ក្រុមយុវជន និងសហគមន៍ចុះពិនិត្យស្ថានភាពព្រៃឡង់ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ Photo Provided |
បណ្ដាញសហគមន៍ព្រៃឡង់ គ្រោងនឹងប្រារព្ធពិធីរំលឹកគុណព្រៃឡង់ និងបំបួសព្រៃនៅខែកុម្ភៈ ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់បណ្ដាញព្រៃឡង់ ផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា អោយដឹងថា សហគមន៍ព្រៃឡង់ ក្នុងខេត្តចំនួន៤ មានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ នឹងជួបប្រជុំគ្នានៅកណ្ដាលព្រៃឡង់ ត្រង់ចំណុចវាលម្រេច ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ដើម្បីប្រារព្ធពិធីបុណ្យរួមគ្នា។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ អ្នកស្រី ភោគ ហុង មានប្រសាសន៍ថា សហគមន៍បានធ្វើពិធីបែបនេះម្ដងរួមមកហើយ ប៉ុន្តែពុំមានទ្រង់ទ្រាយធំដូចគម្រោងនៅលើកនេះទេ។ អ្នកស្រីបន្តថា ការប្រារព្ធពិធីនេះមានការឧទ្ទិសរំឭកគុណព្រៃតាមទំនៀមទម្លាប់របស់សហគមន៍ ការបំបួសឈើធំៗ និងការល្បាតព្រៃ។ អ្នកស្រីអំពាវនាវអោយសាធារណជន និងអ្នកពាក់ព័ន្ធចូលរួមពិធីនេះ៖ «»។
អ្នកស្រី ភោគ ហុង មានប្រសាសន៍ថា មកដល់ពេលនេះ បទល្មើសនៅក្នុងព្រៃឡង់ បានថយចុះខ្លះ ប៉ុន្តែនៅតែជាបញ្ហាគួរអោយព្រួយបារម្ភនៅឡើយ។ អ្នកស្រីថា អ្នកលួចកាប់បំផ្លាញព្រៃឈើដែលភាគច្រើនជាជនចំណាកស្រុកនៅតែអាចដឹកឈើចេញពីព្រៃបានដដែល។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់បណ្ដាញសហគមន៍ព្រៃឡង់ អោយដឹងថា គោលបំណងនៃពិធីនេះ គឺជាការបួងសួងសុំអោយព្រៃឡង់ គង់វង្ស ដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងពាក់នឹងព្រៃឈើ ផ្សព្វផ្សាយពីការសម្រេចដាក់ជាព្រៃការពារដែនជម្រកសត្វព្រៃ និងបង្ហាញសក្ដានុពលព្រៃឡង់ ជំរុញសាធារណជនអោយចូលរួមការពារព្រៃឡង់៕
No comments:
Post a Comment