Monday, January 9, 2017

ពលរដ្ឋ​១​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង​ថា​វៀតណាម​មិន​ឲ្យ​បន្ត​ធ្វើ​ស្រែ​លើ​ដី​ពួក​គាត់v


ត្រាក់ទ័រ​របស់​ជនជាតិ​វៀតណាម កំពុង​ភ្ជួរ​ដី​ស្រែ​ដែល​ជួល​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន ឋិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​វៀតណាម ជាច្រើន​នាក់​បាន​ចូល​មក​ហាមឃាត់​ពួក​គាត់​មិន​ឲ្យ​បង្កបង្កើនផល​ស្រូវ​លើ​ដី​ស្រែ​ពួក​គាត់ និង​បាន​រឹប​អូស​យក​ពូជ​ស្រូវ​ពួក​គាត់​ថែម​ទៀត។ ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​នេះ​បន្ត​ថា ដី​ស្រែ​នោះ គឺ​ពួក​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​តាំង​ពី​ឆ្នាំ​១៩៩៣ តែ​បែរ​ជា​នៅ​ឆ្នាំ​២០១៧ គឺ​អាជ្ញាធរ​វៀតណាម បាន​ចូល​មក​ហាមឃាត់​ទៅ​វិញ។

អាជ្ញាធរ​ប្រដាប់​អាវុធ​វៀតណាម ប្រមាណ ២០​នាក់ បាន​ចូល​មក​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​តែងម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង មិន​ឲ្យ​បន្ត​សាបព្រោះ​ស្រូវ​លើ​ដី​ស្រែ​ពួក​គាត់ ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​នេះ​អះអាង​ថា ដី​ស្រែ​នោះ គឺ​កាន់​កាប់​មុន​ឆ្នាំ​១៩៩៣ និង​ចាប់​ផ្ដើម​បង្កបង្កើនផល​លើ​ដី​ស្រែ​នេះ​ចាប់​ពី​ឆ្នាំ​១៩៩៣ មក។

ពលរដ្ឋ​ម្ចាស់​ដី​ស្ថិត​ក្នុង​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា លោកស្រី កែវ សានា អះអាង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ មករា ថា នៅ​ឆ្នាំ​២០០៩ ភាគី​ខ្មែរ-វៀតណាម បាន​សម្រេច​បោះ​បង្គោល​លេខ​១៩៨ ហើយ​បង្គោល​នេះ គឺ​ចូល​ដី​ស្រែ​លោកស្រី​ប្រហែល ២០​ម៉ែត្រ តែ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា ពលរដ្ឋ​ទាំង​សង​ខាង គឺ​អាច​បន្ត​ធ្វើ​ស្រែ​បាន​ដូច​ដើម​តាម​ទម្លាប់ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៧ គឺ​អាជ្ញាធរ​វៀតណាម ប្រដាប់​ដោយ​អាវុធ បែរ​ជា​ចូល​មក​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ទៅ​វិញ ស្រប​ពេល​លោកស្រី​បាន​ភ្ជួរ​រាស់ និង​សាបព្រោះ​បាន​ជាង ៦០​ភាគរយ​ទៅ​ហើយ​ក្ដី៖ «ថ្វីត្បិត​គេ​បោះ​បង្គោល​ចូល​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​រហូត តែ​ឥឡូវ​លែង​ឲ្យ​ធ្វើ​ហើយ ថែម​ទាំង​ប្រុង​វាយ​កូន​ស្រី​ខ្ញុំ​ទៀត»។

ម្ចាស់​ដី​ស្រែ​រូប​នេះ​បញ្ជាក់​ថា ដី​ស្រែ​ទាំង ៣​ហិកតារ​របស់​លោកស្រី គឺ​មាន​ប្លង់​ដី​ត្រឹមត្រូវ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​សាលា​ស្រុក​ចន្ទ្រា។

បន្ទាប់​ពី​ឃើញ​អាជ្ញាធរ​វៀតណាម បាន​ចូល​មក​ហាមឃាត់​ពលរដ្ឋ​ខ្លួន​បែប​នេះ ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ដី​អះអាង​ថា អាជ្ញាធរ​យាម​ព្រំដែន​ខ្មែរ​ក៏​បាន​ទៅ​ចរចា​ជាមួយ​អាជ្ញាធរ​វៀតណាម ដែរ និង​ក្រោយ​ពី​ការ​ចរចា​គ្នា គឺ​អាជ្ញាធរ​វៀតណាម ស្នើ​ឲ្យ​ផ្អាក​មួយ​រយៈពេល​សិន និង​រង់ចាំ​ការ​បោះឆ្នោត​ជាតិ​ចប់​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។


