ប្រជាពលរដ្ឋហែសពលោក កែម ឡី ចេញពីកន្លែងកើតហេតុនៅស្តុបបូកគោ ឆ្ពោះទៅវត្តពោធិយារាម ហៅវត្តចាស់ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ RFA/Yang Chandara
|
មេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើរ (Richard Rogers) ដែលបានដាក់បណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីចុងឆ្នាំ២០១៦ កន្លងទៅ បានបញ្ចូលករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទៅក្នុងបណ្ដឹងនៅតុលាការអន្តរជាតិនេះ។ លោកអះអាងថា ការធ្វើឃាតលោកបណ្ឌិត កែម ឡី គឺធ្វើឡើងដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន មានចេតនាធ្វើទុក្ខបុកម្នេញ និងបំបិទមាត់អ្នករិះគន់ និងតវ៉ាប្រឆាំងរដ្ឋាភិបាល។
លោកប្ដឹងឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការស៊ើបអង្កេតករណីនេះ ដោយលោកចាត់ទុកថា ការធ្វើឃាតលោកបណ្ឌិត កែម ឡី ជាផ្នែកមួយនៃការវាយប្រហារបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីរដ្ឋាភិបាលលោក ហ៊ុន សែន អាចបន្តក្រាញអំណាចតទៅទៀត។ ម្យ៉ាងទៀតលោកសង្ឃឹមថា មានតែតុលាការអន្តរជាតិទេ ដែលអាចរកយុត្តិធម៌ជូនគ្រួសារលោកបណ្ឌិត កែម ឡី ដ្បិតតុលាការកម្ពុជា ជាតុលាការលម្អៀង និងគ្មានយុត្តិធម៌។
មេធាវី លោក រីឆាត រ៉ូជើរ៖ «អ្វីដែលយើងសង្ស័យខ្លាំងបំផុតនោះ គឺគ្មាននរណាក្រៅពីក្រុមអ្នកអំណាចក្នុងជួររដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនោះទេ ដែលជាអ្នកបញ្ជាឲ្យឃាតកធ្វើឃាតលោក កែម ឡី ដោយសារលោក កែម ឡី ជាឆ្អឹងទទឹងករបស់ពួកគេទាំងនោះ។ លោក កែម ឡី ជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់មហាជនខ្មែរ។ គាត់ហ៊ានក្រោកតតាំងរដ្ឋាភិបាល។ គាត់ហ៊ាននិយាយរិះគន់ចំៗ លើរបាយការណ៍អង្គការ Global Witness ដែលបកអាក្រាតអំពីអំពើពុករលួយដែលប្រព្រឹត្តិឡើងដោយក្រុមគ្រួសារត្រកូលហ៊ុន។ នេះហើយជាហេតុផលដែលគេសម្លាប់គាត់បំបិទមាត់»។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ បានប្រកាសបិទបញ្ចប់ការស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយគ្មានតម្រុយណាថ្មីក្រៅពីចាប់បានជនម្នាក់ឈ្មោះ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិតថា អឿត អាង តែប៉ុណ្ណោះ។ សាធារណជនទូទៅជឿថា ច្បាស់ជាមានអ្នកមានអំណាចនៅពីក្រោយឃាតកម្មនេះ។
កាលពីឆ្នាំ២០១៤ លោក រីឆាត រ៉ូជើរ បានដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន និងមន្ត្រីបក្សកាន់អំណាច រួមទាំងមន្ត្រីធំៗក្នុងជួរកងទ័ព ទី១ គឺពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរឹបអូសដីធ្លីពីប្រជាពលរដ្ឋ និងទី២ គឺពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ៕
No comments:
Post a Comment