ទំនាស់ដីធ្លីរវាងជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅឃុំម្លូព្រៃ២ ស្រុកឆែប ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន កំពុងឡើងកម្ដៅខ្លាំងឡើងៗ នៅពេលដែលអាជ្ញាធរខេត្តព្រះវិហារ ព្រងើយកន្តើយមិនចេញមុខដោះស្រាយ និងធ្វើឲ្យក្រុមហ៊ុនចិន កាន់តែមានឱកាសប្រើគ្រឿងចក្រឈូសឆាយរំលោភស្រែ និងព្រៃឈើកាន់តែធំទៅៗនោះ។
ទំនាស់ដីធ្លីនេះ បានកើតមានរយៈពេលជាង ៣ឆ្នាំមកហើយ ដោយក្រុមជនជាតិដើមភាគតិច និងអ្នកភូមិខ្លះទៀតគ្មានវិធីអ្វីការពារដីស្រែ ក្រៅតែពីលើកគ្នាទៅដេកចាំនៅក្នុងព្រៃ ដើម្បីរារាំងការឈូសឆាយនោះ។
ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ នៃស្រុកត្បែងមានជ័យ ប្រមាណ ៤០នាក់ នៅតែដាក់វេនគ្នាទៅដេកក្នុងព្រៃដើរល្បាតការពារដីស្រែ កុំឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ប្រើគ្រឿងចក្រឈូសឆាយរំលោភយកទៅធ្វើជាចម្ការអំពៅ។
ពួកគេបានប្រមូលផ្ដុំគ្នាទៅបោះជំរំដេកក្នុងព្រៃការពារដីស្រែ ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី៨ ខែមករា គឺមានរយៈពេល ៨ថ្ងៃហើយ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ គឺលោកស្រី ទេព ទឹម។ លោកស្រីមានប្រសាសន៍នៅកន្លែងបោះជំរំនៅក្រោយពេលពិសាបាយថ្ងៃត្រង់រួចថា រូបគាត់ និងអ្នកភូមិជាច្រើននាក់ទៀតដែលខំទៅដេកក្នុងព្រៃ គឺបំណងទាមទារ និងរារាំងកុំឲ្យក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង (Lan Feng) ឈូសរំលោភយកដីស្រែចម្ការ និងដីប្រពៃណីរបស់ជនជាតិដើមភាគតិច។ លោកស្រីបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមករា មក គឺក្រុមហ៊ុនចិន បានឈូសរំលោភលើដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនកន្លែង ដូចជានៅអូរពពាំ អូរប៉ង និងនៅតំបន់អូរប៉េះ ជាដើម៖ «ព្រួយបារម្ភថាបើពួកខ្ញុំមិនមកថែដីស្រែ មកដេញចិន មិនឲ្យឈូសទេ គឺគេយកដីអស់។ គេថាប៉ុណ្ណឹងមិនទាន់គ្រប់ទំហំដីសម្បទានផង។ ថ្ងៃហ្នឹងដេញកម្មករ ដេញមេការចិន រហូតដល់អគ្គនាយកចិន មកជួប»។
បើទោះបីជានៅក្រោមកម្ដៅថ្ងៃខែប្រាំងដ៏ក្ដៅហែង ពិបាកទ្រាំ ព្រមទាំងគ្មានទឹកស្អាតប្រើប្រាស់សម្រាប់ការស្នាក់នៅក្នុងព្រៃក៏ដោយ ក៏ជនជាតិដើមភាគតិចកួយ ទាំងនោះហាក់មានឆន្ទៈមោះមុត ដោយគេតែងនាំគ្នាដើរ និងជិះគោយន្តល្បាតម្ដងទៅណេះ ម្ដងទៅណោះ ដើម្បីរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិន មិនឲ្យឈូសរំលោភយកដីស្រែបានទេ។
បុរសជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ លោក សុខ រៀង បានចោទប្រកាន់អាជ្ញាធរស្រុកត្បែងមានជ័យ និងអាជ្ញាធរខេត្តព្រះវិហារ ថាពុំបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលជនជាតិដើមភាគតិចរបស់គាត់កំពុងតែប្រឈមមុខនឹងការបាត់បង់ដីស្រែទាំងស្រុងនោះទេ។ លោកមានប្រសាសន៍ទៀតថា ក្រុមជនជាតិដើមភាគតិចដែលរស់នៅបាន គឺទីពឹងតែលើដីស្រែ និងចូលព្រៃដើម្បីរកអនុផលព្រៃឈើប៉ុណ្ណោះ៖ «ខ្ញុំស្ដាប់សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដឹងថា គឺបំបាត់ភាពក្រីក្រជូនប្រជាពលរដ្ឋ។ ប៉ុន្តែបំបាត់ភាពក្រីក្រយ៉ាងម៉េចកើត បើបំផ្លាញមុខរបររបស់រាស្ត្រចោលដូច្នេះ?»។
មិនមែនតែក្រុមជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ប៉ុណ្ណោះទេដែលប្រមូលគ្នាទៅបោះជំរំដេកក្នុងព្រៃ ដើម្បីរារាំងកុំឲ្យក្រុមហ៊ុនចិន ឡានហ្វេង (Lan Feng) ឈូសរំលោភយកដីស្រែនោះ គឺនៅឯឃុំម្លូព្រៃ២ នៃស្រុកឆែប ក៏មានប្រជាពលរដ្ឋប្រមាណ ៦០នាក់កំពុងប្រមូលគ្នាទៅបោះជំរំដេកក្នុងព្រៃ ដើម្បីរារាំងក្រុមហ៊ុនចិន រួយហ្វេង (Ruy Feng) កុំឲ្យឈូសរំលោភយកដីស្រែចម្ការរបស់គេដែរ។
បុរសជនជាតិដើមភាគតិចកួយ ម្នាក់ទៀត លោក ថោង ស៊ុត មានប្រសាសន៍ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន មិនត្រឹមតែឈូសរំលំដើមច្បោះជ័រទឹកប៉ុណ្ណោះទេ សូម្បីតែត្រពាំង បឹង អូរ ក៏ឈូសលុបគ្មានសល់ ហើយទីបំផុត គឺឈានមកយកដីស្រែទៀត។ តើឲ្យកសិករដូចរូបលោកទីពឹងលើអ្វី?
