ុប។ ចំណែកនៅអាស៊ានវិញ ម៉ាឡេស៊ី ជាអតិថិជនលំដាប់ទី១ ដែលកម្ពុជា នាំចេញអង្ករទៅផ្គត់ផ្គង់ចំនួនជិត ៣៩ម៉ឺនតោន (៣៨.៨៧៧តោន)។
ថ្មីៗនេះ ប្រទេសចិន ប្រកាសថានឹងទទួលយកអង្ករកម្ពុជា ចំនួន ២០ម៉ឺនតោនសម្រាប់ឆ្នាំ២០១៧។
ក្រៅពីបង្កើនចំនួនកូតាទៅប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករ នឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករជាមួយប្រទេសឥណ្ឌូនេស៊ី ចំនួន ១០ម៉ឺនតោន ប្រទេសហ្វីលីពីន ចំនួន ១០ម៉ឺនតោន ប្រទេសវៀតណាម ប្រមាណជិត ៤០ម៉ឺនតោន និងប្រទេសទីម័រខាងកើតប្រមាណ ២០ម៉ឺនតោន សម្រាប់នាំចេញនៅឆ្នាំ២០១៧ នេះ។
អង្ករដែលនាំចេញទៅក្រៅប្រទេសមានអង្ករម្លិះ អង្កររំដួល អង្ករសូម៉ាលី អង្ករសរីរាង្គ ជាដើម។ សម្រាប់វិស័យស្រូវអង្ករឆ្នាំ២០១៦ កសិករបាននាំគ្នាធ្វើបាតុកម្មចាក់ស្រូវចោលនៅលើផ្លូវ ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីស្រូវលក់មិនបាន ៨០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួន ត្អូញត្អែរពីការខ្វះទុនដើម្បីទិញស្រូវកិននាំចេញទៅក្រៅប្រទេស។
អ្នកឃ្លាំមើលវិស័យស្រូវអង្ករខ្លះបានអះអាងថា ការហូរចូលស្រូវអង្ករពីប្រទេសជិតខាង ក៏រង្គោះរង្គើដល់ឧស្សាហកម្មស្រូវអង្ករកម្ពុជា។
បញ្ហាខ្វះឃ្លាំងស្តុក និងឡសម្ងួតស្រូវ ក៏ជាឧបសគ្គរារាំងដល់ការនាំអង្ករចេញ។
រដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចបង្កើតគម្រោងវិនិយោគតម្លៃ ១០លានដុល្លារ ដោយសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើតឃ្លាំងដែលមានលទ្ធភាពស្តុកស្រូវ ២០ម៉ឺនតោន និងឡសម្ងួត ៣ពាន់តោនក្នុងមួយថ្ងៃនៅខេត្តបាត់ដំបង។
អ្នកជំនាញផ្នែកកសិកម្ម លោក យ៉ង សាំងកុមារ យល់ថា តម្លៃអង្ករកម្ពុជា ថ្លៃជាងប្រទេសជិតខាង ដែលលំបាកប្រកួតប្រជែងលើទីផ្សារ ដោយសារថ្លៃដឹកជញ្ជូន និងអគ្គិសនីថ្លៃខ្ពស់ ហើយរដ្ឋាភិបាលគួរតែពង្រឹងធារាសាស្ត្រ ស្ដារប្រឡាយទឹកឡើងវិញ ព្រមទាំងពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមនៅតំបន់ណាដែលមិនមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីធានាថាមានស្រូវគ្រប់គ្រាន់សម្រាប់កិននាំចេញ។
រដ្ឋាភិបាលបានកំណត់គោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យ៕
No comments:
Post a Comment