ប្ដី​លោកស្រី កែវ សានា ដែល​ជា​មន្ត្រី​រាជការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា វា​គឺ​ជា​រឿង​គួរ​ឲ្យ​ឆ្ងល់ ស្រប​ពេល​ដី​ស្រែ​ពួក​គាត់​នៅ​ជាប់​បង្គោល​ព្រំដែន​លេខ​១៩៨ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​តាម​ទម្លាប់ តែ​បែរ​ជា​អាជ្ញាធរ​វៀតណាម ចូល​មក​ហាមឃាត់​ទៅ​វិញ ផ្ទុយ​ស្រឡះ​ពី​ពលរដ្ឋ​វៀតណាម ដែល​មាន​ដី​ស្រែ​ជាប់​ព្រំដែន​ដែរ គេ​អាច​ធ្វើ​ស្រែ​តាម​ទម្លាប់​ធម្មតា និង​មិន​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ខ្មែរ ឬ​វៀតណាម ឡើយ។ លោក​បន្ត​ថា ថ្វីត្បិតតែ​មាន​ការ​ស្នើសុំ​ផ្អាក​ពី​អាជ្ញាធរ​ព្រំដែន​វៀតណាម បែប​នេះ​ក្ដី ក៏​លោក​នឹង​បន្ត​ធ្វើ​ស្រែ​លើ​ដី​នោះ​ដដែល៖ «ដី​ហ្នឹង​គឺ​មាន ៣​ហិកតារ ហើយ​បើ​ទោះ​ជា​វៀតណាម ហាម​មិន​ឲ្យ​ធ្វើ​ក្ដី ក៏​គ្រួសារ​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ ព្រោះ​ជា​ដី​ខ្ញុំ​គ្រប់គ្រង​យូរ​ឆ្នាំ​ហើយ»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​ប្រាប់​អាស៊ីសេរី​ថា តាម​គោលការណ៍ គឺ​មិន​ត្រូវ​ហាមឃាត់​ពលរដ្ឋ​ដែល​មាន​ទម្លាប់​ធ្វើ​ស្រែ​តាំង​ពី​ដើម​មក​ឡើយ។ ជាមួយ​គ្នា​នោះ លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ក្រុម​ការងារ​នៅ​ខេត្ត​ស្វាយរៀង នៅ​ឡើយ​ទេ»។

លោក វ៉ា គឹមហុង បន្ថែម​ថា លោក​នឹង​ឲ្យ​មន្ត្រី​ព្រំដែន​ចុះ​ទៅ​មើល​អំពី​មូលហេតុ​ដែល​វៀតណាម ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើ​ស្រែ​បែប​នេះ។

ជាមួយ​គ្នា​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ខ្មែរ-វៀតណាម នៅ​ស្រុក​ចន្ទ្រា លោក គឹម សុខ បញ្ជាក់​ថា ប្រទេស​វៀតណាម តែងតែ​រៀបចំ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​យ៉ាង​ណា​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​បន្តិច​ម្ដងៗ​នៅ​តាម​តំបន់​ព្រំដែន៖ «បោះ​បង្គោល​តម្រុយ​ចូល ជីក​ស្រះ​ចូល កសាង​អគារ​ចូល និង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត ហើយ​គ្មាន​ប្រតិកម្ម​ខ្លាំងក្លា​ទេ គេ​យក​តែ​ម្ដង និង​ឈប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ធ្វើ​ស្រែ​លើ​ដី​គាត់​តែ​ម្ដង»។

លោក គឹម សុខ បន្ត​ថា ដើម្បី​ការពារ​ដី​ស្រែ​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កុំ​ឲ្យ​បាត់បង់​ទៅ​ប្រទេស​វៀតណាម ត​ទៅ​ទៀត គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​មាន​ស្មារតី​ពិត​ប្រាកដ ដើម្បី​អនុវត្ត​ទៅ​តាម​ផែនទី ហើយ​ក្នុង​ករណី​ខ្លះ រដ្ឋាភិបាល​ក៏​អាច​ពឹង​បរទេស​ឲ្យ​មក​សង្កេត​នៅ​តាម​ព្រំដែន​ក៏​ថា​បាន៕

No comments:

Post a Comment