បុរសដដែលបញ្ជាក់ថា អាជ្ញាធរស្រុក និងខេត្តព្រះវិហារ មិនយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុនរំលោភយកដីស្រែរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែបើប្រជាពលរដ្ឋលើកគ្នាតវ៉ាវិញ គេបែរជាចោទប្រកាន់ថា សុទ្ធតែអ្នកប្រឆាំង៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលចុះមកមើលជាក់ស្ដែង កុំឲ្យជឿមន្ត្រីថ្នាក់មូលដ្ឋានរាយការណ៍ និងបង្ហោះតាមហ្វេសប៊ុក (Facebook) ខុសពីការពិតពេក»។
សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ព្រមានថា ប្រសិនបើគ្មានអាជ្ញាធរខេត្តព្រះវិហារ ឬក៏មន្ត្រីរដ្ឋាភិបាលណាចុះទៅដោះស្រាយបញ្ហាឲ្យក្រុមហ៊ុនចិន បញ្ឈប់ការឈូសឆាយយកដីស្រែរបស់គេទេ គឺពួកគេនៅតែបន្តដេកក្នុងព្រៃ និងតវ៉ារហូតដល់ខែចុះធ្វើស្រែវិញ។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី ដើម្បីសុំការអធិប្បាយរឿងដែលជនជាតិដើមភាគតិច ទៅដេកតវ៉ានោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី៨ ខែមករា ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ចំណែកប្រធានអង្គការពន្លកខ្មែរ ដែលធ្វើការងារជួយជ្រោមជ្រែងដល់សហគមន៍ជនជាតិដើមភាគតិច លោក អាង ជាតិឡោម សម្ដែងកង្វល់ថា ប្រសិនបើបណ្ដោយឲ្យប្រជាពលរដ្ឋនៅតែលើកគ្នាទៅដេកតវ៉ាក្នុងព្រៃ ហើយកម្លាំងប្រដាប់អាវុធខ្លះចេះតែទៅគំរាមសម្លុតដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនចិន នោះ លោកព្រួយបារម្ភខ្លាចកើតមានអំពើហិង្សានៅពេលណាមួយ។ លោក អាង ជាតិឡោម បញ្ជាក់ថា ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ជាង ៥០០គ្រួសារ គឺទីពឹងតែលើព្រៃឈើ និងដីស្រែ ប្រសិនបើគ្មានដីស្រែក្នុងដំណាក់កាលចុងក្រោយនេះ គឺនឹងគ្មានអ្វីទីពឹងដើម្បីរស់ទៀតទេ៖ «អាចនឹងមានផ្ទុះអំពើហិង្សា ប្រសិនបើមិនមានដំណោះស្រាយទៅតាមសេចក្តីត្រូវការរបស់ជនជាតិភាគតិចនោះ។ ទាំងជនជាតិភាគតិច និងមិនមែនជនជាតិភាគតិចដែលរស់នៅតំបន់ព្រៃ គឺសុទ្ធតែទីពឹងលើព្រៃឈើ និងដីធ្លីនោះឯង»។
អង្គការពន្លកខ្មែរ ធ្លាប់សិក្សារកឃើញថា កាលពីព្រៃ និងដើមច្បោះជ័ររបស់ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ មិនទាន់ត្រូវបានក្រុមហ៊ុនចិន ឈូសឆាយធ្វើជាដីសម្បទានសេដ្ឋកិច្ច គឺប្រជាពលរដ្ឋតែងចូលទៅដកផ្សិតព្រៃ បេះបន្លែ បោចវល្លិ និងដងជ័រទឹកយកទៅលក់ជាដើម ដោយយ៉ាងហោចណាស់ក៏ប្រជាពលរដ្ឋ ១គ្រួសារ អាចរកប្រាក់ចំណូលបានពីជាង ៤លានរៀល ស្មើនឹង ១.០០០ដុល្លារអាមេរិកដែរ បន្ថែមពីលើការងារធ្វើស្រែចម្ការក្នុងមួយឆ្នាំៗ។
ប្រសិនបើរដ្ឋាភិបាលបណ្ដោយឲ្យក្រុមហ៊ុនចិន ឈូសឆាយដីព្រៃ និងដីស្រែរបស់អ្នកភូមិទាំងនោះទៅធ្វើជាដីសម្បទានសេដ្ឋកិច្ចអស់ គឺវាមិនត្រឹមតែធ្វើឲ្យបាត់បង់មុខរបររបស់អ្នកភូមិប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យកុមារជាច្រើនត្រូវបោះបង់ចោលសាលារៀន វប្បធម៌ជនជាតិដើមភាគតិចកួយ ដែលនៅសេសសល់តិចតួច នឹងបាត់បង់ទាំងស្រុង ហើយនឹងបង្កើតឲ្យមានការចំណាកស្រុកកាន់តែច្រើនឡើងៗនៅពេលខាងមុខ៕
No comments:
Post a Comment